ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍​ សង្គម​ស៊ីវិល​ប្រជុំ​ត្រួត​ពិនិត្យ​វឌ្ឍនភាព បញ្ហា​ប្រឈម​នៃ​កំណែ​ទម្រង់

ភ្នំពេញ ២២ កញ្ញា ២០១៦៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជាមួយតំណាងក្រសួង ស្ថាប័នអនុវត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនិងបញ្ហាប្រឈមនានាដែលបានកើតមានក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ភ្នំពេញ ២២ កញ្ញា ២០១៦៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជាមួយតំណាងក្រសួង ស្ថាប័នអនុវត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនិងបញ្ហាប្រឈមនានាដែលបានកើតមានក្នុងដំណើរការ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

 

តាមរយៈកិច្ចប្រជុំនោះ ឯកឧត្ដម សក់ សេដ្ឋា បានជម្រាបដៃគូអភិវឌ្ឍន៍ពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ដែលបាននិងបន្តគាំទ្រដល់កំណែទម្រង់ទាំងមូល។

 

ឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាពសំខាន់ៗនៃកិច្ចដំណើរការសម្របសម្រួលលើកំណែទម្រង់ទាំង៣ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ដែលបានឈានដល់ការឯកភាពបង្កើតបាននូវផែនការសកម្មភាពអនុវត្តរួមគ្នាប្រចាំ។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម សក់ សេដ្ឋា ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាព និងធនធានមនុស្សនៅថ្នាក់ក្រោមជាតិ។ «យើងបានវិនិយោគជាងពាក់កណ្ដាលនៃថវិកាទៅលើការអភិវឌ្ឍសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ របាយការណ៍ពាក់កណ្ដាលអាណត្តិនៃកម្មវិធីជាតិ បានបង្ហាញពីការផ្លាស់ប្ដូរឥរិយាបថជាបណ្ដើរៗ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិបានចូលរួម និងយល់ដឹងកាន់តែប្រសើរឡើងក្នុងដំណើរការកំណែទម្រង់។ នេះគឺជាដំណឹងល្អ។»

 

ឯកឧត្ដមបានចាត់ទុកការចូលរួមរបស់អង្គការសង្គមស៊ីវិលគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រការអនុវត្តដំណើរការផ្ទេរមុខងារ ព្រោះថាអង្គការសង្គមស៊ីវិលមានសមត្ថភាព និងចំណេះដឹងខ្ពស់លើវិស័យអប់រំ សុខាភិបាល កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ។ ជាងនេះទៀតអង្គការសង្គមស៊ីវិលក៏ជាអ្នកតស៊ូមតិសម្រាប់គោលនយោបាយវិមជ្ឈការ។

 

គួរបញ្ជាក់ថា កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ របស់ គ.ជ.អ.ប របាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងសូចនាករត្រួតពិនិត្យរួមគ្នាឆ្នាំ២០១៧-២០១៨ ផងដែរ៕ NCDDs

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់