វគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់ស្រុកសម្រាប់អនុវត្តផែនការ៣ឆ្នាំ នៃយុទ្ធសាស្រ្តគណនេយ្យភាពសង្គម

ភ្នំពេញ ១ តុលា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០១៤ បានបើក វគ្គបណ្តុះបណ្តាល គ្រូបង្គោល ថ្នាក់ស្រុក សម្រាប់ អនុវត្តផែនការ ៣ឆ្នាំ នៃយុទ្ធសាស្រ្ត គណនេយ្យភាពសង្គម នៅតំបន់ចំនួន៣ ដើម្បីពង្រឹង សមត្ថភាព ថ្នាក់ស្រុក គោលដៅ ទាំង២២ ក្នុងការអនុវត្ត ផែនការ ៣ឆ្នាំ នៃយុទ្ធសាស្រ្ត គណនេយ្យភាពសង្គម…

វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ស្រុកសម្រាប់អនុវត្តផែនការ៣ឆ្នាំ នៃយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅខេត្តកំពត

 

ភ្នំពេញ ១ តុលា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០១៤ បានបើក វគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់ស្រុក សម្រាប់អនុវត្តផែនការ៣ឆ្នាំនៃយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅតំបន់ចំនួន៣ ដើម្បីពង្រឹងសមត្ថភាព ថ្នាក់ស្រុក គោលដៅ ទាំង២២ ក្នុងការអនុវត្តផែនការ៣ឆ្នាំនៃយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ក្នុងក្របខ័ណ្ឌ នៃគណៈកម្មាធិការជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។

គ្រូបង្គោលថ្នាក់ស្រុក ទាំង២២ មកពីខេត្តចំនួន១២ បានមកចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះ ដែលធ្វើឡើង នៅ៣តំបន់ រួមមាន ខេត្តកំពត កំពង់ចាម និងបាត់ដំបង ហើយក៏មានការចូលរួមពី ក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីរដ្ឋបាលស្រុក និងរដ្ឋបាលខេត្ត និងសង្គមស៊ីវិល សរុបចំនួនប្រមាណ១៩០នាក់។

ផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនឹងត្រូវបានអនុវត្តសាកល្បងនៅស្រុកចំនួន២២ ក្នុងខេត្ត១២ ក្នុងឆ្នាំ២០១៤នេះ។ ការផ្តល់វគ្គបណ្តុះបណ្តុះដល់គ្រូបង្គោលថ្នាក់ស្រុកទាំង២២នេះ គឺដើម្បីជួយគាំទ្រដំណើរការអនុវត្តការងារគណនេយ្យភាពដល់រដ្ឋបាលឃុំ មណ្ឌលសុខភាព សាលាបឋមសិក្សា និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍។

 

ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ នៅខេត្តកំពត ថា គណនេយ្យភាពនៃវគ្គសិក្សានេះនឹងផ្តោតតែលើវិស័យចំនួន៣ប៉ុណ្ណោះ ពីព្រោះវាជាការសាកល្បងដំណាក់កាលដំបូង។ ម្យ៉ាងទៀត វិស័យទាំងបីនេះ មានធនធាន រួចជាស្រេចទៅហើយ នៅមូលដ្ឋាន ដែលសង្ឃឹមថា អាចធានានិរន្តរភាព ក្នុងការអនុវត្ត ដូចជានៅសាលាឃុំ មានក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ។ នៅសាលារៀន មាននាយកសាលា និងលោកគ្រូ អ្នកគ្រូ ដែលមានចំនួនលើសពី១នៅក្នុងឃុំនីមួយៗ។

ឯកឧត្តម ជាម ប៉េអា បន្តថា ចំពោះមណ្ឌលសុខភាពវិញ មាននៅស្ទើរតែគ្រប់ឃុំ ដែលមានប្រធានមណ្ឌលសុខភាព និងបុគ្គលិកសុខភាព។ «នៅក្នុងការអនុវត្ត យើងត្រូវយកចិត្តទុកដាក់ បំពេញព័ត៌មានដែលមាននៅក្នុងកញ្ចប់ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋ ដែលត្រូវបិទផ្សាយ នៅថ្នាក់ឃុំ។ ទៅថ្ងៃអនាគត មុខងារផ្តល់សេវា ទាំងនោះ នឹងត្រូវផ្តល់ ឲ្យទៅស្ថិត នៅក្រោមការគ្រប់គ្រង ចាត់ចែង របស់រដ្ឋបាលមូលដ្ឋាន (ក្រុមប្រឹក្សាស្រុក)។ ថ្ងៃនេះ យើងនឹងសិក្សា ស្វែងយល់ ថាតើ ត្រូវកែលម្អសេវាទាំងនោះ យ៉ាងដូចម្តេច ដើម្បីជួយ ដល់ក្រុមប្រឹក្សា នៅថ្នាក់ក្រោមជាតិ និងដើម្បីឲ្យសេវាទាំងនោះ បានផ្តល់ជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ»។

