យន្តការគាំទ្រ និងពង្រឹងសមត្ថភាពគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារក្រុង ស្រុក និងឃុំ សង្កាត់

ស្រុកស្រីស្នំ-សៀមរាប ២១ សីហា ២០១៤៖ គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ស.ក) ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បានចុះប្រជុំផ្សព្វផ្សាយ ស្តីពីការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ស.ក ក្រុង ស្រុក នៅស្រុកស្រីស្នំ។

 

ស្រុកស្រីស្នំ-សៀមរាប ២១ សីហា ២០១៤៖ គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ស.ក) ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បានចុះប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ស.ក ក្រុង ស្រុក នៅស្រុកស្រីស្នំ។

កិច្ចប្រជុំផ្សព្វផ្សាយនេះដឹកនាំដោយលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគ.ក.ស.ក ខេត្ត អមដំណើរដោយឯកឧត្តម កៅ សោភ័ណ សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន   គ.ក.ស.ក ខេត្ត ព្រមទាំង ក្រុមការងារថ្នាក់ខេត្ត។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ មានប្រធានក្រុមប្រឹក្សាស្រុក សមាជិកគ.ក.ស.ក ស្រុក សមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) ឃុំ ស្មៀនឃុំ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សរុបចំនួន ៦៩នាក់ ក្នុងនោះមានស្រ្តីចំនួន៣០ នាក់។

គោលបំណងនៃការផ្សព្វផ្សាយនេះ គឺដើម្បីពង្រឹងសមត្ថភាពសមាជិកគ.ក.ស.កស្រុក និងគ.ក.ន.កឃុំ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្តី កុមារ យុវវ័យ និងជនងាយរងគ្រោះក្នុងមូលដ្ឋាន។

លោក តូច ស៊ីម ប្រធានក្រុមប្រឹក្សាស្រុកស្រីស្នំ បានលើកឡើងនូវសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់គ.ក.ស.កស្រុក និងគ.ក.ន.កឃុំ ដោយកន្លងមកកម្រិតសមត្ថភាព និងចំណេះដឹងអំពីការអនុវត្តតួនាទី ភារកិច្ចរបស់គ.ក.ស.កស្រុក និងគ.ក.ន.ក ឃុំនៅមិនទាន់យល់ច្បាស់ និងនៅមានកម្រិត។ នេះជាឱកាសល្អ ដែលមានក្រុមកាងារថ្នាក់ខេត្តដឹកនាំ ផ្ទាល់ដោយលោក ជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគ.ក.ស.កខេត្ត បានចុះមកគាំទ្រ និងពង្រឹងសមត្ថភាពដល់ថ្នាក់ស្រុក។ លោកបានសំណូមពរ ឱ្យអ្នកចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ ចូលរួមពិភាក្សា និងសាកសួរ ឱ្យបានផុលផុស ដើម្បីស្វែងយល់ ឱ្យបានស៊ីជម្រៅ លើប្រធានបទ ដែលបានបង្ហាញ ដោយក្រុមការងារថ្នាក់ខេត្ត។

ក្រុមការងារខេត្តបានបង្ហាញប្រធានបទដូចជា៖ ទី១-ការអនុវត្តតួនាទី ភារកិច្ច និងទំនាក់ទងរបស់គ.ក.ស.កខេត្ត គ.ក.ស.កក្រុង ស្រុក តួនាទី ភារកិច្ចរបស់មន្ទីរ និងការិយាល័យពាក់ព័ន្ធ និងតួនាទីភារកិច្ចរបស់គ.ក.ន.កឃុំ សង្កាត់។ ទី២-ការប្រើប្រាស់ថវិកា ផ្នែកសេវាសង្គម ការកំណត់ឯកសារភ្ជាប់ តាមអាណត្តិបើកប្រាក់ សម្រាប់ទូទាត់ចំណាយ លើសកម្មភាព សេវាសង្គម និងដំណើរការរៀបចំផែនការសកម្មភាព និងថវិកាសេវាសង្គម។ ទី៣-បទពិសោធន៍នៃនីតិវិធីការរៀបចំរបាយការណ៍ និងការសរសេរ កំណត់ហេតុកិច្ចប្រជុំគ.ក.ស.កក្រុង ស្រុក។ ទី៤-បទពិសោធន៍ក្នុងការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់គ.ក.ស.ក ដោយប្រើប្រាស់ថវិកាខេត្ត ក្រុង ស្រុក។

លោកជំទាវ ស៊ិន ណម បានមានប្រសាសន៍ថា ចាប់ពីដើមឆ្នាំ២០១៤ ដល់ចុងអាណតិទី១ នៃគ.ក.ស.កខេត្ត ក្រុមការងារ បានអនុវត្ត សកម្មគាំទ្រ និងពង្រឹងសមត្ថភាពដល់គ.ក.ស.កស្រុកបានចំនួន ០៤ នៅសល់០៨ ក្រុង ស្រុកទៀត បន្តអនុវត្ត ចាប់ពេលនេះទៅ រហូតដល់គ្រប់ទាំង ១២ ក្រុង ស្រុក។

លោកជំទាវបានផ្តាំផ្ញើអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពដោយ ទី១-ដាក់បញ្ជូល សកម្មភាព ពាក់ព័ន្ធនឹងស្រ្តី កុមារ យុវវ័យ និងជនងាយរងគ្រោះក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោបីឆ្នាំរំកិលប្រចាំឆ្នាំ។ ទី២-ត្រូវពង្រឹងបណ្តាញ ការងារថ្នាក់ ស្រុក ឃុំ ដោយរៀបចំឱ្យមានលេខទូរស័ព្ទទំនាក់ទំនងជាមួយជនបង្គោលតាមឃុំ។ ទី៣-ផ្តល់យោបល់ និងចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធនឹងស្រ្តី កុមារ យុវវ័យ និងជនងាយរងគ្រោះ ក្នុងដែនសមត្ថកិច្ច របស់ក្រុមប្រឹក្សា។ ទី៤-រាយការណ៍អំពីលទ្ធផលការងារ និងបញ្ហាប្រឈមជូនក្រុមប្រឹក្សា និងគណៈអភិបាល ដើម្បីមានវិធាន ដោះស្រាយ ជូនអ្នករងគ្រោះបានទាន់ពេលវេលា ទី៥-ត្រូវព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួន។ 

លោកជំទាវបានស្នើឱ្យអាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវធ្វើឱ្យមានភាពស៊ីសង្វាក់គ្នារវាងផែនការអភិវឌ្ឍន៍ក្នុងដែនដីរបស់ខ្លួន ដោយ ត្រូវសហការ ជាមួយការិយាល័យជំនាញជំវិញស្រុក អង្គការសង្គមស៊ីវិលនានា ក្នុងគោលបំណងដើម្បីបន្ស៊ីរាល់ផែនការសកម្មភាព សំដៅចូលរួមចំណែកសម្រេចឱ្យបាននូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕ អត្ថបទ៖ លោក ជៀប សំអាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិខេត្តសៀមរាប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់