ក្រសួងមហាផ្ទៃ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្រ្តីស្តីទីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកជំទាវ Pascale BAERISWYL រដ្ឋលេខាធិការ ក្រសួងការបរទេសនៃសហព័ន្ធស្វីសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។
នៅក្នុងជំនួបនោះ ឯកឧត្តម សក់ សេដ្ឋា បានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលស្វីសដែលបានជួយដល់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសុខាភិបាល តាមរយៈការគាំទ្រថវិកាដល់មន្ទីរពេទ្យគន្ធបុប្ជា និងចំពោះការជួយគាំទ្រមកលើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនាពេលកន្លងមក ហើយនឹងបន្តជួយគាំទ្រដល់ការងារកំណែទម្រង់នេះ តាមរយៈធនាគារពិភពលោកដែលមានទឹកប្រាក់ប្រមាណជាង ៤លានដុល្លារអាមេរិក។
ឯកឧត្តមក៏បានស្នើសុំឱ្យរដ្ឋាភិបាលស្វីសជួយរៀបចំកម្មវិធីជាតិដំណាក់កាលទី២ ព្រមទាំងគាំទ្រជំនួយបច្ចេកទេស ដើម្បីឱ្យកម្មវិធីនេះបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលផងដែរ៕
ប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា