សិក្ខាសាលា​ផ្សព្វផ្សាយ​ឯកសារ​យុទ្ធសាស្រ្ត​គណនេយ្យភាព​សង្គម​ និង​ ពិគ្រោះយោបល់​ពីកិច្ច​ដំណើរ​ការ​អនុវត្ត​នៅថ្នា​ក់មូលដ្ឋាន​

កំពង់ធំ ២៩ កញ្ញា ២០១៤៖ ក្នុងគោលបំណងតម្រង់ទិស និងផ្សព្វផ្សាយឯកសារយុទ្ធសាស្រ្ត គណនេយ្យភាពសង្គម និងពិគ្រោះយោបល់ អំពីកិច្ចដំណើរការ នៃការអនុវត្តការងារ គណនេយ្យភាពសង្គម នៅថ្នាក់មូលដ្ឋាន…

កំពង់ធំ ២៩ កញ្ញា ២០១៤៖ ក្នុងគោលបំណងតម្រង់ទិស និងផ្សព្វផ្សាយឯកសារយុទ្ធសាស្រ្ត គណនេយ្យភាពសង្គម និងពិគ្រោះយោបល់ អំពីកិច្ចដំណើរការ នៃការអនុវត្តការងារគណនេយ្យភាពសង្គម នៅថ្នាក់មូលដ្ឋាន សាលាស្រុកកំពង់ស្វាយ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយឯកសារ ស្តីពីយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅមូលដ្ឋាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤។

សិក្ខាសាលានេះមានការអញ្ជើញជាអធិបតីភាពដោយ ឯកឧត្តម ជាម  ប៉េអា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងឯកឧត្តម សុខ លូ អភិបាលរង ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមប្រមាណជាង ៨០ នាក់ ក្នុងនោះរួមមាន គណៈអភិបាលស្រុក អង្គការទស្សនៈ ពិភពលោក ប្រធានគម្រោងទាំង១២ ប្រធានមណ្ឌលសុខភាពទាំង៧ មេឃុំ ស្មៀនឃុំ ជំទប់ឃុំ និងមេភូមិ ដោយបានការគាំទ្រទាំងថវិកា និងការសម្របសម្រួលដោយអង្គការទស្សនៈពិភពលោក។

ឯកឧត្តម ជាម ប៉េអា មានមតិចំណាប់អារម្មណ៍ និងណែនាំលើចំណុចមួយចំនួន ហើយក៏ដូចជាបានលើកឡើង អំពីមូលហេតុ និងប្រវត្តិ នៃការរៀបចំយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ដែលជា ផ្នែកមួយ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមទៀតថា៖ «សូមអោយអង្គសិក្ខាសាលាទាំងមូល មេត្តាចូលរូម ឲ្យបានពេញលេញ ក្នុងវគ្គតម្រង់ទិសអំពីគណនេយ្យភាពសង្គម ពីព្រោះថា នេះមិនមែនជាយុទ្ធសាស្រ្តថ្មី ដែលថ្នាក់ជាតិទើបតែបង្កើតនោះទេ តែវាគឺជាកិច្ចការ ដែលបានអនុវត្តជាយូរមកហើយ។ ម្យ៉ាងគឺជាគន្លឹះ ដែលអាចនាំអោយប្រទេសជាតិយើង ឈានឆ្ពោះទៅរកការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។ ហើយការអនុវត្តសព្វថ្ងៃនេះ គឺធ្វើឡើងអាស្រ័យភាពជាតំណាង ដោយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបានបោះឆ្នោតអសកលដោយក្រុមប្រឹក្សា ឃុំ សង្កាត់ ហើយក្រុមប្រឹក្សាឃុំ សង្កាត់ បានដើរតួជាតំណាងប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះហើយ ទើបយើងតែងតែលើកឡើងជាសំណួរទៅ កាន់សមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិថា តើយើងត្រូវមានគណនេយ្យភាពចំពោះអ្នកប្រើប្រាស់សេវា យ៉ាងដូចម្តេច? បានកម្រិតណា?»

 

ក្នុងនោះដែរ ឯកឧត្តម ក៏បានលើកឡើងបន្ថែមផងដែរអំពី សារៈប្រយោជន៍នៃការអនុវត្តសកម្មភាព នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពោរពេញដោយគណនេយ្យភាព គឺអាចជៀសវាងការរំលោភអំណាច ក៏ដូចជាដែនសមត្ថកិច្ចរបស់អ្នកដទៃ ប្រសិនបើយើងប្រកាន់ខ្ជាប់នូវគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យពេញលេញ។

ឯកឧត្តម សុខ លូ អភិបាលរងខេត្ត ក៏មានមតិចូលរួមសំណេះសំណាល និងបើកកិច្ចប្រជុំនូវខ្លឹមសារសំខាន់ៗមួយចំនួន៖ គោលបំណងនៃអង្គសិក្ខាសាលា គោលការណ៍ និងយុទ្ធសាស្រ្ត សំខាន់ៗនៃគណនេយ្យភាពសង្គម និង សារៈប្រយោជន៍ដែលនាំអោយមានការរៀបចំជាយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនេះឡើង។

ក្នុងនោះ ឯកឧត្តម ក៍បានលើកឡើង និងបានគូសបញ្ជាក់ផងដែរថា នេះជាជំហានដៃការផ្សារភ្ជាប់ទំនាក់រវាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវា ដែលជាយន្តការ នៃការបង្ខិតសេវាទៅជិតអ្នកប្រើប្រាស់ ឲ្យកាន់តែប្រសើរឡើង។

