ធនាគារពិភពលោក ពិនិត្យ​គម្រោង​ស្តារឡើងវិញ ដែល​ខូចខាត ដោយ​ព្យុះ​កេ​ត​សា​ណា

ភ្នំពេញ ៧ តុលា ២០១៤៖ ធនាគារពិភពលោក បានពិនិត្យគម្រោងស្តារឡើងវិញ ដែលខូចខាត ដោយព្យុះកេតសាណា នៅកម្ពុជា នាពេលកន្លងមក ដែលគម្រោងនេះ មានថវិកាសរុប ៤០ លានដុល្លារ សម្រាប់សាងសង់ផ្លូវ អណ្តូងទឹក និងបង្គន់អនាម័យ នៅខេត្តគោលដៅចំនួន ៦ ក្នុងប្រទេសកម្ពុជា។

ភ្នំពេញ ៧ តុលា ២០១៤៖ ធនាគារពិភពលោក បានពិនិត្យគម្រោងស្តារឡើងវិញ ដែលខូចខាត ដោយព្យុះកេតសាណា នៅកម្ពុជា នាពេលកន្លងមក ដែលគម្រោងនេះ មានថវិកាសរុប ៤០ លានដុល្លារ សម្រាប់សាងសង់ផ្លូវ អណ្តូងទឹក និងបង្គន់អនាម័យ នៅខេត្តគោលដៅចំនួន ៦ ក្នុងប្រទេសកម្ពុជា។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សា ស្តីពីការងារនេះ ជាមួយក្រុមបេសកកម្មត្រួតពិនិត្យ គម្រោងស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាត ដោយព្យុះកេតសាណា (KERRP) របស់ធនាគារពិភពលោក ដែលដឹកនាំដោយលោក Lixin Gu ជំនាញការជាន់ខ្ពស់ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងជាប្រធានក្រុមបេសកកម្ម។ ជំនួបនោះ បានធ្វើឡើង នៅរសៀលថ្ងៃច័ន្ទ ទី៦ ខែតុលា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមគេហទំព័រ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា លោករដ្ឋមន្ត្រី ជា សុផារ៉ា បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ជូនចំពោះលោក Lixin Gu ជំនាញការជាន់ខ្ពស់ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងក្រុមបេសកកម្ម ធនាគារពិភពលោក។ ទាក់ទងនឹងគម្រោង KERRP លោករដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវថា គម្រោងកសាងផ្លូវ អណ្តូងស្នប់ និងបង្គន់ ពិតជាបានផ្លាស់ប្តូរទម្លាប់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយប្រជាជន បានបង្ហាញនូវការពេញចិត្ត និងការសប្បាយរីករាយ ចំពោះសមិទ្ធផលទាំងនោះ ដែលបានកសាងឡើង ប្រកបដោយគុណភាពល្អ ។

នៅក្នុងឱកាសនោះ លោក Lixin Gu បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការល្អ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយធនាគារពិភពលោក ក្នុងការអនុវត្តគម្រោងនេះ ហើយលោកបានបញ្ជាក់ថា ភាពជោគជ័យ ក្នុងការអនុវត្តគម្រោងនេះ គឺជាមោទនភាពថ្មីមួយទៀត របស់ធនាគារពិភពលោក ហើយក៏ជាមូលដ្ឋានរឹងមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ទៅអនាគត។

នៅក្នុងឱកាសនោះដែរ លោក Lixin Gu ក៏បានសម្តែងនូវការសប្បាយរីករាយ និងកោត សរសើរ ដល់មន្ត្រីគម្រោងទាំងអស់ ជាពិសេសលោករដ្ឋមន្ត្រីផ្ទាល់ ដែលបានខិតខំដឹកនាំ ការអនុវត្តគម្រោង ឲ្យទទួលបានលទ្ធផលល្អប្រសើរ ហើយឈានទៅបញ្ចប់ បានទាន់ពេលវេលា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណ និងសេចក្តីសប្បាយរីករាយ ដែលធនាគារពិភពលោក បានគាំទ្រក្រសួង ព្រមទាំងបញ្ជាក់ថា ភាពជោគជ័យនេះ គឺមិនត្រឹមតែ ជាភាពជោគជ័យរបស់ក្រសួង និងធនាគារពិភពលោកនោះទេ តែជាភាពជោគជ័យ របស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជាទាំងមូល នៅក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និងកាត់បន្ថយបាន នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅតាមជនបទ ។

សូមបញ្ជាក់ថា គម្រោងស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយ ព្យុះកេតសាណា មានថវិកាសរុប ៤០ លានដុល្លារ សម្រាប់សាងសង់ផ្លូវ អណ្តូងទឹក និងបង្គន់ អនាម័យ នៅខេត្តគោលដៅចំនួន ៦ គឺ ខេត្តកំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ចាម ដែលបានកសាងផ្លូវជនបទ សរុបបានប្រវែង ៥៥៦,៤៣៧ គីឡូម៉ែត្រ ក្នុងនោះ មានក្រាលកៅស៊ូមួយជាន់ ការពារដីហុយ (SBST) ប្រវែង ២៩២,១៧ គីឡូម៉ែត្រ ផ្លូវបេតុង ៣,១ គីឡូម៉ែត្រ និងសំណង់សិល្បការជាច្រើន ដូចជាស្ពាន ៦ កន្លែង លូប្រអប់ ៧៣ កន្លែង លូមូល ៣២៩ កន្លែង។ លើសពីនេះ គម្រោងក៏បានផ្តល់នូវអណ្តូងទឹកស្អាតចំនួន ១.២២០ និងបង្គន់អនាម័យចំនួន ១៨.៤៦៥ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤៕V/S

 

ដកស្រង់ចេញពីគេហទំព័រ CEN (7-10-2014)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់