សម្ដេច​ក្រឡាហោម៖ គោល​នយោបាយ​បញ្ជ្រាប​យេនឌ័រ​អាច​ដំណើរការ​ទៅ​បាន គឺ​មាន​តែ​ខិតខំ​ប្រឹងប្រែង​បន្ត​​ទាំង​អស់​គ្នា​

ភ្នំពេញ ៦ មីនា ២០១៧៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានរៀបចំអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៦ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលផ្ដោតលើប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»  ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការជានារីគ្រប់ឋានានុក្រមនៃក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ភ្នំពេញ ៦ មីនា ២០១៧៖ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃបានរៀបចំអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៦ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលផ្ដោតលើប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»  ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការជានារីគ្រប់ឋានានុក្រមនៃក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

 

ក្នុងឱកាសជួបសំណេះសំណាលអបអរសាទរខួបលើកទី១០៦ ទិវាសិទ្ធិនារីអន្តរជាតិ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ផ្ដោតសំខាន់លើកកិច្ចការងារលើកកម្ពស់ស្ត្រី ពោលគឺការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ដោយបញ្ជាក់ថា៖ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៅតែជាអត្ថិភាពមួយក្នុងចំណោមដំណើរការនៃកិច្ចអភិវឌ្ឍន៍ជាតិដូចបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិចតុកោណ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព។ រាជរដ្ឋាភិបាលផ្ដល់ការយកចិត្តទុកដាក់ចំពោះស្ត្រី ដោយសារស្ត្រីគឺដៃគូមិនអាចខ្វះបានរបស់បុរសក្នុងការរស់នៅ ការកសាង សន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ។

តាមការលើកឡើងរបស់សម្ដេចក្រឡាហោមថា៖ ចំនួនស្ត្រីនៅមុនដំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមិនទាន់មានកម្រិតខ្ពស់ស្របទៅតាមគោលនយោបាយ គោលការណ៍នៅឡើយទេ ដូច្នេះយើងត្រូវខំបន្តទៀត។ ដោយយើងផ្សារភ្ជាប់តួនាទីភារកិច្ចរបស់យើងទៅជាមួយនឹងការបញ្ជ្រាបយេនឌ័រ បានន័យថាតួនាទីភារកិច្ចតាមអង្គភាព តាមការិយាល័យ តាមមូលដ្ឋាន រហូតដល់អគ្គនាយកដ្ឋាន យើងរៀបចំជ្រើសរើសឲ្យមានស្ត្រីបានកាន់តែច្រើនដើម្បីចូលរួមបំពេញការងារនៅក្នុងអង្គភាព ការិយាល័យ ឬនាយកដ្ឋានទាំងនេះ។

 

ចំពោះកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ១០ឆ្នាំ (២០១០-២០១៩) ដែលតម្រូវឲ្យមានស្ត្រីយ៉ាងតិច ៤០% ក្នុងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារនៅតាមបណ្ដាឃុំទូទាំងប្រទេសបានប្រកាសជាផ្លូវការនៅឆ្នាំ២០១០កន្លងទៅនេះ ជាគោលការណ៍គ្រឹះក្នុងការបញ្ជ្រាបយេនឌ័រ។

សម្ដេចក្រឡាហោមបានថ្លែងពាក់ព័ន្ធនឹងការកំណែទម្រង់ថា៖ សព្វថ្ងៃនេះយើងកំពុងអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ក្នុងការគ្រប់គ្រងរដ្ឋបាលដែលអំណាចទាំងឡាយកាលពីមុនគឺប្រមូលផ្ដុំនៅថ្នាក់ជាតិមិនបានចែករំលែកទៅឲ្យថ្នាក់ក្រោមជាតិបានច្រើនទេ សឹកថាគ្មានផង នេះគឺជាការខាតបង់ច្រើនក្នុងការប្រមែប្រមូលនូវធនធានមនុស្សរបស់យើងក្នុងការចូលរួមអភិវឌ្ឍន៍កសាងប្រទេសជាតិ។ ដូចនេះធ្វើយ៉ាងណាដើម្បីឲ្យកំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការបានអភិវឌ្ឍន៍នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សកាន់តែរឹងមាំនៅមូលដ្ឋាន ដើម្បីជំរុញសេដ្ឋកិច្ចប្រជាពលរដ្ឋ ទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ 

ក្នុងគោលនយោបាយកំណែទម្រង់ខាងលើក៏បានដាក់បញ្ចូលការបញ្ជ្រាបយេនឌ័រ បានន័យថាបញ្ចូលស្ត្រីឲ្យបានចំនួនច្រើនទៅក្នុងសមាសភាពក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ទាំងនៅថ្នាក់ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង ដូចជារាជធានី ហើយថែមទាំងថ្នាក់ភូមិផងដែរ។

 

សម្ដេចក្រឡាហោមបានផ្ដាំផ្ញើថា គោលនយោបាយបញ្ជ្រាបយេនឌ័រអាចដំណើរការទៅបាន គឺមានតែខិតខំបន្ថែមទាំងអស់គ្នា ដើម្បីជំរុញការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសាធារណៈ វិស័យឯកជន និងកងកម្លាំងគ្រប់ផ្នែកគឺជាភាពចាំបាច់ដែលមិនអាចមើលរំលង៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់