វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​​របស់​ក្រុម​ប្រឹក្សា​ខេត្តស្វាយរៀង

ស្វាយរៀង ១២ វិច្ឆិកា ២០១៥៖ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ពៅ សុភាព អភិបាលរងខេត្ត ដោយមានការចូលរួមពី…

ស្វាយរៀង ១២ វិច្ឆិកា ២០១៥៖ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ពៅ សុភាព អភិបាលរងខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរនានាជុំវិញខេត្ត ក្រុមប្រឹក្សាឃុំទាំងអស់ មេភូមិ អនុប្រធានភូមិ នាយក នាយករងសាលាគ្រប់កម្រិត គ្រូបង្រៀន មន្ត្រីរាជការ ប្រជាពលរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលសរុបប្រមាណ ៨៣៥នាក់ ។

បន្ទាប់ពីបានស្តាប់បទបង្ហាញស្តីពីសិទ្ធិអំណាច មុខងាររបស់ក្រុមប្រឹក្សា សមិទ្ធផល និងបញ្ហាប្រឈមក្នុងឆ្នាំកន្លងទៅ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សា និងសកម្មភាពជាអាទិភាព កម្មវិធីវិនិយោគសម្រាប់ឆ្នាំបន្ទាប់រួចមក អង្គវេទិកាបានផ្តល់ឱកាសឱ្យអ្នកពាក់ព័ន្ធមានមតិចូលរួមដោយលើកឡើងជាសំណួរ សំណូមពរ ចម្ងល់ ដែលអង្គវេទិកាទទួលបានជាង៥០សំណួរ ដោយការលើកឡើងផ្ទាល់មាត់ និងសរសេរដាក់ក្នុងហិប ពាក់ព័ន្ធលើការងារចំនួន១១ ដូចខាងក្រោម៖
១.ការងារកសិកម្ម

  •   សុំអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយរកទីផ្សារកសិកផល ដែលប្រជាពលរដ្ឋផលិតបានពិសេសស្រូវ
  •   សុំជួយបណ្តុះបណ្តាលបច្ចេកទេសកសិកកម្មដល់កសិករពិសេសលើដំណាំស្រូវ បន្លែ ចិញ្ចឹមសត្វ

 ២.ការងារធនធានទឹក

  • សុំស្តារប្រឡាយកូនភ្លោះ និង ប្រឡាយតាស្អាង កំពង់ជ្រៃ ដែលមានជម្រៅរាក់
  • ពេលស្តារប្រឡាយហើយសូមជួយកៀរសម្រួលខ្នងប្រឡាយដើម្បីងាយស្រួលធ្វើដំណើរ
  • ប្រឡាយជាច្រើននៅស្រុកស្វាយជ្រំគ្មានទឹក
  • សុំសំណង់ទ្វារទឹកបិទបើកនៅឃុំចំបក់ជៀសវាងទឹកធ្លាក់ទៅប្រទេសវៀតណាម
  • សុំជួយស្តារអាងទឹកនៅឃុំស្វាយអង្គ
  • សុំធ្វើសំណង់បង្ហៀរទឹកនៅស្ពានព្រែកបន្ទាយ ឃុំស្វាយយា
  • សុំជួយទប់ស្តាត់ និងអប់រំប្រជាពលរដ្ឋកុំអោយធ្វើស្រែខ្វៀលយកភ្លឺអស់មិនដើរបាន

៣.ការងារសាធារណការ

  • ស្នើសុំចាក់កៅស៊ូផ្លូវលេខ ៣១៥
  • ការធ្វើស្លាកលេខម៉ូតូប្រជាពលរដ្ឋនៅក្រុងស្វាយរៀងយក២០ដុល្លារ អ្នកក្រៅក្រុងយក៣០ដុល្លារ
  • សុំជួយជួសជុលផ្លូវពីក្លោងទ្វារវត្តស្វាយជ្រំ ទៅឃុំស្វាយយា និងដាក់លូទឹកផង
  • សុំជួយធ្វើផ្លូវមួយខ្សែពីភូមិព្នៅ ទៅភូមិអង្គាសដី ក្នុងឃុំតាសួស

៤.ការងារភូមិឃុំមានសុវត្ថិភាព

  •  សុំអោយនគរបាលប៉ុស្តិ៍រដ្ឋបាលបើកទូរស័ព្ទនៅពេលយប់ និងពេលទូរស័ព្ទចូលសូមលើកផង
  •  ការសម្របសម្រួល និងដោះស្រាយគ្រោះថ្នាក់ចរាចរមានការយឺតយ៉ាវ
  •  សូមជួយរៀបចំសណ្តាប់ធ្នាប់ក្នុងស្រុកអោយបានល្អផងពិសេសផ្សារតាមផ្លូវជាតិលេខ១
  •  ពេលមានករណីចោរលួច ប្លន់ នគរបាលចេញអន្តរាគមន៍មានការយឺតយ៉ាវ តែបើមានទំនាស់ហិង្សាតិចតួចចេញអន្តរាគមន៍លឿន

