សិក្ខាសាលា​ផ្សព្វផ្សាយ​ ស្ដីពី​ការ​ប៉ាន់​ប្រមាណ​អំពី​យេនឌ័រ​នៅ​កម្ពុជា​ និង​ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ទី​៤ ឆ្នាំ​២០១៤​-២០១៨ នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​

កំពង់ចាម ៣០ មីនា ២០១៥៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការប៉ាន់ប្រមាណអំពីយេនឌ័រនៅកម្ពុជា និងផែនការយុទ្ធសាស្រ្តនារីរតនៈទី៤ (២០១៤-២០១៨) រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំឡើងនៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥…

កំពង់ចាម ៣០ មីនា ២០១៥៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការប៉ាន់ប្រមាណអំពីយេនឌ័រនៅកម្ពុជា និងផែនការយុទ្ធសាស្រ្តនារីរតនៈទី៤ (២០១៤-២០១៨) រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំឡើងនៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥។

 

សិក្ខាសាលាផ្សព្វផ្សាយនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្ដម កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម និងមានការចូលរួមពីសមាជិក សមាជិកាក្នុងខេត្តជាច្រើនរូប។

 

ឯកឧត្ដម កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម បានសំដែងនូវកិច្ចស្វាគមន៍ ចំពោះក្រសួងកិច្ចការនារី ដែលបាននឹងកំពុងសហការរួមគ្នា ធ្វើការផ្សព្វផ្សាយនេះឡើងជាពិសេស ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រនារីរតនៈទី៤ ដែលជាការបង្ហាញពីការខិតខំប្រឹងប្រែងព្យាយាម តស៊ូមតិ ក្នុងការកៀរគរ ក៏ដូចជាការផ្សព្វផ្សាយប្រកបដោយឥទ្ធិពល មានការគាំទ្រ និងមានការលើកទឹកចិត្ត និងជួយបង្ហាញការពិតសម្រាប់ការអភិវឌ្ឍន៍ ក្នុងចលនាបំរើផលប្រយោជន៍សម្រាប់ស្ត្រី និងកុមារនៅកម្ពុជា ។ ទន្ទឹមនឹងនោះ អាជ្ញាធរមូលដ្ឋាន ក៏សូមស្វាគមន៍ ចំពោះកិច្ចការទាំងអស់ដែលផ្ដល់គុណប្រយោជន៍ដល់ស្ត្រី នៅថ្នាក់ក្រោមជាតិផងដែរ ។

 

លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងដែរថា នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក៏បានចែងយ៉ាងច្បាស់អំពីការលើកកម្ពស់សមភាពយេនឌ័រ និងការផ្ដល់នូវភាពអង់អាចចំពោះស្ត្រី ហើយ រាជរដ្ឋាភិបាល បានចាត់ទុកស្ត្រី ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងគោលបំណងផ្ដល់ជូននូវស្ត្រីខ្មែរយើង នូវតម្លៃ និងសេចក្ដីសង្ឃឹមនៅក្នុងជីវិត បញ្ចៀសនូវរាល់ទម្រង់នៃការរើសអើង ប្រឆាំងជាមួយនឹងស្ត្រីព្រមទាំង បង្កលក្ខណៈឲ្យស្ត្រីក្លាយទៅជាអ្នកដឹកនាំនៅគ្រប់កម្រិត ។ លោកជំទាវរដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានសូចនាករច្បាស់លាស់ ក្នុងការបង្កើនឲ្យមានការចូលរួមពីស្ត្រី ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសមកដល់បច្ចុប្បន្ននេះ ស្ត្រីកំពុងមានការរីក ចំរើននៅក្នុងជួរថ្នាក់ដឹកនាំ នៃស្ថាប័នជាតិគ្រប់កម្រិត ។ 

 

យ៉ាងណា លោកជំទាវរដ្ឋលេខាធិការ នៅតែទទូច និងលើកទឹកចិត្តដល់ស្ត្រីនៅគ្រប់មជ្ឈដ្ឋាន ជួយដល់ស្ត្រី ដូចពាក្យស្លោក «ជួយស្ត្រី គឺជួយខ្លួនឯង» ។ ស្ត្រីត្រូវឆក់ឱកាស និងមានធនធាន ចំណេះដឹង សមត្ថភាព ព្រមទាំងការយល់ដឹងនូវសារប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីគ្រប់គ្រងស្ថានភាពមួយប្រកបដោយជោគជ័យទាំងក្នុងសង្គម និងក្នុងគ្រួសារ ។ ទន្ទឹមនឹងនោះដែរ នៅឆ្នាំ២០១៧ ខាងមុខនេះ កម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដូច្នេះ ក៏ស្នើទៅដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ជួយជំរុញស្ត្រី ឲ្យបានឈរឈ្មោះជាបេក្ខជន ឲ្យច្រើនផងដែរ ។ ម្យ៉ាងវិញទៀត សិក្ខាសាលាពេលនេះ មានសារសំខាន់ សម្រាប់ស្ត្រី ក្នុងជួរថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធ ដូច្នេះសូមឲ្យលោក លោកស្រី ជាសិក្ខាកាមទាំងអស់ខិតខំត្រង់ត្រាប់ស្ដាប់បទបង្ហាញ ពីសំណាក់គ្រូឧទ្ទេស ដើម្បីឲ្យសម្រេចបានជោគជ័យទៅតាមកម្មវិធីគ្រោងទុក ហើយយកទៅអនុវត្តជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព ។

 

សិក្ខាសាលាប៉ាន់ប្រមាណនេះមាន ១២ជំពូកគឺ៖ ១.ការ បញ្ជ្រាបយេនឌ័រ ២.ការផ្លាស់ប្ដូរឥរិយាបថ ៣.ការបង្កើត ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ៤.យេនឌ័រក្នុងវិស័យអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៥.យេនឌ័រ និងសុខភាព ៦.យេនឌ័រ និងមេរោគអេដស៍ ៧.អំពើហិង្សាលើស្ត្រី និងក្មេងស្រី ៨.ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចក្នុងវិស័យសាធារណៈ និងនយោបាយ ៩.ក្រុមស្ត្រី និងក្មេងស្រីដែលងាយរងគ្រោះ និង១០.យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងការគ្រប់គ្រងគ្រោះមហន្តរាយ ៕ ដោយ៖ សារ៉ាត

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ចាម

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់