គណៈបញ្ជាការឯកភាពរាជធានី រៀបចំផែនការពង្រឹង សន្តិសុខ ក្នុងឱកាសឃោសនាបោះឆ្នោតក្រុមប្រឹក្សា

ភ្នំពេញ ៣០ មេសា ២០១៤៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព…

ភ្នំពេញ ៣០ មេសា ២០១៤៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ដោយមានការចូលរួមពីបណ្តាខណ្ឌទាំង ៩ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ប៉ា សុជាតិវង្ស បានណែនាំឲ្យអាជ្ញាធរគ្រប់ខណ្ឌត្រៀមកម្លាំងសណ្តាប់ធ្នាប់ចំនួន៥០០នាក់ ក្នុងមួយខណ្ឌៗ ដើម្បីចូលរួមពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួន ដោយយកកំលាំងនគរបាល និងកងរាជអាវុធហត្ថជាស្នូល សម្រាប់បម្រើដល់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ០២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ និងការបោះឆ្នោតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្តថា ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នេះតទៅ រាល់ការជួបជុំប្រមូលផ្តុំណាមួយតាមដងផ្លូវ ឬទីសាធារណៈនឹងត្រូវបានហាមឃាត់ លើកលែងតែនៅតាមទីស្នាក់ការ និងទីតាំង ឯកជននានា ។

ផ្អែកតាមលិខិតរបស់សាលារាជធានីភ្នំពេញដែលបានផ្ញើជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង ក្នុងនាមជានាយករដ្ឋមន្ត្រីស្តីទី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ បានបញ្ជាក់នៅក្នុងចំណុចទី៣យ៉ាងច្បាស់ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបញ្ឈប់រាល់ការឃោសនាទាំងឡាយណា របស់គណបក្សនយោបាយ បេក្ខជន ឬតំណាង ដែលប្រាស់ចាកពីច្បាប់ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តនានា ។ ក្នុងករណីរឹងរូស ឬប្រើអំពើហឹង្សា ជេរ ប្រមាថមកលើភ្នាក់ងារមានសមត្ថកិច្ចនោះ ត្រូវចាត់វិធានការឃាត់ខ្លួនជនដៃដល់ និងអ្នកទទួលខុសត្រូវដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ។

ឯកឧត្តមអភិបាល បន្តទៀតថា អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌ មានតែ៨១០នាក់ប៉ុណ្ណោះ ដែលសុទ្ធសឹងតែជា សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែងដែលមានស្រាប់។ ដូច្នេះ ការបើកយុទ្ធនាការឃោសនាក្នុងទ្រង់ទ្រាយធំ វាហាក់ដូចជាមិនសមស្របដែរក្នុងស្ថានភាពបច្ចុប្បន្ន។ ទន្ទឹមនេះ អាជ្ញាធមានសមត្ថកិច្ច ក៏ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមច្រកចេញចូលរាជធានីភ្នំពេញ និងធ្វើការត្រូតពិនិត្យរដ្ឋបាលឲ្យបានជាប់ជាប្រចាំចាប់ពីថ្ងៃទី៣០ ខែមេសា នេះតទៅ៕

ដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញៈ http://www.phnompenh.gov.kh/kh/news—4683.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់