ប្រជា​កសិករ​ឃុំគិរីវ័ន្ត ស្រុក​ភ្នំស្រួច​នាំគ្នា​ដាំ​អំពៅ​ទឹកឃ្មុំ​ជំនួស​ការ​ធ្វើស្រែ

កំពង់ស្ពឺ ២០ កុម្ភៈ ២០១៥៖ អំពៅមានច្រើនប្រភេទដូចជាអំពៅខ្មៅ អំពៅឫស្សី អំពៅទឹកឃ្មុំជាដើម ដែលសុទ្ធតែមានរសជាតិផ្អែមដូចគ្នា ប៉ុន្តែអ្វីដែលគែចូលចិត្តដាំជាងគេពេលនេះ គឺអំពៅទឹកឃ្មុំ។ 

 

កំពង់ស្ពឺ ២០ កុម្ភៈ ២០១៥៖ អំពៅមានច្រើនប្រភេទដូចជាអំពៅខ្មៅ អំពៅឫស្សី អំពៅទឹកឃ្មុំជាដើម ដែលសុទ្ធតែមានរសជាតិផ្អែមដូចគ្នា ប៉ុន្តែអ្វីដែលគែចូលចិត្តដាំជាងគេពេលនេះ គឺអំពៅទឹកឃ្មុំ។

 

អ្នកដាំអំពៅភាគច្រើនមិនសូវបានហូបទឹករបស់វាប៉ុន្មានទេ ដោយសារតែរវល់មើលថែឱ្យអំពៅដុះលូតលាស់ល្អ គឺអ្នកទិញឯណោះទេដែលអាចយកទៅកៀបយកទឹករបស់វាលក់ ឬក៏ចាក់ជាស្ករអំពៅ។ បច្ចុប្បន្នប្រជាពលរដ្ឋចូលចិត្តដាំអំពៅច្រើនជាងគេ នៅឃុំគិរីវ័ន្ត ស្រុកភ្នំស្រួចហើយការប្រកបរបរដាំអំពៅ នេះធ្វើឱ្យជីវភាពរបស់ពួកគាត់មានការរីកចម្រើនជាលំដាប់។

 

បើយើងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទៅដល់ផ្សារត្រពាំងក្រឡឹង ស្ថិតក្នុងឃុំគិរីវ័ន្ត គឺតំបន់នោះសម្បូរទៅដោយចម្ការអំពៅដែលមើលទៅឃើញពណ៌បៃតងស្រស់គួរជាទីចាប់អារម្មណ៍ដោយសារប្រជាពលរដ្ឋនៅតំបន់នោះដាំអំពៅជាលក្ខណៈគ្រួសារ។ នេះជារបរមួយក្រោយពីធ្វើស្រែរួច ដែលអ្នកខ្លះនិយាយថា ការដាំអំពៅបានប្រាក់ចំណូលច្រើនគួរសម។

 

ការដាំនេះគឺដាំទៅតាមទំហំដីដែលមាន អ្នកខ្លះតិច អ្នកខ្លះច្រើន ដោយម្នាក់ៗប្រកបរបរដាំអំពៅជិត១០ឆ្នាំមកហើយ ដែលពីដំបូងបានប្រាក់ចំណូលតិចតួចទេចាប់ពី២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល មិនដូចបច្ចុប្បន្ននេះទេ ក្នុងមួយចម្ការទទួលបានចំណូលពី២លាន ទៅ៣លានរៀល។

 

លោក នៅ នឿន អាយុ៤០ឆ្នាំ ជាអ្នកដាំអំពៅម្នាក់ដែររៀបរាប់ថា មុនដំបូងគ្រួសារគាត់ដាំនៅលើទំហំផ្ទៃដីតូចទេ ប៉ុន្តែក្រោយមកក៏ចេះតែពង្រីកធំឡើងៗតាំងពីកន្លះហិកតា រហូតដល់២ ហិតតាទៅតាមលទ្ធភាពហើយក៏ចេះតែកាក់កបរហូតមិនដែលខូចខាតទេ។

 

ឆ្នាំនេះគ្រួសារគាត់ដាំអំពៅទឹកឃ្មុំក្នុងទំហំដី២ហិតតា ស្មើនិង៧ម៉ឺនដើម។ បើគិតចាប់តាំងពីដាំ រហូតដល់កាប់លក់មក រយៈពេល៧ខែហើយ។ ការដាំអំពៅនេះ គឺហត់នឿយបន្តិច តម្រូវឱ្យមានភាពអត់ធ្មត់ច្រើនទើបបាន ព្រោះថាអំពៅលូតលាស់អាស្រ័យលើការថែទាំ ជាពិសេសត្រូវមានទឹកគ្រប់គ្រាន់ ហើយត្រូវចំណាយដើមទុនប្រមាណជា១១លានរៀលទៅលើកម្មករ និងទិញជីក្នុងនោះជីធម្មជាតិដូចជា លាមកគោ លាមកមាន់ លាយដីដំបូក ចំណែកទឹកវិញគឺដាក់ក្នុងមួយអាទិត្យម្ដងមិនអាចខកខានទេ។

 

លោកនៅ នឿនបញ្ជាក់ថា ចាប់តាំងពីដាំរហូតដល់ប្រមូលផល គឺទទួលបានប្រាក់កម្រៃចាប់ពី២០លាន ទៅ២៥លានរៀល ដោយលក់ក្នុងមួយបាច់៣.៥០០រៀល(១០ដើម) ហើយអ្នកទទួលទិញគឺលក់បន្ត១បាច់ ៥.០០០រៀល (១០ដើម)។

 

កាដាំអំពៅនឿយហត់ខ្លាំង តែបានប្រាក់ចំណូលច្រើនគួរសមគ្រាន់បើជាងធ្វើស្រែ បើកុំតែបានដាំអំពៅ ម្ល៉េះសមគ្រួសារគាត់ជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចជាមិនខាន។ អំពៅដែលមានការថែទាំ ដាក់ជី និងស្រោចទឹកបានគ្រប់គ្រាន់គឺលូតលាស់ល្អ ដើមធំៗ និងថ្លោស ចំណែកទឹកមានរស់ជាតិផ្អែមឆ្ងាញ់។ អំពៅដែលមានការថែទាំល្អ ចាប់ពី១គុម្ភមាន៥ដើម ទៅ៧ដើម ឯណោះ ពេលខ្លះកាប់លក់ជាដើម ពេលខ្លះលក់ជាបាច់ ប៉ុន្តែការលក់ជាដើមចំណេញជាងព្រោះលក់១បាច់១០ដើមថ្លៃ ៣.៥០០រៀល រីឯលក់ដើម១ដើម៥០០រៀល៕

អត្ថបទដកស្រង់ចេញពីសារព័ត៌មាន កោះសន្តិភាព លេខ៨៤១៣ ចេញផ្សាយថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ២០១៥

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់