សម្ដេច​ក្រឡា​ហោម​៖ ការ​ផ្ទេរ​អំណាច​ និង​ធនធាន​ថវិកា​ទៅ​ថ្នាក់​ក្រោម​ជាតិ​ទាមទារ​ឱ្យ​មាន​ធនធាន​មនុស្ស​នៅ​មូលដ្ឋាន (AKP)

ភ្នំពេញ ១ កក្កដា ២០១៥៖ ឆ្លើយតបនិងការលើកឡើងរបស់ឯកឧត្ដម សម រង្ស៊ី ដែលចង់ឱ្យមានការផ្ទេរកញ្ចប់ថវិកាទៅថ្នាក់ក្រោមជាតិដើម្បីអភិវឌ្ឍន៍មូលដ្ឋានដោយផ្ទាល់ក្នុងខណៈដែល សមាជិកសភាគណបក្សសង្គ្រោះជាតិពុំព្រមអនុម័តទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ការផ្ទេរអំណាច និងធនធានថវិកាទៅមូលដ្ឋាន ទៅថ្នាក់ក្រោមជាតិគឺទាមទារឱ្យមានសមត្ថភាពធនធានមនុស្សនៅថ្នាក់មូលដ្ឋាន បើមិនដូច្នោះទេវានឹងជួបអន្តរាយជាមិនខានឡើយ។

ភ្នំពេញ ១ កក្កដា ២០១៥៖ ឆ្លើយតបនិងការលើកឡើងរបស់ឯកឧត្ដម សម រង្ស៊ី ដែលចង់ឱ្យមានការផ្ទេរកញ្ចប់ថវិកាទៅ ថ្នាក់ក្រោមជាតិដើម្បីអភិវឌ្ឍន៍មូលដ្ឋានដោយផ្ទាល់ក្នុងខណៈដែលសមាជិកសភាគណបក្សសង្គ្រោះជាតិពុំព្រមអនុម័តទៅលើសេចក្ដីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ការផ្ទេរអំណាច និងធនធានថវិកាទៅមូលដ្ឋាន ទៅថ្នាក់ក្រោមជាតិគឺទាមទារឱ្យមានសមត្ថភាពធនធានមនុស្សនៅថ្នាក់មូលដ្ឋាន បើមិនដូច្នោះទេវានឹងជួបអន្តរាយជាមិនខានឡើយ។

 

ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា បើយើងចង់ផ្ទេរអំណាចបានប៉ុណ្ណាវាទាល់តែសមត្ថភាពនៅនឹងមូលដ្ឋាននោះអាចនឹងទទួលរ៉ាប់រងបានដែរ។ យើងមិនអាចធ្វើដែលហៅថារំលោភទៅលើការជាក់ស្ដែងបានទេ បើគាត់មិនទាន់មានលទ្ធភាពដើម្បីនឹងទទួលខុសត្រូវក្នុងការងារនោះ យើងផ្ទេរទៅគឺថាគង់តែអន្តរាយទេ។ ដូច្នេះហើយបានជាប្រឹងប្រែងណាស់ក្នុងការ ដែលយើងផ្ទេរអំណាច និងថវិកាទៅឱ្យគាត់។ មានមតិខ្លះលើកឡើងថាយឺតពេក ប៉ុន្តែយើងខ្ញុំយល់ថាមិនយឺតទេ ពីព្រោះយើងធ្វើមានផែនការ មានជំហានការងាររបស់យើងជាក់លាក់។

 

