អនុប្រធានធនាគារពិភពលោកកត់សម្គាល់ពីការរីកចម្រើនរបស់កម្ពុជា

រាជធានីភ្នំពេញ៖ លោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោក (World Bank) ទទួល​បន្ទុ​ក​តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានកត់សម្គាល់ពីការរីកចម្រើនរបស់ព្រះ​រាជាណាចក្រ​កម្ពុ​ជា​ ដែលក្នុងនោះកំណើនសេដ្ឋកិច្ច ជាមធ្យមពី៧ ទៅ៨ភាគរយ ក្នុងមួយឆ្នាំ។ ទន្ទឹមនេះ ការកាត់​បន្ថ​យ​​ភាពក្រីក្រ និងអត្រាស្លាប់របស់កុមារ និងទារក នៅពេលកើត ក៏មានថយចុះ  ដែលនេះជា​ជោ​គជ័យគួរជាទីចាប់អារម្មណ៍ សម្រាប់កម្ពុជាកំពុងតែបោះជំហានលើផ្លូវមួយ​ដ៏ ត្រឹមត្រូវ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង​ដូច្នេះប្រាប់អ្នក​យ​​ក​ព័ត៌មាន បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រា​ជា​ណា​ចក្រម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Victoria Kwakwa អនុប្រធានធនគារពិភពលោក (World Bank) ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម និង​ពិ​​ភាក្សាការងារ កាលពីព្រឹកថ្ងៃចន្ទ ៣រោច ខែភស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

