សិក្ខាសាលា​ស្តីពី​ការ​ពង្រឹង​តួនាទី​ភារកិច្ច​ របស់​ក្រុមប្រឹក្សា​ ក្រុង​ ស្រុក​ និង​ការ​សម្របសម្រួល​

កណ្ដាល ២៤ វិច្ឆិកា ២០១៤៖ ដើម្បីផ្សព្វផ្សាយទិដ្ឋភាព ទូទៅស្ដីពីតួនាទីភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋបាលស្រុក និងការពិភាក្សាលើបញ្ហាប្រឈម នៅក្នុងការអនុវត្តមុខងារផ្ដល់នូវគោលការណ៍សំខាន់ៗនៃការរៀបចំ ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ…

 

កណ្ដាល ២៤ វិច្ឆិកា ២០១៤៖ ដើម្បីផ្សព្វផ្សាយទិដ្ឋភាពទូទៅស្ដីពីតួនាទីភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋបាលស្រុក និងការពិភាក្សាលើបញ្ហាប្រឈម នៅក្នុងការអនុវត្តមុខងារផ្ដល់នូវគោលការណ៍សំខាន់ៗនៃការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ និងបង្កើនការយល់ដឹងអំពីវិធីសាស្ត្រអ្នកសម្របសម្រួលល្អ ដល់ក្រុមប្រឹក្សាស្រុក សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្ដាលបានរៀបចំសិក្ខាសាលាមួយស្ដីពីការពង្រឹងតួនាទីភារកិច្ច របស់ក្រុមប្រឹក្សាក្រុង ស្រុក និងការសម្របសម្រួល នៅសាលាស្រុកស្អាង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤។

សិក្ខាសាលានេះមានការអញ្ជើញជាអធិបតីដោយលោក ខឹម ច័ន្ទគីរី អភិបាលស្រុកស្អាង និងលោក គង់ ឆេង ប្រធាន សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងមានការចូលរួមពី លោកស្រី ជាក្រុមប្រឹក្សាស្រុក មកពីស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ សរុបចំនួន៨៥នាក់។

លោក ខឹម ច័ន្ទគីរី អភិបាលស្រុកស្អាង និងលោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បានបញ្ជាក់ថា សិក្ខាសាលានេះ ជាលើកទី៣ហើយ ដែលសមាគមបានរៀបចំដល់ក្រុមប្រឹក្សា ក្រុង ស្រុក ទាំង១១ទូទាំងខេត្តកណ្តាល  កន្លងមកលើកទី១ធ្វើនៅសាលាស្រុកកៀនស្វាយ និងលើកទី២ធ្វើនៅសាលាស្រុកមុខកំពូល។

អង្គសិក្ខាសាលាបានធ្វើការបែងចែកក្រុមពិភាក្សា អំពីចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីធ្វើការកែលំអរបៀបរបបនៃការសម្របសម្រួលដើម្បីទទួលបានលទ្ធផលល្អ និងចែករំលែកនូវព័ត៌មានមេរៀនបទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមនានាពាក់ព័ន្ធ និងការបំពេញមុខងាររបស់ក្រុមក្រុមប្រឹក្សា។

ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានមានប្រសាសន៍ថាសមាគមបានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងតួនាទីភារកិច្ច របៀបរបបការងាររបស់ រដ្ឋបាល ស្រុក ដើម្បីជួយបន្ថែមនូវចំនុចខ្វះខាតនៅក្នុងការអនុវត្តមុខងាររបស់ក្រុមប្រឹក្សា។

សិក្ខាកាមទទួលបានចំណេះដឹង និងបទពិសោធន៍ជាច្រើនតាមរយៈកិច្ចពិភាក្សា ផ្លាស់ប្តូរមេរៀនបទពិសោធន៍ល្អៗព្រមទាំងធ្វើការឆ្លុះបញ្ចាំងពីតួនាទីភារកិច្ច នៅក្នុងក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាមួយនិងការអនុវត្តជាក់ស្ដែងអំពីភារកិច្ចដែលក្រុមប្រឹក្សាបានអនុវត្ត និងមិនទាន់បានអនុវត្តដើម្បីពិនិត្យកែលំអឲ្យមានភាពប្រសើរថែមទៀត។

ឯកឧត្ដមបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុយងកចិត្តទុកដាក់អនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែទូលំទូលាយថែមទៀតនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងតួនាទីភារកិច្ចរបៀបរបបការងារឲ្យមានប្រសិទ្ធភាពនៅក្នុងការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យមានតម្លាភាព គណនេយ្យភាព និងមានការចូលរួម។
ឯកឧត្ដមក៏បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាស្រុក ឃុំ សង្កាត់ ត្រូវផ្ដោតការយកចិត្តទុកដាក់ចំពោះភារកិច្ច របស់ខ្លួនមួយចំនួន ដូចជា កែលំអរបៀបរបបនៃកិច្ចប្រជុំក្រុមប្រឹក្សាឲ្យមានលក្ខណៈប្រជាធិបតេយ្យ ក្នុងការបញ្ចេញមតិ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងពង្រឹងគណនេយ្យភាពឲ្យកាន់តែល្អប្រសើរថែមទៀតទាំងគណនេយ្យភាពផ្ទៃក្នុង រដ្ឋបាលថ្នាក់ក្រោមជាតិ និងគណនេយ្យភាពជាមួយប្រជាពលរដ្ឋ។

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់