ខេត្តព្រៃវែង៖ មេឃុំ ស្មៀនឃុំ និងមេភូមិនៅក្នុងស្រុកស៊ីធរកណ្តាលខេត្តព្រៃវែងសរុបចំនួនប្រមាណ ១០២រូបបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី តួនាទីនិងភារកិច្ចមេឃុំ ស្មៀនឃុំ និងមេភូមិ ក្នុងកិច្ចអភិវឌ្ឍន៏និងអភិបាលកិច្ចមូលដ្ឋានក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលព្រៃវែង។
តំណាងរាស្ត្រមណ្ឌលព្រៃវែងឯកឧត្តម ជាម ប៉េអា បានមានប្រសាសន៍ឱ្យដឹងថា វគ្គបណ្តុះបណ្តាលដែលក្រសួងមហាផ្ទៃសហការជាមួយរដ្ឋបាលស្រុកស៊ីធរកណ្តាលរៀបចំឡើងឱកាសនេះមានគោលបំណងដើម្បីបង្កើនសមត្ថភាពដល់រដ្ឋបាលឃុំក្នុងការលើកកម្ពស់ និងសម្របសម្រួលដល់កិច្ចអភិវឌ្ឍមូលដ្ឋាន និងអភិបាលកិច្ចមូលដ្ឋាន តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
ឯកឧត្តមបានមានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលយ៉ាងដូច្នេះថា៖”ការលើកកម្ពស់សមត្ថភាពដល់អាជ្ញាធរមូលដ្ឋានតាមរយៈការបណ្តុះបណ្តាលពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យគាត់បានយល់ដឹងច្បាស់អំពី តួនាទី ភារកិច្ច មុខងារ និងធនធានដែលគាត់មាន។ កាលណាគាត់យល់ដឹងនោះ គាត់អាចផ្តល់សេវា និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកាន់តែប្រសើរ”។
នៅក្នុងឱកាសវគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តឡើងរយៈពេលមួយថ្ងៃនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នាសាលប្រជុំរដ្ឋបាលស្រុកស៊ីធរកណ្តាលនេះ សិក្ខាកាមទាំងអស់ពិតជាបានចាប់អារម្មណ៍យ៉ាងខ្លាំងដោយបានអង្គុយយកចិត្តទុកដាក់ស្តាប់ និងកត់ត្រាបទបង្ហាញអំពី តួនាទី និងភារកិច្ចរបស់មេឃុំ ស្មៀនឃុំ និងភូមិដែលឧទ្ទេសនាមដោយឯកឧត្តម យិន មាលីណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ។
ជាមួយគ្នាដែរ សិក្ខាកាមបានលើកសំណួរសួរទៅកាន់វាគ្មិន និងតំណាងរាស្ត្រអំពី ការកសាងដីកា និងការរៀបចំវេទិការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាការឆ្លើយតបនឹងសំណួររបស់សិក្ខាកាម ឯកឧត្តម ជាម បេអ៉ា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងឯកឧត្តម យិន មាលីណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃបានជួយបកស្រាយបញ្ជាក់បន្ថែមនិងលើកយកឧទាហរណ៍ជាក់ស្តែងជូនពួកគាត់ ដើម្បីឱ្យការអនុវត្តតាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យកាន់តែធានាបាននូវការលើកកម្ពស់។
សូមជម្រាបជូនថា ស្រុកស៊ីធរកណ្ដាលមានឃុំចំនួន១១ រួមមាន ឃុំព្រៃដើមថ្នឹង អំពិលក្រៅ ជ្រៃឃ្មុំ ល្វេ ព្នៅទី១ ព្នៅទី២ ពោធិ៍ទី ព្រែកចង្ក្រាន ព្រៃទឹង រំលេច និងឃុំឫស្សីសាញ់៕