ADB​ អនុម័ត​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​រយៈ​ពេល​៥​ឆ្នាំ​ដើម្បី​គាំទ្រ​ កំណើន​សេដ្ឋកិច្ច​សម្រាប់ទាំងអស់គ្នានៅកម្ពុជា

ភ្នំពេញ ០១ ធ្នូ ២០១៤៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តលើយុទ្ធសាស្ដ្រ ភាព ជាដៃគូជាមួយប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៤-២០១៨ ដែលផែនការវិនិយោគរបស់ ADB នេះមានទឹកប្រាក់ប្រមាណជាង ៨០០ លានដុល្លារក្នុងទម្រង់ជាហិរញ្ញប្បទានសម្បទាន។

ភ្នំពេញ ០១ ធ្នូ ២០១៤៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តលើយុទ្ធសាស្ដ្រ ភាព ជាដៃគូជាមួយប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៤-២០១៨ ដែលផែនការវិនិយោគរបស់ ADB នេះមានទឹកប្រាក់ប្រមាណជាង ៨០០ លានដុល្លារក្នុងទម្រង់ជាហិរញ្ញប្បទានសម្បទាន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ADB បាននិយាយថា យុទ្ធសាស្ដ្រភាពជាដៃគូថ្មីសម្រាប់ប្រទេសកម្ពុជានេះ ត្រូវបានរៀបចំឡើងផ្អែកទៅតាមយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដំណាក់កាលទី ៣ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ ។ 

យុទ្ធសាស្ដ្រនេះ ឆ្លុះបញ្ចាំងពីកិច្ចពិគ្រោះយោបល់យ៉ាងទូលំទូលាយ ជាមួយនឹងអ្នកពាក់ព័ន្ធជាច្រើន ដូចជាមន្ដ្រីរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងតំណាងសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នសិក្សាស្រាវជ្រាវនានា។

 

លោក Eric Sidgwick នាយក ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “យុទ្ធសាស្ដ្រភាពជាដៃគូថ្មី សម្រាប់ប្រទេសកម្ពុជានេះ គឺជាការបញ្ជាក់ពីការប្ដេជ្ញាចិត្ដរបស់ ADB ចំពោះគោលដៅអភិវឌ្ឍន៍របស់ប្រទេសដែលចង់បាននូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាព ការធ្វើពិធីកម្មសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

យុទ្ធសាស្ត្រភាពជាដៃគូនេះមានសសរស្ដម្ភជាយុទ្ធសាស្ត្រចំនួន៣ ដែលនឹងត្រួស ត្រាយផ្លូវសម្រាប់ឱ្យ ADB ផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍនៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ដែលមានប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះរស់នៅច្រើនជាងគេ។ ទាំងនេះជាការតភ្ជាប់យ៉ាងស៊ីជម្រៅ រវាងតំបន់ជនបទ និងតំបន់ប្រជុំជន ហើយបន្តទៅដល់កម្រិតតំបន់ ដោយផ្ដោតលើការអភិវឌ្ឍធនធានមនុស្ស និងសង្គម និងការកែលម្អការគ្រប់គ្រងវិស័យសាធារណៈ”។

ជាមួយគ្នានោះ ADB នឹងផ្ដល់ការគាំទ្រជាពិសេសដល់ការបង្កើនផលិតភាព និងការធ្វើពាណិជ្ជសកលភាវូបនីយកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ និងប្រជុំជន ការលើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិ ដូចជាការកសាងភាពធន់ទៅនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងការគាំទ្រដល់ការសម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូន។ 

សកម្មភាពដទៃទៀត រួមមានការកែលម្អការអប់រំកម្រិតមធ្យមសិក្សា និងការអភិវឌ្ឍជំនាញឱ្យចំគោលដៅ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ តាមរយៈការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈស្របតាមតម្រូវការទីផ្សារ។ យុទ្ធសាស្ត្រនេះក៏មានដាក់ចេញនូវជំហាន ដើម្បីធ្វើឱ្យបរិយាកាសសម្រាប់ភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន និងការអភិវឌ្ឍវិស័យឯកជនកាន់តែមានភាពល្អប្រសើរជាងមុន ក៏ដូចជាបន្ដផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដូចជាដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានតាមតំបន់ជនបទ និងបង្កើតការងារឱ្យបានកាន់តែច្រើន និងល្អប្រសើរជាងមុន៕

ដកស្រង់ចេញពីគេហទំព៍រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់