លោកជំទាវ Victoria Kwakwa បានគោរពជម្រាប​ជូ​​នសម្ដេចតេជោថា ក្នុងរយៈពេល​ជាង៣ឆ្នាំជាមួយធនាគារពិភពលោក   លោកជំទាវបានត្រ​ឡប់​​​មកកម្ពុជាវិញ គឺបានសង្កេត​ឃើញថា កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស​ជាទីបំ​ផុ​ត​ ជាមួយកំណើនសេដ្ឋកិច្ច គឺជា​មធ្យមពី៧ ទៅ៨ភាគរយ ហើយការកាត់បន្ថយភាពក្រីក្រ និង​អ​​ត្រាស្លាប់​របស់ទារកនៅពេល កើត ក៏បានថយចុះ  ដែលនេះជាជោគជ័យ ដែលកម្ពុជាកំពុងតែបោះជំហានលើផ្លូវមួយ​ត្រឹម​ត្រូវ។ លោកជំទាវបានសម្តែងនូវការអបអរសាទរ ចំពោះជោគជ័យដែល​កម្ពុជា​ទទួ​ល​បា​ន។ លោកជំទាវបានបន្តថា កន្លងមកនេះ ធនាគារពិភពលោក បានធ្វើការយ៉ាង​ច្រើ​ន​ជា​មួយនឹង សហគមន៍ផ្សេងៗ ដែលសហគមន៍ទាំងនោះ មានប្រជាពលរដ្ឋដែលទទួលបានដី​ស​​ម្បទាន សង្គមកិច្ចពីរាជរដ្ឋាភិបាល និងបានទទួលយកធ្វើការដាំដុះ ទទួលបាន​លទ្ធផល​ជា​ទី​គាប់ចិត្ត។ លោកជំទាវបន្ដទៀតថា ដីសង្គមកិច្ចដែលបាន​ចែកជូន​ប្រជា​ព​​ល​រដ្ឋ​នោះ គឺប្រជាពលរដ្ឋ​បានធ្វើការដាំដុះលើកស្ទួយវិស័យកសិកម្ម ក៏ដូចជាជីវភាពរស់​នៅ​ប្រ​ជាពលរដ្ឋតែប៉ុណ្ណោះ​ទេ​ ប៉ុន្ដែនៅក្នុងតំបន់នោះ ក៏មានសាលារៀន និងមណ្ឌលថែទាំសុខភាព សម្រាប់ប្រជា​ព​ល​​រដ្ឋ​នៅទីនោះផងដែរ។ ក្នុងន័យនេះដែរលោកជំទាវ ក៏បានសម្ដែងនូវការលើកទឹកចិត្ត និង​វា​យ​តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ លោក​ជំទាវ​ក៏​បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងធនាគារពិភពលោក និងរដ្ឋបាលរបស់រាជរដ្ឋា​ភិ​បា​លកម្ពុជា ដែលក្នុងនោះមានការចូលរួមរបស់ធនាគារពិភពលោក នៅក្នុងវិស័យអភិវឌ្ឍន៍​ធន​ធាន​មនុស្ស ក៏ដូចជាក្នុងវិស័យកសិកម្មផងដែរ ដើម្បីរួមចំណែកក្នុងការជំរុញការបង្កើន​ទិន្ន    ​ផ​ល​ និងការនាំចេញរបស់កសិផលកម្ពុជា។ លោកជំទាវ Victoria Kwakwa បានបន្ថែម​ថា​ បន្ទាប់ពីការវិលត្រឡប់ របស់ធនាគារពិភពលោក មកកម្ពុជានោះ ធនាគារពិភពលោក​ និ​ង​ប្រ​ទេសកម្ពុជា គឺជាដៃគូដ៏ល្អ ដែលមានជំនឿជាក់ នឹងគ្នាទៅវិញទៅមក។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ​អ្វីដែល​ជាការលើកឡើងរបស់លោកជំទាវ Victoria Kwakwa ហើយក៏បានជម្រាបជូន​លោ​ក​ជំ​ទាវ​​ដែរថា នៅកម្ពុជា ការផ្តល់ដីសម្បទានសង្គមកិច្ច  គឺជានយោបាយអាទិភាពរបស់រាជរ​ដ្ឋាភិ​បា​ល។ សម្ដេចតេជោថ្លែងថា ក្នុងរយៈពេល៧ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល មិនឱ្យដី​សម្បទាន​​សេដ្ឋកិច្ច​ទៀ​តនោះទេ ហើយក៏បានកាត់យកមកវិញនូវដីសម្បទានសេដ្ឋកិច្ចណា ដែលមិនអនុវត្តន៍តាម​គោ​​លការណ៍ និងមិនបានធ្វើការដាំដុះតាមផែនការមេ ឬក៏មិនគោរព​តាម​ច្បាប់របស់រាជ​រដ្ឋា​ភិបាល។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា ដីទាំងនោះ ក៏បានបែង​ចែកទៅ​ដល់ប្រជាជនកម្ពុជា ដែលគ្មាន​ដី​ប្រើ​ប្រាស់ សម្រាប់បង្កបង្កើនផល និងបង្កើនជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋផង​ដែរ។  សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា នេះគឺជា​ការងារសំខាន់ណាស់ ដែលដី​ស​ម្ប​ទានសង្គមកិច្ច ត្រូវការតភ្ជាប់ជាមួយនឹងវិស័យ កសិកម្ម។ ក្នុងន័យនេះសម្តេចតេជោក៏​បាន​លើកទឹកចិត្ត ឱ្យធនាគារពិភពលោក ចូលរួមយ៉ាង​សកម្មថែមទៀត ជាមួយ​នឹងប្រជា​ពល​រដ្ឋ​កម្ពុជាដែលទទួលបានដីសង្គមកិច្ចពីរាជរដ្ឋាភិបាល ដើម្បីជំរុញធ្វើយ៉ាងណាឱ្យពួកគាត់​ទទួ​ល​​បានការដាំដុះ អនុវត្តន៍កសិកម្មល្អ និងទទួលផល​បានល្អ ដើម្បីលើកស្ទួយ​ជីវភាព​គ្រួ​សារ​ពួកគា​ត់​ផង ព្រមទាំងចូលរួមចំណែកលើកស្ទួយ វិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ។ ស​ម្ដេ​ច​តេជោបានគូសបញ្ជាក់ដែរថា កម្ពុជាកំពុងតែត្រូវ​ការ​ធន​ធានមនុស្ស ដូច្នេះស្នើឱ្យ​ធនា​គារ​​ពិភពលោក ពិនិត្យបន្តសហការ និងជួយដល់កម្ពុជា  លើ​ ការអភិវឌ្ឍធនធាន​មនុ​ស្ស​បន្តទៀត។ លើសពីនេះទៀត សម្ដេចតេជោក៏បានលើកឡើង ពីសារៈសំខាន់ នៃហេដ្ឋារចនា​សម្ព័ន្ធ​ផងដែរ ដែលកន្លងមក ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ គឺ​បាន និងកំពុងតែអភិវឌ្ឍន៍ ប៉ុន្តែត្រូវការធនធានច្រើន សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​។​ សម្តេចតេជោបានមានប្រសាសន៍ថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ី និងកូរ៉េ បា​ន ដើររួមគ្នា ដែលកសាងផ្លូវលំពីផ្លូវដីក្រហម ទៅកាន់ផ្លូវកៅស៊ូពីរជាន់ (DBST) ហើយ​ឥឡូវ​នេះ​ គឺមានគុណភាពល្អ សម្រាប់តំបន់ដាច់ស្រយាល និងតំបន់ជនបទ។

ជាមួយគ្នានេះ សម្តេច​តេ​ជោ​នា​យ​ក​រដ្ឋម​ន្ត្រីក៏បានស្នើឱ្យធនាគារពិភពលោក ពិនិត្យ​មើល​​លទ្ធភាពចូលរួមក្នុងដាក់កម្មវិធី ​ការកសាងផ្លូវ កែ​ប្រែផ្លូវជនបទពីដីក្រហម ទៅជាផ្លូវកៅ​ស៊ូពីរ​ជាន់វិញ  ដោយសារមូលហេតុថា ធនាគារ​ពិ​ភ​ព​​លោក កំពុងតែចូលរួមយ៉ាងសកម្ម ក្នុង​ការ​​ជំរុញ​ការអភិវឌ្ឍតំបន់ជនបទនោះស្រាប់៕

ប្រភពពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់