ធនាគារពិភពលោក ព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅក្នុង​ឆ្នាំ ២០១៤-២០១៥

ភ្នំពេញ ៦ តុលា ២០១៤៖ ធនាគារពិភពលោក បានព្យាករណ៍ចំពោះ កំណើនសេដ្ឋកិច្ចកម្ពុជាថា នឹងកើនឡើងដល់ ៧,២ ភាគរយ នៅក្នុងឆ្នាំ២០១៤ និង ៧,៥ ភាគរយ នៅក្នុងឆ្នាំ២០១៥។ នេះបើតាមការផ្សព្វផ្សាយ របាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក…

ភ្នំពេញ ៦ តុលា ២០១៤៖ ធនាគារពិភពលោក បានព្យាករណ៍ចំពោះ កំណើនសេដ្ឋកិច្ចកម្ពុជាថា នឹងកើនឡើងដល់ ៧,២ ភាគរយ នៅក្នុងឆ្នាំ២០១៤ និង ៧,៥ ភាគរយ នៅក្នុងឆ្នាំ២០១៥។ នេះបើតាមការផ្សព្វផ្សាយ របាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ នៅធនាគារពិភពលោក។

ធនាគារពិភពលោក ប្រចាំនៅកម្ពុជា បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា មានលំនឹងល្អ ទោះបីជាមានភាព មិនប្រាកដប្រជា នៅក្នុងស្រុក និងអស្ថេរភាព នៅក្នុងបណ្តាប្រទេស ជិតខាងខ្លួនក្តី។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៧,២ ភាគរយ នៅក្នុងឆ្នាំ២០១៤ និង៧,៥ ភាគរយ នៅក្នុងឆ្នាំ២០១៥។
វិស័យកាត់ដេរ នៅតែជាក្បាលម៉ាស៊ីន ដ៏សំខាន់មួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបន្ទាប់មក គឺមានវិស័យសំណង់។ អត្រានៃភាពក្រីក្រ បានបន្តធ្លាក់ចុះដល់ ១៨,៦ ភាគរយ នៅក្នុងឆ្នាំ២០១២ ក៏ប៉ុន្តែល្បឿននៃការកាត់ បន្ថយភាពក្រីក្រ បានថយចុះ ក្នុងចន្លោះពីឆ្នាំ២០០៤ ដល់២០១១ នៅពេលដែលតម្លៃអង្ករ ដែលបានកើនឡើង កាន់តែខ្ពស់ បានធ្វើឲ្យប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ច។
វិស័យធនាគារ មានស្ថេរភាព ដោយសារវិនិយោគទុនផ្ទាល់ ពីបរទេស និងប្រាក់បញ្ញើរបស់វិស័យឯកជន មានការកើនឡើងខ្ពស់។ ក៏ប៉ុន្តែកំណើននេះ អាចនឹងជួបហានិភ័យ ប្រសិនបើកម្ពុជា ជួបនូវវិបត្តិការងារ ទឹកជំនន់ ការបន្តធ្លាក់ចុះនៃតម្លៃស្រូវ និងអសន្តិសុខខាងនយោបាយ នៅក្នុងតំបន់ ដែលអាចនឹងកើតមានឡើង។

លោក អាឡាសាន សូ ប្រធានគ្រប់គ្រង ធនាគារពិភពលោក បានមានប្រសាសន៍ថា កម្ពុជាកំពុងតែរីករាយ ក្នុងការទទួលបាន នូវកំណើនសេដ្ឋកិច្ចល្អ សម្រាប់រយៈពេលមួយឆ្នាំទៀត ដោយសារស្ថានភាព សេដ្ឋកិច្ចសាកលលោក ដែលបានវិលត្រឡប់ មកភាពល្អប្រសើរវិញ។ កំណើនដ៏រឹងមាំនេះ នឹងជួយកម្ពុជា ឲ្យសម្រេចបានគោលដៅ របស់ខ្លួន ក្នុងការបន្តកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់វិបុលភាពជារួម។

លោក អេនរិច អាល់ដាហ្ស ការ៉ូល សេដ្ឋកិច្ចវិទូជាន់ខ្ពស់ ប្រចាំប្រទេស បានមានប្រសាសន៍ថា កម្ពុជាបានចូលរួមក្នុង ក្រុមបណ្តាប្រទេស ដែលមានកំណើនខ្ពស់។ ជាមួយនឹងការទទួលបាន កំណើនជាមធ្យម ប្រចាំឆ្នាំ ៧,៧ ភាគរយ សម្រាប់រយៈពេលពីរទសវត្សរ៍ ក្នុងពេលនេះ បច្ចុប្បន្ន កម្ពុជាគឺជាប្រទេសទី៦ ដែលមានកំណើនលឿន ជាងគេបំផុត នៅក្នុងពិភពលោក ចាប់តាំងពីឆ្នាំ១៩៩៣ ដល់២០១៣។ អត្រាកំណើន ដែលកាន់តែទាបជាងមុន ចាប់តាំងពីមានវិបត្តិ ហិរញ្ញវត្ថុសាកលលោកមក បានប៉ាន់ប្រមាណថា កម្ពុជាកំពុងសម្លឹង រកមើលវិធីផ្សេងៗ ដើម្បីបន្តគាំទ្រ ដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដើម្បីជួយសម្រេច គោលបំណងរបស់ខ្លួន។

របាយការណ៍នេះ បានឲ្យដឹងថា បញ្ហាប្រឈមដែលសំខាន់ គឺត្រូវធ្វើយ៉ាងណា ដើម្បីជំរុញវិស័យកសិកម្ម ទេសចរណ៍ និងផលិតកម្ម។ វិធានការនានា ដូចជា ការបង្កើតវិនិយោគទុនសាធារណៈ លើសេវាកម្មផ្តល់ យោបល់ផ្នែកកសិកម្ម ការបណ្តុះគ្រាប់ពូជ និងហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ អាចបង្កើនផលិតភាពនៃ វិស័យកសិកម្មបាន។ ក្រុមហ៊ុននានា អាចទទួលបានអត្ថប្រយោជន៍ ពីការលុបបំបាត់ចោល នូវកត្តារារាំងសំខាន់ៗនានា ដូចជា តម្លៃអគ្គិសនីខ្ពស់ និងប្រព័ន្ធដែលគ្មាន លក្ខណៈប្រកួតប្រជែង៕V/L

 

ដកស្រង់ចេញពីគេហទំព័រ CEN ថ្ងៃទី៦ តុលា ២០១៤

http://tinyurl.com/m85rn8t

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់