ខេត្តស្វាយរៀង៖ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីតួនាទីភារកិច្ចសិទ្ធអំណាច និងរបៀបរបបការងាររបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុងស្រុកទាំង៨ និងលោក លោកស្រី តំណាងអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋជាច្រើនរូបទៀត។
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយដល់គ្រប់អង្គភាពពាក់ព័ន្ធបានជ្រាបអំពីតួនាទី ភារកិច្ច សិទ្ធអំណាចរបស់ការិយាល័យប្រជាពលរដ្ឋ ជាពិសេសនៅក្នុងដំណើរការទទួល សម្រាំង ស៊ើបអង្កេត និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធាណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញការចូលរួមសហការអនុវត្តយន្តការថ្មីនេះឲ្យមានដំណើរការល្អ ស្របតាមគោលការណ៍កំណែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង