គណៈប្រតិភូ​ UNDP ធ្វើ​ទស្សកិច្ច​សិក្សា​​ការអនុវត្ត​គម្រោង​រដ្ឋបាល​មូលដ្ឋាន​ និង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ស្រុក​បូរីជលសារ ​ខេត្ត​តាកែវ

តាកែវ ២៩ មេសា ២០១៤៖ គណៈប្រតិភូអង្គការ UNDP ដឹកនាំដោយលោក Haoliang Xu ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក Napoleon Navarro អនុប្រធាន អង្គការ UNDP ប្រចាំប្រទេសកម្ពុជា កាលពីថ្ងែទី២៨ ខែមេសា ឆ្នាំ២០១៤ បានធ្វើទស្សនកិច្ចសិក្សា ចុះពិនិត្យការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCCII) នៅស្រុកបូរីជលសារ ខេត្តតាកែវ។

តាកែវ ២៩ មេសា ២០១៤៖ គណៈប្រតិភូអង្គការ UNDP ដឹកនាំដោយលោក Haoliang Xu ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ

និងលោក Napoleon Navarro អនុប្រធានអង្គការUNDP ប្រចាំប្រទេសកម្ពុជា កាលពីថ្ងែទី២៨ ខែមេសា ឆ្នាំ២០១៤ បានធ្វើទស្សនកិច្ចសិក្សាចុះពិនិត្យ

ការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCCII) នៅស្រុកបូរីជលសារ ខេត្តតាកែវ។

 

ក្នុងជំនួបជាមួយក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំខេត្តតាកែវ នៅឃុំបូរីជលសារ  លោក Haoliang Xu ជំនួយការអគ្គលេខាធិការអង្គការ

សហប្រជាជាតិបានបង្ហាញពីអារម្មណ៍រីករាយដែលលោកបានមកបំពេញដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាជាពិសេសបានមកពិនិត្យ

ការអនុវត្តល្អនៃគម្រោង LGCCII នៅខេត្តតាកែវ។

 

លោក Haoliang Xu លើកឡើងពីបទពិសោធន៍រយៈពេលជាង២០ឆ្នាំក្នុងការបំពេញការងារជាបុគ្គលិករបស់អង្គការសហប្រជាជាតិនៅបណ្ដាប្រទេស

នានា ដែលលោកយល់ថាប្រទេសនីមួយៗមានមេរៀនបទពិសោធន៍ និងបញ្ហាប្រឈមផ្សេងៗគ្នា។ ហេតុដូច្នេះលោកសង្ឃឹមថានឹងទទួលបាន

បទពិសោធន៍ល្អៗពីការអនុវត្តគម្រោង LGCCII ក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

 

លោកអ៊ំ ទុន ហម ប្រធានក្រុមប្រឹក្សាឃុំបូរីជលសារបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការ UNDP និងបាន

រាយការណ៍ជូនគណៈប្រតិភូពីដំណើរការអនុវត្តគម្រោង និងផលប្រយោជន៍នានាដែលគម្រោងសម្រេចបាន ជាពិសេសបានឧបត្ថម្ភជាថវិកាបដិភាគ

សម្រាប់ជួយសាងសង់ផ្លូវមួយខ្សែប្រវែងជាងមួយគីឡូម៉ែត្រដែលមានលក្ខណៈបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

 

លោកអ៊ំ ទុន ហម បានបន្ថែមទៀតថាតំបន់នេះជាតំបន់លិចទឹកនៅរដូវវស្សា ការធ្វើដំណើរពីមុនមានការលំបាកខ្លាំង ហើយអាចធ្វើដំណើរតាមរយៈ

មធ្យោបាយតែមួយគត់គឺទូក នឹងកាណូត ប៉ុន្តែក្រោយពីការសាងសង់ផ្លូវមួយខ្សែនេះ ទាំងប្រជាពលរដ្ឋនៅក្នុងឃុំ និងឃុំផ្សេងទៀតមានភាពងាយស្រួល

ធ្វើដំណើរទៅមកជាពិសេសកុមារទៅសាលារៀន និងស្ត្រីមានផ្ទៃពោះទៅស្វែងរកសេវាសុខភាព។

 

លោកអ៊ំ ទុន ហម បានបន្ថែមថាគម្រោង LGCCII មិនត្រឹមតែបានគាំទ្រដល់គម្រោងសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំប៉ុណ្ណោះទេ តែបានកែប្រែ

ផ្នត់គំនិតរបស់ប្រជាពលរដ្ឋឲ្យគិតពីវិធានការក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុច្រើនជាងមុន ជាពិសេសផ្ដល់នូវទស្សនៈទានដល់ក្រុមប្រឹក្សា

ក្នុងការដាក់បញ្ចូលផែនការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ខ្លួនទាំងនៅថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

 

គួរបញ្ជាក់ថា គម្រោង LGCCII ត្រូវបានគាំទ្រដោយមូលនិធិបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើលទ្ធផលនៃការអនុវត្ត (PBCR Grant)

ក្រោមកិច្ចសហការអនុវត្តដោយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងរដ្ឋបាលខេត្តគោលដៅ។ 

 

សម្រាប់ឆ្នាំ២០១៤នេះ គម្រោងបានបន្តគាំទ្រដល់ខេត្តគោលដៅចំនួនពីរគឺខេត្តតាកែវ និងខេត្តបាត់ដំបង លើស្រុកទាំងអស់ចំនួន០៨ រួមមាន ខេត្តតាកែវ៖ ក្រុងដូនកែវ ស្រុកបាទី ស្រុកបូរីជលសារ និងខេត្តបាត់ដំបង៖ ស្រុកបវេល ស្រុករុក្ខគិរី ស្រុកមោងឬស្សី ស្រុកថ្មគោល និងស្រុកសំពៅលូន ដែលមានថវិកាត្រូវវិភាជន៍សរុបចំនួន ៣២០.០០០ ដុល្លារ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់