សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ​ជួប​សំណេះសំណាល​ជា​មួយ​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត និង​មន្ត្រីរាជការ ខេត្ត​តាកែវ

តាកែវ ១៧ សីហា ២០១៦៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបេសកកម្មទៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៦ ខែសីហានេះ បានអញ្ជើញជួបជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តតាកែវជាច្រើនរយនាក់។

 

តាកែវ ១៧ សីហា ២០១៦៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបេសកកម្មទៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៦ ខែសីហានេះ បានអញ្ជើញជួបជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តតាកែវជាច្រើនរយនាក់។

 

ជាមួយនឹងសេចក្តីរីករាយដែលបានជួបជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សម្តេចអគ្គមហាសេនាបតីតេជោ បានជំរាបជូនថា មុននិងមកដល់នេះ សម្តេចបានចំណាយពេលអស់ជាច្រើនម៉ោង ពីទីក្រុងភ្នំពេញ តាំងពីមុនម៉ោង៦ព្រឹក ក៏ប៉ុន្តែសម្តេចបានចំណាយពេលអស់ជាច្រើនដោយបានជួបជាមួយប្រជាពលរដ្ឋនៅតាមផ្លូវ ជាពិសេសក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលបានឈររង់ចាំស្វាគមន៍ ហើយសម្ដេចក៏បានចុះជួប និងដោះស្រាយបញ្ហានានាជាច្រើនជូនផងដែរ។

 

សម្តេចបានបន្តថា ថ្ងៃនេះ សម្តេចបានវិលត្រឡប់មកកាន់ទីកន្លែងមួយ ដែលចាត់ទុកថា ជាទីកន្លែងដែលមានចរិតប្រវត្តិសាស្ត្រទាក់ទិនជាមួយនឹងដំណើរការនៃការកែទម្រង់។ ការកែទម្រង់លើកទី១ គឺជាដំណាក់កាល នៃការកែទម្រង់ដីធ្លី ដែលពាក់ព័ន្ធជាមួយនឹងការផ្ទេរពីការងារបង្កបង្កើនផលតាមបែបក្រុមសាមគ្គី ទៅកាន់ការចែកដីឱ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធិ។

 

សម្តេចតេជោ បានបន្តថា មានខេត្តពីរដែលសម្តេចបានផ្តោតការយកចិត្តទុកដាក់លើការកែទម្រង់ នោះគឺខេត្តតាកែវ ដែលផ្តោតការយកចិត្តទុកដាក់លើការកែទម្រង់ដីធ្លី និងមួយទៀត គឺខេត្តក្រចេះ ដែលសម្តេចបានផ្តោតការយកចិត្តទុកដាក់លើការអភិរក្ស ហើយខេត្តទាំងពីរនេះ សម្តេចធ្លាប់បានទៅច្រើនជាងគេ។

 

សម្តេចតេជោ បានបន្តទៀតថា នៅក្នុងនីតិកាលទី១ នៃរដ្ឋសភា គេនាំគ្នាបំភ្លេចចោលអស់ នូវតួនាទីរបស់រដ្ឋក្នុងបញ្ហាអន្តរាគមន៍ជូនកសិករ ដូចជាបញ្ហាស្ថានីយបូមទឹកទាំងអស់ដែលបន្សល់ទុកពីអតីតរដ្ឋកម្ពុជា ត្រូវបានឈប់ដំណើរការ, ប្រឡាយមេស្ទើរតែទាំងអស់ត្រូវបានប្រជាជនស្ទូងនៅក្នុងប្រឡាយមេនោះ ដោយសម្តេចបានមានប្រសាសន៍ថា នេះគឺជាកំហុស។

 

សម្តេចបានរម្លឹកថា សម្តេចនៅចាំបានថា ឆ្នាំ១៩៩៤ ដែលចំថ្ងៃសំពះព្រះខែ ប្រជាជននៅពុតសរ បានធ្វើដំណើរទៅក្រុងភ្នំពេញមុខផ្ទះសម្តេចស្វែងរកការជួយអន្តរាគមន៍ ហើយសម្តេចក៏បានចុះមក ទៅកាន់ពុតសរនោះហើយមានការដោះស្រាយអភិវឌ្ឍន៍ជាបន្តបន្ទាប់។

 

ក្នុងពិធីសំណេះសំណាលនេះ សម្តេចនៅមានលើកឡើងអំពីការរីកចម្រើននានាជាច្រើន នៅខេត្តតាកែវ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្តេចបានផ្តាំផ្ញើឱ្យក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តទាំងអស់បន្តការយកចិត្តទុកដាក់គិតគូ ដោះស្រាយបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរថែមទៀត ជាពិសេសបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដូចជាបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ការបង្ក្រាបបទល្មើសដូចជាបញ្ហាចោរលួច ចោរប្លន់ និងទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀន ជាពិសេសអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យបានជោគជ័យ៕

 

អត្ថបទ៖ គេហទំព័រអគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុបាយ័ន
រូបភាព៖ គេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់