ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកនាយករង គ្រប់វិស័យនៃសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្តពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់អាចលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អរអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ។ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ នាពេលកន្លងមក។ ឯកឧត្ដមក៍សង្ឃឹមថា ក្នុងអាណត្តិទី៣ សមាជិកក្រុមប្រឹក្សាខេត្តអាណត្តិនេះ រួមគ្នាជាមួយគណ:អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តអនុវត្តជម្រុញអោយរដ្ឋបាលខេត្តត្បូងឃ្មុំ អោយសម្រេចលទ្ធផលការងារល្អៗជាបន្តទៀតផងដែរ។
សូមបញ្ជាក់ដែរថា របៀបវារៈនៃកិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣ បានធ្វើ ការពិនិត្យ ពិភាក្សា និង អនុម័ត ដូចជា៖ សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ / សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ / សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតសមាសភាពគណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ / សេចក្តីព្រាង ស្តីពីការបែងចែកតួនាទី ភារកិច្ច និង របៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តត្បូងឃ្មុំ និង ការស្នើសុំតែងតាំងមន្រ្តីរាជការនៅក្នុងរចនាសម្ព័ន្ធសាលាខេត្តត្បូងឃ្មុំ៕
ប្រភពពីរដ្ឋបាលខេត្តត្បូងឃ្មុំ