គណនេយ្យភាពសង្គម ចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន

ព្រះសីហនុ ១៤ ធ្នូ ២០១៦៖ «គណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រជាធិបតេយ្យ នៅកម្ពុជា និងជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការ ចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន»។

ព្រះសីហនុ ១៤ ធ្នូ ២០១៦៖ «គណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា និងជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន»។

 

នេះជាប្រសាសន៍របស់ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការអនុវត្តផែនការ យុទ្ធសាស្ត្រគណនេយ្យភាពសង្គម កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ។

 

ឯកឧត្ដម ងី ច័ន្រ្ទផល មានប្រសាសន៍បន្តទៀតថា ការអនុវត្តការងារគណនេយ្យភាពសង្គមបានធ្វើឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានកាន់តែប្រសើរ មានការបញ្ចេញមតិយោបល់ និងបានផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋ និងភ្នាក់ងារផ្ដល់សេវាក្នុងដំណើរការពិភាក្សាកែលំអការផ្ដល់សេវានៅរដ្ឋបាលឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាពបានប្រសើរឡើង។

 

ឯកឧត្ដម ងី ច័ន្រ្ទផល បានបន្តទៀតថា ក្នុងក្របខ័ណ្ឌនៃការកែលំអ និងផ្លាស់ប្ដូរឥរិយាបថនៃភាពជាតំណាង ទើប គ.ជ.អ.ប បានរៀបចំនិងអនុម័តផែនការ យុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ និងបានអនុម័តឱ្យប្រើប្រាស់ផែនការអនុវត្តគណនេយ្យភាពសង្គមរយៈពេល៣ឆ្នាំ ២០១៦-២០១៨ ដើម្បីប្រែក្លាយយុទ្ធសាស្ត្រឱ្យទៅជាសកម្មភាពជាក់ស្ដែង ហើយបានអនុវត្តសាកល្បងនៅក្នុងស្រុកចំនួន២២ ក្នុងឆ្នាំ២០១៤-២០១៥  ជាមួយអង្គការសង្គមស៊ីវិលជាដៃគូចំនួន៦។

 

ដើម្បីជំរុញឱ្យការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមមានប្រសិទ្ធភាព ឯកឧត្ដម ងី ច័ន្រ្ទផល បានជំរុញឱ្យអ្នកអនុវត្តទាំងអស់ទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការត្រូវយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចជា៖ ១. ជំរុញភាពជាដៃគូ ២.  ការអនុវត្តការបិទផ្សាយព័ត៌មាន ៣. ជំរុញការអនុវត្តប័ណ្ណដាក់ពិន្ទុអនុវត្តស្របតាមនិតិវិធី និងទាន់ពេលវេលា ៤. ការសហការគាំទ្រពីមន្ទីរជំនាញ ៥. និង ការត្រួតពិនិត្យតាមដាន។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការបានរំលឹកពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែលើកឡើងក្នុងកិច្ចប្រជុំ  និងសិក្ខាសាលាជាច្រើនកន្លងមកថា «ក្នុងនាមជាមន្ត្រីរាជការ និងអ្នកផ្តល់សេវាដល់ប្រជាពលរដ្ឋត្រូវប្រកាន់នូវអាកប្បកិរិយា និងគោលការណ៍ថាខ្លួនគឺជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរាស្ត្រនោះទេ»។

 

គួរបញ្ជាក់ថា លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដល់គ្រូបង្គោលថ្នាក់ខេត្តរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាព ចំណេះដឹង និងជំនាញដល់សិក្ខាកាមដែលជាគ្រូបង្គោលស្ដីពីការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការអនុវត្តគណនេយ្យភាពសង្គមដែលនឹងមានតួនាទីធ្វើការបណ្ដុះបណ្ដាលបន្តដល់អ្នកពាក់ព័ន្ធ នៅថ្នាក់ខេត្ត ស្រុក និងឃុំគោលដៅ។

 

ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមកន្លងមក លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំជាផ្ទាំងរូបភាពព័ត៌មានស្ដីពីការផ្តល់សេវារបស់សាលាឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលមានបញ្ចូលព័ត៌មានអំពីស្តង់ដារសេវាកម្ម ព័ត៌មានអំពីសិទ្ធិប្រជាពលរដ្ឋ និងព័ត៌មានអំពីថវិកា និងការប្រើប្រាស់ថវិកា ដើម្បីយកទៅផ្សព្វផ្សាយជាសាធារណៈនៅគ្រប់ឃុំ  ក្នុងស្រុកចំនួន២២នៃខេត្ត ចំនួន១២ ដែលគ្របដណ្តប់ប្រជាពលរដ្ឋសរុបប្រមាណ១,៥លាននាក់។ ចំណែកអង្គការដៃគូ បានអនុវត្តដំណើរការត្រួតពិនិត្យវាយតម្លៃ ដោយប្រជាពលរដ្ឋ ដោយរៀបចំប័ណ្ណដាក់ពិន្ទុ ទៅលើសេវាកម្មរបស់សាលាឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកផ្តល់សេវានៅមូលដ្ឋានផងដែរ។ បានបង្កើតផែនការសកម្មភាពគណនេយ្យភាពរួម សម្រាប់កែលំអសេវាកម្មទាំងនោះ និងគណៈកម្មការ ដើម្បីត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពគណនេយ្យភាពរួមផងដែរ។

 

សម្រាប់ឆ្នាំ២០១៧ខាងមុខ ការអនុវត្តការងារគណនេយ្យភាពសង្គម នឹងត្រូវអនុវត្តលើស្រុកគោលដៅចំនួន៩៨ នៃខេត្តចំនួន១៨ រួមមាន៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ធំ ត្បូងឃ្មុំ ព្រៃវែង រតនគិរី មណ្ឌលគិរី កោះកុង កំពត ប៉ៃលិន ស្វាយរៀង ក្រចេះ កំពង់ស្ពឺ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ឆ្នាំង៕៕ NCDDs

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់