 

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានស្នើដល់សិក្ខាកាម សូមអោយផ្តោតការយកចិត្តទុកដាក់ សិក្សាស្វែងយល់ និងនីតិវិធីនៃការអនុវត្តយុទ្ធសាស្រ្តគណនេយ្យភាពសង្គម អោយទទួលបានលទ្ធផលល្អប្រសើរ និងឆ្លើយតបនូវតម្រូវការរបស់ ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

 

ជាចុងក្រោយ ឯកឧត្តម ក៏បានមានមតិផ្តាំផ្ញើរ និងសំណូមពរ ដល់បណ្តាអង្គការក្រៅរដ្ឋាភិបាលនានា ជាពិសេស អង្គការទស្សនៈពិភពលោក សូមបន្តជួយ និងបង្កើនកិច្ចការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា បានកាន់តែជិតស្និទ្ធ ដូចជាការចែករំលែកលទ្ធផលការងារ ការធ្វើផែនការ ដែលមានការចូលរួម ដើម្បីការអភិវឌ្ឍប្រទេសជាតិយើង ហើយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការ និងបង្កភាពងាយស្រួសដល់ដៃគូអភិវឌ្ឍន៍ផងដែរ។

លោក ជឹម សារ៉េន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត បានធ្វើបទបង្ហាញលើគោលការយុទ្ធសាស្រ្ត គម្រោងគណនេយ្យភាពសង្គម លើប្រធានបទដូចជា៖
សេចក្តីណែនាំស្តីពីផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ក្នុងនោះរួមមាន ចក្ខុវិស័យ គោលបំណង លទ្ធផលរំពឹងទុក គោលការណ៍សំខាន់ៗ និងយុទ្ធសាស្ត្រ សំខាន់ៗនៃគណនេយ្យភាពសង្គម ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម និងឧបករណ៍ប្រើប្រាស់ រួមមានដូចជា៖ (១) កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (២) ប័ណ្ណដាក់ពិន្ទុសហគមន៍ (៣) ការប្រជុំចាត់អាទិភាពតាមវិស័យ និងទី(៤) ផែនការគណនេយ្យភាពរួមគ្នា

ក្រោយពីបទបង្ហាញ ក៏មានការបំបែកក្រុមពិភាក្សាជាបីក្រុម ដោយផ្តោតសំខាន់លើសំណួរចំនួនបីដូចជា៖

  1. តើបញ្ហាអ្វីខ្លះដែលតែងតែកើតមានឡើងរវាងផ្នែកផ្គត់ផ្គង់ និងអ្នកទទួលសេវា? ប្រសិនបើមាន តើមានដំណោះស្រាយអ្វីខ្លះ?
  2. តើមានយុទ្ធសាស្រ្តអ្វីខ្លះដើម្បីអោយប្រជាពលរដ្ឋទទួលបានព័ត៌មានពេញលេញ និងមានប្រសិទ្ធភាព? 
  3. តើចំណុចណាខ្លះដែលត្រូវពង្រឹងបន្ថែម លើអ្នកផ្គត់ផ្គង់  និងអ្នកទទួលសេវា?
  4. តើការរៀបចំអនុវត្តផែនការ៣ឆ្នាំ នៅក្នុងតំបន់គោលដៅបានដែរឬទេ? ប្រសិនបើបាន ឬមិនបាន តើមានបញ្ហាប្រឈមអ្វីខ្លះ?

លទ្ធផលនៃការពិភាក្សាតាមក្រុមបានផ្តោតលើចំណុចសំខាន់មួយចំនួនដូចជា៖
សំនួរទី១៖

  • កុមារមួយចំនួនមិនមានសំបុត្រកំណើត
  • ប្រជាពលរដ្ឋមួយចំនួនមិនមានសំបុត្រអាពាហ៍ពិពាហ៍
  • នៅតាមមណ្ឌលសុខភាពភាគច្រើនមិនមានបុគ្គលិកប្រចាំការ២៤ ម៉ោង និងមិនមានភ្លើងអគ្គិសនី
  • នៅកន្លែងខ្លះ សាលារៀននៅឆ្ងាយទាំងសិស្ស ទាំងគ្រូ និងមានបញ្ហាជាច្រើនទៀត

សំនួរទី២៖ យុទ្ធសាស្ត្រ

  • ត្រូវបិទផ្សាយផ្ទាំងព័ត៌មានរូបភាព (Poster) នៅសាលាឃុំ ស្តីពីចំណូលចំណាយ និងសកម្មភាពការងារ ដែលបានអនុវត្ត
  • អញ្ជើញប្រជាជនប្រជុំ ដើម្បីទទួលបានព័ត៌មានអំពីការផ្តល់សេវា

សំនួរទី៣
បញ្ហារវាងអ្នកផ្គត់ផ្គង់ និងអ្នកទទួលសេវា

  • ខ្វះចំណេះដឹង (ប្រជាពលរដ្ឋ និងអ្នកផ្គត់ផ្គង)
  • ប្រជាពលរដ្ឋខ្វះការចូលរួម
  • ចំណាកស្រុក
  • ខ្វះធនធានមនុស្ស
  • ខ្វះការទទួលខុសត្រូវ
  • ខ្វះអ្នកគាំទ្រ
  • ខ្វះថវិកា
  • ខ្វះសម្ភារៈ
  • គ្មានពេលវេលា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់