វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព ​ការអនុវត្ត​មុខងារ​ការ​ជួសជុល​ និង​ថែទាំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ (AKP)

ភ្នំពេញ ៧ តុលា ២០១៥៖ ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពការអនុវត្តមុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទដល់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិដែលអញ្ជើញមកពីខេត្តគោលដៅអនុវត្តមុខងារសាកល្បង រួមមានខេត្តត្បូងឃ្មុំ និងខេត្តកំពត។

ភ្នំពេញ ៧ តុលា ២០១៥៖ ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពការអនុវត្តមុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទដល់មន្ត្រីរដ្ឋបាលថ្នាក់ ក្រោមជាតិដែលអញ្ជើញមកពីខេត្តគោលដៅអនុវត្តមុខងារសាកល្បង រួមមានខេត្តត្បូងឃ្មុំ និងខេត្តកំពត។

 

ប្រភពពីក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការ។ វគ្គបណ្ដុះបណ្ដាលមានគោលបំណងពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការងារគ្រប់គ្រង ការអនុវត្តមុខងារ ជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ដែលក្រសួងបានសាកល្បងផ្ទេរទៅកាន់ស្រុកមេមត់ ស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ និងស្រុកឈូក ស្រុកជុំគីរី ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាចនៃខេត្តកំពត។

 

វគ្គបណ្ដុះបណ្ដាលនេះមានមេរៀនចម្បងចំនួន៣គឺ៖ ១-ដំណើរការស្ដីពីការផ្ទេរមុខងារទៅរដ្ឋបាលថ្នាកក្រោមជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ២-កម្មវិធីផ្គត់ផ្គង់ទឹកជនបទ “គុណភាពទឹក” និង៣-ចំណេះដឹងទូទៅនៃលក្ខណៈអណ្ដូង។

 

ប្រភពដដែលបានគូសបញ្ជាក់ថា នៅក្នុងឱកាសនោះ ឯកឧត្ដមថេង ច័ន្ទសង្វារ បានមានប្រសាសន៍ថា ការងារផ្ទេរមុខងារស្ដីពីការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទទៅថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ បានធ្វើឡើងស្របនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលជាការងារថ្មីមួយតម្រូវឱ្យទាំងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវស្វែងយល់ ព្រមទាំងអនុវត្តជាបណ្ដើរៗក្នុងគោលដៅដើម្បីបង្កើនសមត្ថភាពក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ជាពិសេសរដ្ឋបាលស្រុកគោលដៅដែលទទួលបានការផ្ទេរមុខងារសាកល្បងពីក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវមានតួនាទី និងទទួលភារកិច្ចផ្គត់ផ្គង់សេវាទឹកស្អាតជូនប្រជាពលរដ្ឋ។

 

ទន្ទឹមនឹងនេះ ឯកឧត្ដមក៏បាន កោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្ដាប់បទបង្ហាញ និងណែនាំដល់សិក្ខាកាមឱ្យបន្តស្វែងយល់បន្ថែមលើការងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ដើម្បីរួមចំណែកជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារាជរដ្ឋាភិបាលក្នុងគោលដៅសម្រេចឱ្យបានការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់