ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ខេត្តឧត្តរមានជ័យអាណត្តិទី២

ឧត្តរមានជ័យ ១០ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ខេត្តឧត្តរមានជ័យអាណត្តិទី២ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាប្រជុំសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព…


ឧត្តរមានជ័យ ១០ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ខេត្តឧត្តរមានជ័យអាណត្តិទី២ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាប្រជុំសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរ ភូមិន្ទ និងជាប្រធានក្រុមការងារជាតិចុះមូលដ្ឋានខេត្តឧត្តរមានជ័យ  ដោយមានប្រតិភូអមដំណើរជាច្រើនរូបទៀត។

ឯកឧត្តម ស ថាវី អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ  បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេប អំពីសភាពការណ៍ទូទៅរបស់ខេត្តឧត្តរមានជ័យ រួមមាន ការងារសន្តិសុខ សុវត្ថិភាពសាធារណៈ  ការងារសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ស ថាវី បន្តថា ក្នុងអាណត្តិទី១នៃ ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ក្នុងនាមជាតំណាងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលខេត្ត បានបំពេញតួនាទីក្នុងការសម្រេចកិច្ចការនានា ព្រមទាំងបំពេញមុខងារ ភារកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្ម ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា សំដៅធ្វើឲ្យសម្រេចនូវគោលបំណង ក្នុងការបង្កើត ការជម្រុញ និងការធ្វើឲ្យមានចិរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ក្នុងសិទ្ធិអំណាចរបស់ខ្លួន ក្រុមប្រឹក្សាបានធ្វើសេចក្តីសម្រេច ទាក់ទិនទៅនឹងការរៀបចំដើម្បីទទួលមុខងារ  ភារកិច្ច និងធនធានថ្មី រួមជាមួយកិច្ចការផ្សេងៗទៀតស្របតាមច្បាប់កំណត់។ «ក្នុងបរិបទខាងលើនេះ បានធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានភាពប្រសើរឡើង ក្នុងការពង្រឹងភាពជាតំណាងសាធារណៈ និងស្វ័យភាពក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានារបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព» ។

ឯកឧត្តម ស ថាវី ក៏បានសំដែងនូវមនោសញ្ចេតនា អំណរសាទរចំពោះ ការចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ដែលនឹងបន្តអនុវត្តតាមស្មារតី នៃអនុក្រឹត្យ លេខ ២១៦ អនក្រ បក ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីអំពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងារ របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ក្រុមប្រឹក្សា និងគណៈអភិបាលស្រុកដោយផ្អែកលើកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តឱ្យបានសម្រេចតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ តាមរយៈការពង្រឹងទំនាក់ទំនងជាអន្តរសកម្មរវាងបណ្តាទិសដៅទាំងបួន នៃយុទ្ធសាស្រ្តគឺៈ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។

ដោយឡែក ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អាណត្តិទី២ ដែលទើបប្រកាសចូលកាន់ដំណែង បានថ្លែង ដោយធ្វើការប្តេជ្ញាចិត្តថានឹង៖

  1. ប្រតិបត្តិដោយភក្តីភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក្នុងខេត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា អនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ លើកកម្ពស់ប្រសិទ្ធិភាព ក្នុងការធ្វើ និងអនុវត្តសេចក្តីសម្រេចប្រកបដោយអភិបាលកិច្ចល្អ។
  2. ខិតខំពង្រឹងរដ្ឋបាលឯកភាពខេត្ត (ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាល) ធ្វើឲ្យរដ្ឋបាលនេះអាចម្ចាស់ការបានក្នុងការគ្រប់គ្រងចាត់ចែងមុខងារ និងធនធានរាប់ទាំងហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិរបស់ខ្លួន ហើយមានសមត្ថភាពសម្របសម្រួលប្រកបដោយប្រសិទ្ធភាព នូវសកម្មភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍផ្សេងៗទៀត រួមទាំងការផ្តល់សេវា និងការអភិវឌ្ឍដែលធ្វើឡើងដោយស្ថាប័ននានារបស់រាជរដ្ឋាភិបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច។
  3. ពង្រឹងសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល បុគ្គលិក និងទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សាតាមប្រភេទ ព្រមទាំងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្ម លើទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរឹងមាំ ខ្លាំងក្លា ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

ក្នុងអាណត្តិទី២ នៃក្រុមប្រឹក្សាខេត្តឧត្តរមានជ័យនេះ មានអាសនៈចំនួន១៣ មកពីគណបក្សពីរគឺ គណបក្សប្រជាជនកម្ពុជាចំនួន១២អាសនៈ និងគណបក្ស សង្រ្គោះជាតិ ចំនួន០១អាសនៈ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់