សម្ដេចក្រឡាហោមបន្តថា នៅមូលដ្ឋានផ្ទាល់ក្នុងកិច្ចការនានាដែលបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺពង្រឹងភាពធ្វើជាម្ចាស់របស់ប្រជាពលរដ្ឋ និងមន្ត្រីនៅមូលដ្ឋានរបស់យើងក្នុងការទទួលខុសត្រូវ ដោះស្រាយបញ្ហានានារបស់គាត់នៅមូលដ្ឋាន រួមផ្សំជាមួយការគិតគូររបស់រាជរដ្ឋាភិបាលនៅថ្នាក់ជាតិនេះ។ បន្ទាប់ពីបានរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងច្បាប់នានាហើយនោះ យើងក៏បានរៀបចំកម្មវិធីជាតិមួយដែលមានរយៈពេល១០ឆ្នាំ គឺ២០១០-២០១៩ ដែលកម្មវិធីជាតិនេះយើងបានចែកជាបីដំណាក់កាល ដែលបច្ចុប្បន្ននេះយើងកំពុងតែស្ថិតក្នុងដំណាក់កាលទីពីរ ហើយដំណាក់កាលទីពីរនេះគឺជាដំណាក់កាលដ៏មានសារៈសំខាន់ ជាដំណាក់កាលស្នូល ពីព្រោះជាដំណាក់កាលដែលដោះស្រាយ ប្រមូលផ្ដុំការផ្ទេរអំណាចពីព្រោះវិមជ្ឈការ និងវិសហមជ្ឈការនេះ រឿងធំមានតែពីរទេ គឺធនធានមនុស្ស និងធនធានថវិកា។ ឥឡូវនេះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កំពុងតែជំរុញខ្លាំងដើម្បីរៀបចំនូវលក្ខត្តិកៈដោយឡែករបស់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពីមុននេះមន្ត្រីរបស់យើងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានក្របខ័ណ្ឌតែមួយទេ។ ឥឡូវនេះយើងបំបែកឱ្យមានក្របខ័ណ្ឌមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិដោយផ្អែកលើលក្ខត្តិកៈដែលមានស្រាប់។ កន្លងមកដោយសាររាជរដ្ឋាភិបាលបានកែទម្រង់អំពីប្រព័ន្ធបៀវត្ស ដូច្នេះការតាក់តែងនូវលក្ខត្តិកៈនេះមានភាពយឺតយ៉ាវបន្តិច ប៉ុន្តែមិនទាន់ហួសជំហានរយៈពេលដែលបានកំណត់នោះទេ ដូច្នេះហើយយើងសង្ឃឹមថានៅចុងឆ្នាំ២០១៥នេះ ច្បាប់លក្ខត្តិកៈដោយឡែកនៃមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិនឹងចេញជារូបរាង។

 

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កន្លងមកយើងបានសិក្សា និងវិភាគមុខងារនៅតាមក្រសួង និងស្ថាប័ននីមួយៗ ដោយបានធ្វើការសាកល្បងក្រសួងមួយចំនួនរួចហើយដូចជា ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា អំពីការផ្ទេរអំណាចទៅឱ្យនេះ ពីព្រោះពាក្យថាផ្ទេរអំណាចទៅឱ្យមិនមែនឱ្យតែសិទ្ធិទេ គឺឱ្យទាំងសិទ្ធិឱ្យទាំងថវិកា។ បើឱ្យតែសិទ្ធិទទេ អត់ឱ្យអំណាចថវិកាធ្វើម្ដេចនឹងកើត។ យើងបានបង្កើតនូវមូលនិធិពីរថ្នាក់រួចមកហើយគឺថ្នាក់ឃុំ សង្កាត់ និងមូលនិធិថ្នាក់ក្រុង ស្រុក ហើយមូលនិធិនេះគឺជារបស់រដ្ឋ ហើយដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបោះជាកញ្ចប់ទៅឱ្យថ្នាក់ឃុំ សង្កាត់ ស្រុក ខណ្ឌ គាត់មិនត្រូវការឡើងចរចាទេ។ ឧទាហរណ៍ថា គាត់ត្រូវការទិញក្រដាសស្នាម កុំព្យូទ័រ ឬមធ្យោបាយបម្រើការងារ។ល។ គាត់មានថវិកានៅក្នុងកញ្ចប់របស់គាត់ គាត់ចង់សម្រេចទិញប៉ុន្មាន អីប៉ុន្មានជារឿងរបស់គាត់ៗដេញថ្លៃជាសាធារណៈ រួចហើយគាត់ទទួលខុសត្រូវខ្លួនឯង កាលណាគាត់ធ្វើខុស។ ដូច្នេះឃុំ សង្កាត់ ស្រុក ខណ្ឌ យើងបានធ្វើបែបនេះរួចហើយ។

 

សម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងនោះ បានធ្វើការពិភាក្សា និងអនុម័តទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ដោយ ទទួលបានសំឡេងគាំទ្រចំនួន៦៧សំឡេង ក្នុងចំណោមសមាជិកសភាចូលរួមចំនួន១០១រូប៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់