ការ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ស្ថានភាព​ជន​ពិការ​នៅ​កម្ពុជា និង​ការ​ដាក់បញ្ចូល​បញ្ហា​ពិការភាព​នៅ​ក្នុងការ​អភិវឌ្ឍ​រាជធានី ខេត្ត

ភ្នំពេញ ២៦ សីហា ២០១៤៖ ដើម្បីលើកកម្ពស់ការយល់ដឹងពីស្ថានភាពជនពិការនៅកម្ពុជា និងដាក់បញ្ចូលបញ្ហាពិការភាពក្នុងការអភិវឌ្ឍនៅរាជធានី ខេត្ត ក្រសួងមហាផ្ទៃ ដោយមានជំនួយ ឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការដាក់បញ្ចូលបញ្ហា ពិការភាពនៅក្នុងការអភិវឌ្ឍរាជធានី ខេត្ត ដល់ថ្នាក់ដឹកនាំខេត្តគោលដៅ។

 

ភ្នំពេញ ២៦ សីហា ២០១៤៖ ដើម្បីលើកកម្ពស់ការយល់ដឹងពីស្ថានភាពជនពិការនៅកម្ពុជា និងដាក់បញ្ចូលបញ្ហាពិការភាពក្នុងការអភិវឌ្ឍនៅរាជធានី ខេត្ត ក្រសួងមហាផ្ទៃ ដោយមានជំនួយឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការដាក់បញ្ចូលបញ្ហាពិការភាពនៅក្នុង ការអភិវឌ្ឍរាជធានី ខេត្ត ដល់ថ្នាក់ដឹកនាំខេត្តគោលដៅ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះមានការចូលរួមជាអធិបតីពីឯកឧត្ដម លេង វី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត (គ.ក.ស.ក) តំណាងមន្ទីរពាក់ព័ន្ធ ដែលមកពីខេត្តចំនួន៦រួមមាន៖ ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ព្រៃវែង មណ្ឌលគិរី ពោធិ៍សាត់ និងមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍ អង្គទូត សង្គមស៊ីវិល និងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបចំនួន១១២នាក់ (ស្រី២៣នាក់)។


ក្នុងសុន្ទរកថាស្វាគមន៍បើកកម្មវិធី ឯកឧត្ដម លេង វី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងពី មូលហេតុចម្បងៗដែលនាំឱ្យមានពិការភាពនៅកម្ពុជា និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនពិការ និងកុមារពិការ។

ឯកឧត្ដម លេង វី បានមានប្រសាសន៍ថា ជនពិការ និងកុមារពិការត្រូវបានចាត់ទុកជាក្រុមជនដែលងាយរងគ្រោះ ដែលតម្រូវឱ្យមានគោលនយោបាយ ពិសេសដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់ពួកគាត់។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាពិការភាព ដោយបានដាក់បញ្ហានេះទៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងគម្រោងអភិវឌ្ឍន៍នានា  ជាពិសេសបានប្រកាសឱ្យ អនុវត្តផែនការយុទ្ធសាស្ត្រស្ដីពី ពិការភាពសម្រាប់ឆ្នាំ២០១៤-២០១៨ កាលពីពេលថ្មីៗនេះ។

ឯកឧត្ដមបានលើកឡើងបន្តទៀតថា ទន្ទឹមនេះការធ្វើឱ្យមានការផ្លាស់ប្ដូរឥរិយាបថ ការយល់ដឹង របស់សង្គមចំពោះជនពិការ កុមារពិការ ដោយទទួលស្គាល់សកម្មភាព និងសំឡេងរបស់ជនពិការ ជាការរួមចំណែកលើកកម្ពស់ដល់ការអភិវឌ្ឍសង្គម។ ចំពោះជនពិការក៏ត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជម្នះរាល់ឧបសគ្គ លើកកម្ពស់ស្មារតីភាពជាម្ចាស់ក្នុងការកសាងជីវភាពរបស់ខ្លួន។

ឯកឧត្ដម លេង វី បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គទូត ម្ចាស់ជំនួយ និងអង្គការសង្គមស៊ីវិល ត្រូវបន្តសហការគ្នាគាំទ្រដល់ជនពិការ កុមារពិការ ដោយទទួលស្គាល់សិទ្ធជនពិការ និងដាក់បញ្ចូលបញ្ហាពិការភាពទៅគ្រប់សកម្មភាពអភិវឌ្ឍន៍របស់រាជធានី ខេត្ត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់