អាជ្ញាធរ ខណ្ឌទួលគោកជំរុញឲ្យសមត្ថកិច្ចបង្កើនការពង្រឹងសន្តិសុខ សុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនិងបន្តកិច្ចការពារនេះ ដល់ពេលបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខណ្ឌ

ភ្នំពេញ  ៤ មេសា ២០១៤៖ អាជ្ញាធរខណ្ឌទួលគោកកាលពីរសៀលថ្ងៃទី៣ មេសា ២០១៤ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីដាក់ផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សា…

ភ្នំពេញ  ៤ មេសា ២០១៤៖ អាជ្ញាធរខណ្ឌទួលគោកកាលពីរសៀលថ្ងៃទី៣ មេសា ២០១៤ បានបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីដាក់ផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សា ខណ្ឌ និងកិច្ចការពារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈាន មកដល់នាពេលដ៏ខ្លីខាងមុខនេះ ដោយជំរុញឲ្យមន្ត្រីសមត្ថកិច្ចបង្កើនការពង្រឹងសន្តិសុខ សុវត្ថិភាព ជាងមុន។

អភិបាលខណ្ឌ ទួលគោក លោកឯក ឃុនដឿនដែលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះបានមានប្រសាសន៍ថា ការបោះឆ្នោតក្រុមប្រឹក្សា ខណ្ឌ រាជធានីនឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៨ឧសភា២០១៤ខាងមុខនេះ ដែលតម្រូវអោយកងកម្លាំងមានសមត្ថកិច្ចរបស់យើងត្រូវយកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពេល ឃោសនា និងបោះឆ្នោតក្រុមប្រឹក្សា អោយបានល្អប្រសើរ។ លោកអភិបាលបានបន្តថា បក្សប្រឆាំងបានប្រកាសខ្លួនរួចហើយ គឺចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១៦ឧសភា ឆ្នាំ២០១៤ដែលជាថ្ងៃកំណត់អោយមានការឃោសនាបោះឆ្នោតក្រុមប្រឹក្សានោះ ពួកគេនឹងធ្វើមហាបាតុកម្មដ៏ធំមួយ ដូច្នេះទេសម្រាប់មន្ត្រីមានសមត្ថកិច្ចរបស់យើងទាំងអស់ដាច់ខាត ត្រូវតែយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងអាណាចក្ររបស់ខ្លួន ដោយធ្វើយ៉ាងណាអនុវត្តអ្វីៗទៅ កុំអោយខុសពីនីតិវិធីនៃច្បាប់។

ពាក់ព័ន្ធ នឹងកិច្ចការពារ សន្តិសុខ សុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលដ៏ខ្លី ខាងមុខនេះលោកឯក ឃុនដឿនបានជំរុញអោយកងកម្លាំងប្រដាប់អាវុធទាំងអស់និងសង្កាត់ មេភូមិត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការពារទៅតាមអ្វីដែល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំរួច គឺមិនអោយមានការលែងល្បែងស៊ីសងគ្រប់ប្រភេទ ការពារអោយបាននូវបទល្មើសផ្សេងៗ ដែលបម្រុងនឹងកើតមាន។ លោកបន្តថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សង្កាត់ទាំង១០ ផ្សារទាំងអស់ត្រូវចែកគ្នាមួយថ្ងៃម្នាក់ក្នុងការរៀបចំកម្មវិធីលេង ល្បែងប្រជាប្រិយនិងល្បែងកំសាន្តផ្សេងៗទៀតដែលជាអត្តសញ្ញាណរបស់ ជាតិយើងនៅក្នុងវត្តនាគវ័នរួមទាំងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ផងដែរ។

នៅក្នុង ឱកាសនោះលោកឯក ឃុនដឿនក៏បានប្រគល់ប័ណ្ណសរសើរនិងលិខិតសរសើរដល់មន្ត្រីដែលមាន ស្នាដៃឆ្នើមផងដែរ ដើម្បីអោយសមទៅតាមអ្វីដែលជាការខិតខំប្រឹងប្រែងរបស់ពួកគាត់ កន្លងមក៕ ដោយ: ស្រីរ័ត្ន

 

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មីៈ http://www.kampucheathmey.com/local-news/general-news/6814-2014-04-04-02-51-05.html
ចេញផ្សាយថ្ងៃទី៤ មេសា ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់