 

កាលពីខែកក្កដា ឆ្នាំ២០១៣ គ.ជ.អ.ប បានដាក់ចេញ នូវផែនការយុទ្ធសាស្ត្រ ស្ដីពីការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងផ្ដល់នូវសិទ្ធិអំណាច ដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួម ពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈ ការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ថ្លែងក្នុង ពិធីបើក វគ្គបណ្តុះបណ្តាល នេះ ឯកឧត្តម ស៊ូ អារ៉ាហ្វាត់ អភិបាល រង ខេត្ត បាត់ដំបង មាន ប្រសាសន៍ ថា គណនេយ្យ ភាព សង្គម គឺជា ផ្នែកមួយ នៃ ការពង្រឹង ហេដ្ឋារចនាសម្ព័ន្ឋ ប្រជាធិបតេយ្យ នៅកម្ពុជា គឺជា ឧបករណ៍ ដ៏មាន សារៈសំខាន់ ក្នុងការ ចូលរួម ចំណែក ដល់ការពង្រឹង អភិបាលកិច្ច តាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ មូលដ្ឋាន ដោយឈរលើ គោលការណ៍ ជាមូលដ្ឋាន ចំនួនបីគឺ (១) ការទទួល បានព័ត៌មាន (២) ការបញ្ចេញ មតិ របស់ ប្រជាពលរដ្ឋ និង(៣) ការភ្ជាប់ ទំនាក់ ទំនង ប្រជាពលរដ្ឋ ក្នុងដំណើរការ ពិភាក្សា ធ្វើឲ្យ មាន ភាពប្រសើរ ឡើង។ 
   
ឯកឧត្តម ស៊ូ អារ៉ាហ្វាត់ បន្តថា គណនេយ្យសង្គម គឺជា មធ្យោបាយ ទាំងឡាយណា ដែលអនុវត្ត ដោយ ប្រជាពលរដ្ឋ និងអង្គការ សង្គមស៊ីវិល ដើម្បីជួយ ដល់រដ្ឋាភិបាល ឬអ្នកផ្តល់ សេវាកម្ម សាធារណៈ មានគណនេយ្យភាព (ការទទួល ខុស ត្រូវខ្ពស់) តម្លាភាព និងឆ្លើយតប តាមតម្រូវការ របស់ សហគមន៍ ដោយ មានការសម្រប សម្រួល ពីអជ្ញាធរ អង្គការ សង្គមស៊ីវិល ប្រព័ន្ឋផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ឋ នានា។

ក្នុងរយៈពេល៣ថ្ងៃនេះ គ្រូបបង្គោល ទាំងអស់ នឹងបានស្វែងយល់ លម្អិត ធ្វើការអនុវត្ត លំហាត់ផ្ទាល់ និងសាកសួរ រកការបំភ្លឺបន្ថែម អំពីឧបករណ៍ នានា ដែលបានប្រើប្រាស់ នៅក្នុងផែនការ អនុវត្ត៣ឆ្នាំ នៃយុទ្ធសាស្រ្ត គណនេយ្យភាពសង្គម តាមរយៈ ការពន្យល់ បង្ហាញ របស់គ្រូឧទេ្ទសន៍ មកពីអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងគ្រូឧទេសន៍ មកពីថ្នាក់ខេត្ត៕

ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល នៅខេត្តកំពត

 

វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ស្រុកសម្រាប់អនុវត្តផែនការ៣ឆ្នាំ នៃយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅខេត្តបាត់ដំបង

 

វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ស្រុកសម្រាប់អនុវត្តផែនការ៣ឆ្នាំ នៃយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នៅខេត្តកំពង់ចាម

 

សិក្ខាកាមនៅខេត្តកំពង់ចាមចូលរួមទស្សនាផ្ទាំងព័ត៌មាន (Poster) ស្តីពីគណនេយ្យភាពសង្គម

 

សិក្ខាកាមនៅខេត្តកំពង់ចាមចូលរួមទស្សនាផ្ទាំងព័ត៌មាន (Poster) ស្តីពីគណនេយ្យភាពសង្គម

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់