កង្វល់​ប្រជាពលរដ្ឋ​ស្រុក​តំបែរ ជាច្រើន​ត្រូវ​បាន​ដោះស្រាយ ក្នុង​វេទិកាសាធារណៈ​រវាង​រដ្ឋមន្រ្តី​កសិកម្ម និង​ប្រជាពលរដ្ឋ

ត្បូងឃ្មុំ ៣ សីហា ២០១៦៖ ដើម្បីបានជ្រាបនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាប្រធាន ក្រុមការងារចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានបើកវេទិកាសាធារណៈមួយ ដោយជួបស្តាប់ផ្ទាល់នូវបញ្ហារបស់ប្រជាពលរដ្ឋ។

ត្បូងឃ្មុំ ៣ សីហា ២០១៦៖ ដើម្បីបានជ្រាបនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាប្រធាន ក្រុមការងារចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានបើកវេទិកាសាធារណៈមួយ ដោយជួបស្តាប់ផ្ទាល់នូវបញ្ហារបស់ប្រជាពលរដ្ឋ។

 

ក្នុងវេទិកាសាធារណៈ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជា៤៥០នាក់ ប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហាក្នុងភូមិជាច្រើន ដើម្បីឲ្យឯកឧត្ដម វេង សាខុន ជួយដោះស្រាយ។ បញ្ហា ដែលជាកង្វល់របស់ប្រជាពលរដ្ឋមានដូចជា ការសុំឲ្យសាច់ជ្រូកនៅតាមមូលដ្ឋានចុះថ្លៃ ជួយសំអាតបរិស្ថាននៅក្នុងផ្សារ ជួយសាងសង់ស្ពាន ផ្លូវក្នុងភូមិ និងប្រព័ន្ធធារាសាស្រ្តបន្ថែមសម្រាប់បង្កបង្កើនផល។

 

ប្រជាពលរដ្ឋ ក៏បានស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចតាមមូលដ្ឋានបន្តយកចិត្តទុកដាក់ ទៅលើការពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព លុបបំបាត់ការលេង ល្បែងស៊ីសងទាំងឡាយ។ ប្រជាពលរដ្ឋ ក៏ស្នើឲ្យជួយដោះស្រាយ ការជះក្លិនជ័រកៅស៊ូ និងសិប្បកម្មទឹកកក ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ពួកគាត់។

 

ក្រោមស្តាប់នូវកង្វល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមរបស់សមត្ថកិច្ច ឯកឧត្ដម វេង សាខុន ក៏បានសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់។ ក្នុងនោះបញ្ហាបរិស្ថាននៅក្នុងផ្សារតំបែរ ឯកឧត្ដម រដ្ឋមន្រ្តី បានជំរុញទៅអាជ្ញាធរ រួមនិងគណៈកម្មការផ្សាររួមគ្នាសំអាតផ្សារឲ្យបានស្អាត។

 

សម្រាប់ផ្លូវ និងស្ពានក្នុងភូមិ ឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន ក៏បានទទួលសាងសង់ជូនប្រជាពលរដ្ឋ តែសម្រាប់ប្រឡាយទឹកវិញ នឹងចាត់ឲ្យមន្រ្តីជំនាញសិក្សា និងធ្វើជូនពួកគាត់។

 

ដោយឡែកបញ្ហាភូមិឃុំ មានសុវត្ថិភាព ឯកឧត្ដម វេង សាខុន បានអញ្ជើញ លោកអធិការនគរបាលស្រុកតំបែរ និងប្តេជ្ញាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ព្រមទាំងប្រកាសលេខទូរស័ព្ទ ប្រាប់ប្រជាពលរដ្ឋដើម្បីទាក់ទងនៅពេលមានបញ្ហាក្នុងភូមិ។ រីឯបញ្ហាបរិស្ថាន ដែលបង្កឡើងដោយរោងចក្រកៅស៊ូ និងសិប្បកម្មទឹកកនោះ ឯកឧត្ដម ក៏បានចាត់ក្រុមការងារទៅពិនិត្យ និងអប់រំឲ្យធ្វើការកែសម្រួលបច្ចេកទេសផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រ Fresh News

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់