មុខងារ​​គ្រប់គ្រង​​សំរាម សំណល់​រឹង​ទី​ប្រជុំ​ជន​ គឹ​ជា​ការ​ប្រគល់​មុខងារ​គ្រប់គ្រង​សេវា​ទីប្រជុំ​ជន​ដំបូង​គេ​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី ក្រុង និង​ស្រុក​

ភ្នំពេញ ១៦ វិច្ឆិកា ២០១៥៖ ការសម្រេចប្រគល់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនជូនដល់រដ្ឋបាលរាជធានី ក្រុង ស្រុកនាពេលនេះ គឺជាឱកាសដ៏ល្អមួយរបស់រដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាល ស្រុក ក្នុងការចាប់ផ្តើមអភិវឌ្ឍរដ្ឋបាលរបស់ខ្លួន ឱ្យក្លាយទៅជាស្ថាប័នប្រជាធិបតេយ្យ តំណាងឱ្យសម្លេងប្រជាពលរដ្ឋ និងជាស្ថាប័នដែលមានលទ្ធភាពក្នុងការគ្រប់គ្រង ចាត់ចែងផ្តល់សេវាជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ព្រមទាំងមានការចូលរួម និងគោរពស្រឡាញ់ពីប្រជាពលរដ្ឋ…

ភ្នំពេញ ១៦ វិច្ឆិកា ២០១៥៖ ការសម្រេចប្រគល់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនជូនដល់រដ្ឋបាលរាជធានី ក្រុង ស្រុកនាពេលនេះ គឺជាឱកាសដ៏ល្អមួយរបស់រដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាល ស្រុក ក្នុងការចាប់ផ្តើមអភិវឌ្ឍរដ្ឋបាលរបស់ខ្លួន ឱ្យក្លាយទៅជាស្ថាប័នប្រជាធិបតេយ្យ តំណាងឱ្យសម្លេងប្រជាពលរដ្ឋ និងជាស្ថាប័នដែលមានលទ្ធភាពក្នុងការគ្រប់គ្រង ចាត់ចែងផ្តល់សេវាជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ព្រមទាំងមានការចូលរួម និងគោរពស្រឡាញ់ពីប្រជាពលរដ្ឋ។

 

នេះជាលើកឡើងរបស់ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

 

ឯកឧត្ដម បានបន្ថែមថា ដើម្បីធានាជោគជ័យក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឬជាមុខងារផ្ដល់សេវាទីប្រជុំជនដ៏មានអត្ថន័យ ឯកឧត្ដម បានស្នើដល់រដ្ឋបាលរាជធានី ក្រុង និងស្រុក ត្រូវផ្ដោតការយកចិត្តទុកដាក់ក្នុងការផ្ដួចផ្ដើមគំនិតរៀបចំផែនការ បង្កើតសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងរៀបចំគ្រប់គ្រងប្រតិបត្តិការសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យបានស្របតាមស្មារតីនៃអនុក្រឹត្យព្រមទាំងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងស្ថានភាពជាក់ស្ដែងនៅតាមមូលដ្ឋានរបស់ខ្លួន។ 

ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយនេះ លោក Denis Schrey តំណាងអង្គការមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ ប្រចាំប្រទេសកម្ពុជាបានបង្ហាញពីការគាំទ្រ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលមានឆន្ទៈក្នុងផ្ទេរមុខងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ លោកក៏បានលើកទឹកចិត្តដល់ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការពិភាក្សាពីការកំណត់តម្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាមដោយផ្អែកលើស្ថានភាពជាក់រស់នៅ ស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងរបស់ប្រជាពលរដ្ឋផងដែរ។

 

សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្រសួងមហាផ្ទៃ ដែលរៀបចំដោយក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានការគាំទ្រដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងមូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ សមាសភាពចូលរួមមាន ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគ.ជ.អ.ប ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប សរុបប្រមាណជា៥៥៨ រូប៕ NCDDS

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់