សាលា​ខណ្ឌ​ទួលគោក​មាន​គម្រោង​ថវិកា​ចំណាយ​ជាង​៥០០០​លាន​រៀល​សម្រាប់​ឆ្នាំ​២០១៦

ភ្នំពេញ ២៩ កញ្ញា ២០១៥៖ ក្នុងឆ្នាំ២០១៦ ខាងមុខសាលាខណ្ឌទួលគោកគ្រោងនឹងចំណាយថវិកាចំនួន៥៥០៨លានរៀល លើការអភិវឌ្ឍខណ្ឌ និងការចំណាយផ្សេងៗទៀតរបស់រដ្ឋបាលខណ្ឌទាំងមូល…

ភ្នំពេញ ២៩ កញ្ញា ២០១៥៖ ក្នុងឆ្នាំ២០១៦ ខាងមុខសាលាខណ្ឌទួលគោកគ្រោងនឹងចំណាយថវិកាចំនួន៥៥០៨លានរៀល លើការអភិវឌ្ឍខណ្ឌ និងការចំណាយផ្សេងៗទៀតរបស់រដ្ឋបាលខណ្ឌទាំងមូល។ នេះជាការលើកឡើងរបស់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាដើម្បីអនុម័តមុនពេលផ្ញើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥។

 

លោកបានបន្តឲ្យដឹងថា ថវិកាដែលគ្រោងចំណាយក្នុងឆ្នាំ ២០១៦ខាងមុខនេះ រដ្ឋបាលសាលាខណ្ឌទួលគោកធ្វើការបែងចែកជា៥ជំពូក ក្នុងនោះរួមមានគ្រោងទិញសម្ភារៈចំនួន១៩០លានរៀល លើការអភិវឌ្ឍចំនួន ៣១១៧លានរៀល គម្រោងលើអន្តរាគមន៍សាធារណៈចំនួន ២១៩លានរៀល ចំណាយលើបុគ្គលិកចំនួន១៧១៦លានរៀល ចំណាយលើគម្រោងឥតព្រាងទុកចំនួន ២៧៥លានរៀល ដែលក្នុងចំណាយឥតព្រាងទុកនេះ សម្រាប់ចំណាយលើការដំឡើងប្រាក់បៀវត្សរ៍ សមាជិកក្រុមប្រឹក្សា មន្ត្រីរាជការ និងបុគ្គលិកបណ្ដែត។ 

 

លោកបន្តថា ចំពោះប្រាក់បៀវត្សរ៍ សម្រាប់បុគ្គលិកបណ្ដែត កន្លងមកពោលគឺក្នុងឆ្នាំ២០១៤និង២០១៥ សាលារាជធានីភ្នំពេញជាអ្នកចំណាយ ប៉ុន្តែសម្រាប់ឆ្នាំ២០១៦នេះសាលាខណ្ឌជាអ្នកចំណាយ។ លោកអភិបាលក៏បានបន្តទៀតថា សាលាខណ្ឌក៏មានចំណូលចំនួនពីរផ្សេងទៀតផងដែរ គឺចំណូលបានមកពីការិយាល័យច្រកចេញចូលតែមួយ នៅក្នុងឆ្នាំ២០១៦ តាមគម្រោងនឹងមានចំណូលប្រមាណ៥០៨លានរៀល និងចំណូលមកពីការឧបត្ថម្ភពីសាលារាជធានីភ្នំពេញចំនួន៥០០០លានរៀល៕

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់