ការ​​អភិវឌ្ឍ​​ធនធាន​​មនុស្ស​ សម្រាប់​​​មន្រ្តី​​​ជាន់​​ខ្ពស់​​​នៅ​រដ្ឋបាល​រាជធានី ​ខេត្ត ​ជា​កិច្ច​ការ​សំខាន់​​

ភ្នំពេញ ២៦ វិច្ឆិកា ២០១៤៖ ថ្នាក់ដឹកនាំនៅគ្រប់ជាន់ថ្នាក់ ជាពិសេសនៅរដ្ឋបាលរាជធានី ខេត្ត ត្រូវឈានមុខគេក្នុងការអភិវឌ្ឍដើម្បីត្រៀមខ្លួននៅពេលដែលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នឹងឈានចូលមកដល់ក្នុងពេលខាងមុខដ៏ខ្លីនេះ។

 

 

ភ្នំពេញ ២៦ វិច្ឆិកា ២០១៤៖ ថ្នាក់ដឹកនាំនៅគ្រប់ជាន់ថ្នាក់ ជាពិសេសនៅរដ្ឋបាលរាជធានី ខេត្ត ត្រូវឈានមុខគេក្នុងការអភិវឌ្ឍដើម្បីត្រៀមខ្លួននៅពេលដែលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នឹងឈានចូលមកដល់ក្នុងពេលខាងមុខដ៏ខ្លីនេះ។ នេះជាការលើកឡើងរបស់ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសណ្ឋាគារអ៊ឺនធើខនធឺណិនថល ក្នុងវគ្គបណ្ដុះបណ្ដាលមន្ត្រីរដ្ឋបាលជាន់ខ្ពស់ស្តីពី ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

 

ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានក្នុងពេលខាងមុខនឹងមានការប្រកួតប្រជែងខ្លាំងទាំងវិស័យឯកជន និងវិស័យសាធារណៈ ដែលទាមទារអោយប្រទេសនីមួយៗក្នុងតំបន់អាស៊ាន ក៏ដូចជាប្រទេសកម្ពុជាត្រូវត្រៀមខ្លួនជាមុន ហើយប្រសិនបើប្រទេសណាដែលបានត្រៀមលក្ខណៈបានគ្រប់គ្រាន់ និងល្អប្រសើរនឹងមានលទ្ធភាពទាញយកផលប្រយោជន៍បានច្រើនពីការធ្វើសមាហរណកម្មនេះ។

 

ដោយសារប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍមួយក្នុងតំបន់អាស៊ាន កម្ពុជាមានកិច្ចការជាច្រើនដែលត្រូវអភិវឌ្ឍ និងផ្តោតការយកចិត្តទុកដាក់ ក្នុងចំណោមកិច្ចការជាច្រើន ការលើកកម្ពស់គុណភាពអប់រំ ជំនាញវិជ្ជាជីវៈ

 និងការយល់ដឹងរបស់ប្រជាពលរដ្ឋជាកិច្ចការដ៏សំខាន់ដែលមិនអាចរំលងបាន ហើយការអភិវឌ្ឍធនធានមនុស្ស គឺជាការវិនិយោគដែលទាមទារអោយមានការគិតគូរ និងមានផែនការច្បាស់លាស់ ព្រមទាំងមានការចូលរួម និងការតាំងចិត្តពីអ្នកពាក់ព័ន្ធគ្រប់មជ្ឈដ្ឋាន។

 

ដោយសារការអភិវឌ្ឍធនធានមនុស្សមានភាពចាំបាច់ ឯកឧត្ដម សក់ សេដ្ឋា ក៏បានមានប្រសាសន៍ផងដែរថា វគ្គបណ្តុះបណ្តាលដល់មន្រ្តីរដ្ឋបាលជាន់ខ្ពស់ស្តីពី ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាវគ្គបណ្តុះបណ្តាលមួយដែល មានសារៈសំខាន់ក្នុងការលើកកម្ពស់ចំនេះដឹងដល់អ្នកដឹកនាំក្នុងអង្គភាពរដ្ឋាភិបាលទាំងអស់។

 

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលមន្រ្តីជាន់ខ្ពស់ពេលនេះគឺជាការបណ្តុះបណ្តាលលើកទី២ ដែលគម្រោងសម្រាប់កិច្ចអភិវឌ្ឍន៍សមត្ថភាពក្នុងការអនុវត្តច្បាប់រៀបចំអង្កការនៅថ្នាក់រាជធានី ខេត្ត (PILAC II) សហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ( គ.ជ.អ.ប) បានរៀបចំឡើង ដើម្បីលើកកម្ពស់ចំណេះដឹងរបស់មន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្នុងការគ្រប់គ្រងដឹកនាំអង្គភាពរបស់ខ្លួន។

 

វគ្គបណ្ដុះបណ្ដាលមន្រ្តីជាន់ខ្ពស់ស្តីពី ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលមានអ្នកចូលរួមចំនួន៣៧នាក់ (ស្រីចំនួន ៥នាក់) ដែលមានសមាសភាពជាប្រធានអង្គភាព អគ្គនាយករង អគ្គនាយក លេខាធិការ និងអនុរដ្ឋលេខាធិការ ដែលមកពីក្រសួងពាក់ព័ន្ធមួយចំនួនដូចជាក្រសួងអប់រំ យុវជន និងកីឡា ជាដើម។

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់