វេទិកា​ស្រូវ អង្ករ កម្ពុជា​លើក​​ទី​៥ រួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​ អង្ករ​នៅ​កម្ពុជា (AKP)

ភ្នំពេញ ២៦ មករា ២០១៦៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាភ្នំពេញថា វេទិកាស្រូវ អង្ករ គឺជាឱកាសមាសមួយដែលមានភាគីពាក់ព័ន្ធនានា បានមកចូលរួមបង្ហាញ និងចែករំលែកនូវគំនិត បទពិសោធន៍ និងព័ត៌មានសំខាន់ៗ សម្រាប់រួមចំណែកជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងវិស័យស្រូវ អង្ករ។

ភ្នំពេញ ២៦ មករា ២០១៦៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាភ្នំពេញថា វេទិកាស្រូវ អង្ករ គឺជាឱកាសមាសមួយដែលមានភាគីពាក់ព័ន្ធនានា បានមកចូលរួមបង្ហាញ និងចែករំលែកនូវគំនិត បទពិសោធន៍ និងព័ត៌មានសំខាន់ៗ សម្រាប់រួមចំណែកជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងវិស័យស្រូវ អង្ករ។

សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបានចាត់ទុកថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយវិស័យនេះត្រូវបានយកចិត្តទុកដាក់ជានិច្ចកាល។ ជារួមវិស័យកសិកម្មនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងខឿនសេដ្ឋកិច្ច ផ្តល់នូវមុខរបរនិងការងារជូនប្រជាជនយើងមួយភាគធំដែល អាស្រ័យផលលើការងារកសិកម្មនេះ។ ដោយឡែក វិស័យមួយដែលយើងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ខណៈផលិតកម្មស្រូវលើសពីតម្រូវការក្នុងស្រុក បង្កើនជាសក្ដានុពលសម្រាប់ការងារកែច្នៃ និងនាំចេញដែលផ្តល់នូវតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច បង្កើនចំនួនការងារបន្ថែម និងផ្តល់នូវផលចំណូលដល់អ្នកដែលប្រកបរបរក្នុងចង្វាក់ផលិតកម្មស្រូវ អង្ករ ព្រមទាំងបានលើកស្ទួយជីវភាពដល់ប្រជាកសិករ។

 

ឯកឧត្ដម សុខ ពុទ្ឋីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា វេទិកានេះ មានសារៈសំខាន់ក្នុងការបង្ហាញជូននូវគំនិតផ្ដួចផ្ដើមផ្សេងៗ និងការប្រមូលនូវមតិយោបល់ គំនិត និងបទពិសោធន៍ពីអ្នកចូលរួមក្នុងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រឱ្យមានប្រសិទ្ធភាពដើម្បីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករកម្ពុជា។

 

ឯកឧត្ដមក៏បានបន្តទៀតថា នាពេលថ្មីៗនេះ ទីផ្សារទំនិញនៅលើពិភពលោក ដោយរួមទាំងអង្ករផង មានការធ្លាក់ចុះតម្លៃដែលធ្វើឲ្យមានភាពស្រពិចស្រពិលខ្លះដល់ការប្រមើលមើលពីអនាគតរបស់វិស័យស្រូវអង្ករ។ តែទោះបីជាយ៉ាងណា ជាមួយនឹងការកើនឡើងនៃប្រជាជនក្នុងពិភពលោកដែលគេរំពឹងថានឹងមានជាង៩ពាន់លាននាក់នៅឆ្នាំ២០៥០ ការប្រែប្រួលអាសធាតុ ការកើនឡើងនូវជីវភាពរបស់ប្រជាជនក្នុងពិភពលោក ស្រូវអង្ករនៅតែជាស្បៀងដ៏មានសក្ដានុពលខ្ពស់។ ជាការចាំបាច់ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការទាញយកអត្ថប្រយោជន៍នានា នៅពេលអនាគត ដើម្បីឆ្លើយតបតម្រូវការដែលចេះតែកើនឡើងពីកំណើនប្រជាជន និងការចូលរួមធានានូវសន្តិសុខស្បៀងរបស់ពិភពលោក។ ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាបង្កើនការប្រកួតប្រជែងរបស់អង្ករកម្ពុជានៅក្នុងទីផ្សារអន្តរជាតិ យើងចាំបាច់ក្នុងការធ្វើទំនើបកម្មសង្វាក់ផលិតកម្មស្រូវអង្ករកម្ពុជា ដោយទាញយកអត្ថប្រយោជន៍ពីបច្ចេកទេស បច្ចេកវិទ្យា និងការវិនិយោគថ្មីៗ។

 

ឯកឧត្ដមបានបន្តថា យើងបានកំណត់អត្តសញ្ញាណនិងយកអាទិភាពនូវរបៀប វារៈចំនួន៣សម្រាប់ឆ្នាំខាងមុខគឺទី១. ពូជ, ទី២. ឃ្លាំង និងទី៣. ការទទួលឥណទាននិងទីផ្សារ៕ ដោយ៖ ទូច វលក្ខណ៍

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់