ការ​ផ្ទេរ​មុខងារ​ និង​ធនធាន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គឺ​ជា​កិច្ចការ​អាទិភាព​បំផុតចាប់ពីឆ្នាំ២០១៥

ភ្នំពេញ ១៣ មករា ២០១៤៖ ការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានចាត់ទុកជាកិច្ចការអាទិភាពបំផុតក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ដំណាក់កាលចាប់ពីឆ្នាំ២០១៥តទៅ។ នេះជាកាលើកឡើងរបស់ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័ន

ភ្នំពេញ ១៣ មករា ២០១៤៖ ការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានចាត់ទុកជាកិច្ចការអាទិភាពបំផុតក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ដំណាក់កាលចាប់ពីឆ្នាំ២០១៥តទៅ។ នេះជាកាលើកឡើងរបស់ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័ន ស្ដីពីសេចក្ដីព្រាងបឋមនៃផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥។

 

ឯកឧត្ដមង៉ាន់ ចំរើន មានប្រសាសន៍បញ្ជាក់ថា ការផ្ទេរមុខងារ និងធនធាននេះត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី៣ ច្បាប់រៀបចំអង្គការ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលក្នុងនោះកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ បានដើរតួនាទីយ៉ាងសំខាន់គាំទ្រដល់ការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ។

 

ឯកឧត្ដមង៉ាន់ ចំរើន មានប្រសាសន៍បន្តទៀតថា ឆ្នាំ២០១៥ ត្រូវបានចាត់ទុកជាដំណាក់កាលសំខាន់ នៅក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២ ២០១៥-២០១៧) ព្រោះឯកសារនេះបានបញ្ជាក់ឱ្យក្រសួង ស្ថាប័នត្រូវសម្រេចឱ្យបានការផ្ទេរមុខងារ ធនធានជាក់លាក់និងសមស្របមួយចំនួនពីក្រសួង ស្ថាប័នទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងវិស័យអាទិភាពដែលបានកំណត់ក្នុងច្បាប់រៀបចំអង្គការ អនុក្រឹត្យលេខ៦៨ ដែលចាំបាច់ត្រូវចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១៥នេះតទៅ។

 

ផអ៣ទី២ មានសមិទ្ធផលធំៗចំនួន៥ គឺការគ្រប់គ្រងការងារកំណែទម្រង់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរមុខងារ និងធនធានក្នុងការផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និងវិមជ្ឈការហិរញ្ញវត្ថុ។

 

ការផ្ទេរមុខងារក្នុងវិស័យជាអាទិភាព និងធនធានជាបណ្ដើរៗទៅអោយរដ្ឋបាលក្រុង ស្រុក និងការ ពង្រឹងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអោយរដ្ឋបាលថ្នាក់ក្រោមជាតិអាចផ្ដល់សេវា និងការអភិវឌ្ឍមូលដ្ឋានអោយបានកាន់តែច្រើន កាន់តែល្អប្រសើរ កាន់តែមានការឆ្លើយតបចំពោះសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

 

គួរបញ្ជាក់ថា មានក្រសួងអាទិភាពចំនួន១៤ បានរៀបចំដំណើរការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះមានក្រសួងចំនួន០៥ ( ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន) បានបញ្ចប់របាយការណ៍ស្ដីពីបញ្ជីវិភាគមុខងារ និងរបាយការណ៍ស្តីពីការពិនិត្យមើលមុខងារឡើងវិញ។ ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបញ្ចប់របាយការណ៍ស្ដីពីការពិនិត្យមើលមុខងារឡើងវិញ៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់