ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្វាយចេកអាណត្តិទី២ ខេត្ត​បន្ទាយ​មាន​ជ័យ

ស្វាយចេក-បន្ទាយមានជ័យ ១០ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ស្រុកស្វាយចេក អាណត្តិទី២ បានប្រារព្ធធ្វើឡើង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម អ៊ឹម ភាន់សុផល អភិបាលរង នៃ…

ស្វាយចេក-បន្ទាយមានជ័យ ១០ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្វាយចេក អាណត្តិទី២ បានប្រារព្ធធ្វើឡើង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម អ៊ឹម ភាន់សុផល អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម សាំង សាវ៉ាត សមាជិកក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាស្រុកស្វាយចេក។

ក្នុងឱកាសនេះផងដែរ ក៏មានការចូលរួមពីប្រធានមនី្ទរ អង្គភាពជំនាញ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការកងពលតូច៥១ នាយកទីចាត់ការធនធានមនុស្ស សមាជិកក្រុមប្រឹក្សាស្រុកអាណត្តិទី២ គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ អាជីវករក្នុងស្រុក អង្គការជាតិ និងអន្តរជាតិ តំណាងគណបក្សប្រជាជនកម្ពុជា តំណាងគណបក្សសង្គ្រោះជាតិ តំណាងគណបក្សហ្វុនស៊ីនប៊ិច និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត សរុប១៥៤រូប (ស្រ្តី២៣រូប)។

លោក ឃូ  ពៅ អភិបាល នៃគណៈអភិបាលស្រុកមានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសភាពការណ៍ទូទៅរបស់ស្រុកលើការអភិវឌ្ឍលើគ្រប់វិស័យដោយផ្តោតលើការងារសន្តិសុខ និងសុវត្ថិភាពសាធារណៈ ការងារសេដ្ឋកិច្ច និងជីវភាព និងលទ្ធផលការងាររបស់ក្រុមប្រឹក្សាស្រុកអាណត្តិទី១(២០០៩ ២០១៤)។

បន្ទាប់មក លោក ណង វុទី្ធ នាយកទីចាត់ការធនធានមនុស្សនៃសាលាខេត្តបន្ទាយមានជ័យ បានអានអនុក្រឹត្យលេខ ៧៨២ អនក្រ.តត ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការតែងតាំងប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក។ យោងតាមអនុក្រឹត្យ សម្រេចតែងតាំង លោក យ៉ង់ ងួនស្រ៊ាង ជាប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាចំនួន១៤ រូបទៀត។

លោក យ៉ង់ ងួនស្រ៊ាង ប្រធានក្រុមប្រឹក្សាស្រុកដែលទើបប្រកាសតែង បានមានមតិចំណាប់អារម្មណ៍ និងធ្វើការប្តេជ្ញាចិត្ត៖

  1. ភក្តីភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងស្រុក គោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានជាធរមាន និងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ លើកកម្ពស់ប្រសិទ្ធិភាពក្នុងការធ្វើ និងអនុវត្តសេចក្តីសម្រេចប្រកបដោយអភិបាលកិច្ចល្អ។
  2. ខិតខំពង្រឹងរដ្ឋបាលឯកភាពអាចម្ចាស់ការបាន ក្នុងការគ្រប់គ្រងការចាត់ចែងមុខងារ និងធនធាន ហើយមានសមត្ថភាពសម្របសម្រួលនូវសកម្មភាពនៃការផ្តល់សេវា និងការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច។
  3. ពង្រឹងសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីបុគ្គលិក ព្រមទាំងពង្រឹង និងលើកកម្ពស់ទំនាក់ទំនងជាមួយក្រុមប្រឹក្សាតាមបណ្តាប្រភេទ ព្រមទាំងមន្ទីរ ការិយាល័យ អង្គភាព ក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្មលើទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរឹងមាំខ្លាំងក្លា ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

ឯកឧត្តម អ៊ឹម ភាន់សុផល អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានមានមតិសំណេះសំណាល និងផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំស្រុក បន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំអនុវត្តការងារឲ្យសម្រេចបានជោគជ័យ ជាពិសេសបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាស្រុកអាណត្តីទី២ ដែលទើបប្រកាសចូលកាន់តំណែងត្រូវអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋាននានាជាធរមាន។ ចំពោះមុខជាបន្ទាន់នេះ ត្រូវរៀបចំរបៀបរបបការងាររបស់ខ្លួនស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃលេខ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ត្រូវប្រជុំសាមញ្ញលើកទី១មិនឲ្យហួសពី១៥ថ្ងៃបន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សានាថ្ងៃនេះ។ កិច្ចប្រជុំសាមញ្ញលើកទី១ក្រុមប្រឹក្សាត្រូវធ្វើការផ្សព្វផ្សាយ និងស្តាប់របាយការណ៍ លើបញ្ហាមួយចំនួនដូចជា៖

  1. ផ្សព្វផ្សាយសេចក្តីណែនាំ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។
  2. ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែ
  3. អភិបាលស្រុកធ្វើរបាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួន ក្នុងការដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិទី១ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ និងណែនាំក្រុមប្រឹក្សាត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ មិនឲ្យមុន២៥ថ្ងៃ ឬលើស៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំលើកទី១។ ក្នុងកិច្ចប្រជុំលើកទី២ ក្រុមប្រឹក្សាស្រុកត្រូវអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១ ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សា និងប្រតិទិននៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សារយៈពេល១២ខែ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់