៥.ការងារសុខាភិបាល

  • ស្នើសុំមណ្ឌលសុខភាពនៅឃុំស្វាយអង្គ
  • សុំអោយគ្រូពេទ្យអនុវត្តក្រមសីលធ៌មជាគ្រូអោយបានល្អ និងយកចិត្តដាក់ដល់ជនក្រីក្រ
  • សុំជួយលប់បំបាត់ការផ្តល់សេវាសុខាភិបាលឯកជនដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

  ៦.ការងារអប់រំ

  • ស្នើសុំអគារសិក្សាមួយខ្នងមាន៦បន្ទប់នៅអនុវិទ្យាល័យហ៊ុនសែនតាជៃ ឃុំកំពង់ចំឡង
  • រាល់ការតែងតាំងនាយក នាយករងសាលា សុំអោយមានការប្រឡងប្រជែង
  • គ្រូជាប់កិច្ចសន្យាដែលគ្មានគរុកោសល្យ តើបង្រៀនមានគុណភាពទេ? ប្រាក់បៀវត្សប៉ុន្មាន?
  • ស្នើសុំអោយរិតបណ្តឹងការប្រឡងថ្នាក់៦ និងថ្នាក់ទី៩ អោយដូចថ្នាក់ទី១២
  • ស្នើសុំអោយមានបណ្ណាល័យគ្រប់សាលា
  • តើការមិនអោយបំបែកថ្នាក់នៅពេលមានសិស្សច្រើន បង្រៀនមានគុណភាពឬទេ?

៧.ការផ្តល់សេវារដ្ឋបាល

  • ការផ្តល់សៀវភៅ និងក្រដាសអត្រានុកូលដ្ឋានអោយឃុំមិនបានគ្រប់គ្រាន់
  • បើមានទិន្នន័យក្នុងអត្រានុកូលដ្ឋានខុស តើត្រូវទៅកែនៅស្ថាប័នណា?
  • តម្លៃសេវាផ្ទេរកម្មសិទ្ធិដីធ្លីដែលមិនទាន់ចុះបញ្ជីតែ១០០.០០០៛ តែមេឃុំយក១០០ដុល្លារ តើខុសទេ?
  • តើពាក្យថា១ច្បាប់ និង១សន្លឹក ខុសគ្នាដូចម្តេច?
  • ការផ្តល់អត្តសញ្ញាណប័ណ្ណថតច្រើនដងនៅតែមិនបាន មានការយកលុយលើសការកំណត់

៨.ការងារអាជ្ញាធរ

  • ស្នើសុំបំបែកភូមិថ្មី និងភូមិតានូ ក្នុងឃុំចំបក់ ដែលមានគ្រួសារ និងប្រជាពលរដ្ឋច្រើន
  • ការធ្វើវេទិកាមានច្រើនផ្នែក តែការដោះស្រាយសំណូមពរមិនបាន ឬបានតិច
  • សូមជួយកាត់បន្ថយការចំណាកស្រុក

៩.ការងារអគ្គីសនី

  • សូមជួយភ្ជាប់បណ្តាញអគ្គីសនីអោយប្រជាពលរដ្ឋប្រើប្រាស់ ព្រោះបង្គោលខ្សែបានតដល់ភូមិ

១០.ការងារហិរញ្ញវត្ថុ

  • ការផ្ទេរថវិកាអោយឃុំមានការយឺតយ៉ាវ (ថវិកាសេវាសង្គម និងរាជ្ជទេយ្យ)

១១.ការងារពន្ធដារ

  • ការទទួលដីបន្តពីឪពុក ម្តាយ ហេតុអ្វីត្រូវបង់ពន្ធដារ ហើយដី៤.៥០០ម៉ែត្រក្រឡាយក៥០ដុល្លារ ត្រឺមត្រូវឬទេ?

 

ចំពោះសំណួរ ចម្ងល់ និងសំណូមពរមួយចំនួនត្រូវបានមន្ទីរជំនាញ លោកអធិការនគរបាល លោកអភិបាលស្រុកបំភ្លឺពន្យល់ ដែលអង្គវេទិកាទទួលយកបាន និងមួយចំនួនទៀតត្រូវរាយការណ៍ជូនថ្នាក់ខេត្ត និងថ្នាក់ជាតិពិនិត្យសម្រេច៕ ដោយៈ សុទ្ធ គីមច័ន្ទ អភិបាលស្រុកស្វាយជ្រំ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់