ការ​រៀបចំ​ដីកា និង​ការ​អនុវត្ត​មុខងារ​ជា​ជម្រើស​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ៣ កក្កដា ២០១៤៖ ការរៀបចំដីការបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិគឺជាការ ឆ្លើយតបទៅនឹងមាត្រា៣០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ហើយនៅក្នុងមាត្រា៣១នៃច្បាប់នេះ ក្រុមប្រឹក្សាត្រូវបំពេញ មុខងារ និងភារកិច្ច ធ្វើសេចក្តីសម្រេចនៅក្នុងអង្គប្រជុំ ហើយរាល់សេចក្តីសម្រេច ត្រូវបានអនុវត្ត…

ភ្នំពេញ ៣ កក្កដា ២០១៤៖ ការរៀបចំដីការបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការឆ្លើយតបទៅនឹងមាត្រា៣០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ហើយនៅក្នុងមាត្រា៣១នៃច្បាប់នេះ ក្រុមប្រឹក្សាត្រូវបំពេញ មុខងារ និងភារកិច្ច ធ្វើសេចក្តីសម្រេចនៅក្នុងអង្គប្រជុំ ហើយរាល់សេចក្តីសម្រេច ត្រូវបានអនុវត្ត។ មាត្រា៣២នៃច្បាប់នេះ ចែងថា ក្រុមប្រឹក្សាប្រើប្រាស់សិទ្ធបញ្ញត្តិរបស់ខ្លួនធ្វើដីកា ស្របទៅតាមបញ្ញត្តិដូចមានចែងនៅក្នុងច្បាប់។ នេះជាការថ្លែងរបស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។

ការថ្លែងនេះធ្វើឡើងនៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើ ឯកសារគតិយុត្តចំនួន៣ ដែលរួមមាន សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ ការកែសម្រួល និងការលុបចោលដីការបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ អនុក្រឹត្យស្តីពីការជ្រើសរើស ការចាត់ចែង ការគ្រប់គ្រង និងការអនុវត្តមុខងារជាជ្រើសដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងឯកសារក្របខ័ណ្ឌផែនការសម្រាប់ដំណាក់កាលទី២នៃ (ផអ៣) កម្មវិធីជាតិ១០ឆ្នាំសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ដែលធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០១៤ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដែលរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមកិច្ចសហប្រតិបត្តិការជាមួយ EU-SPACE (GIZ)។

កិច្ចពិគ្រោះ យោបល់នេះមានការចូលរួមពី អភិបាល ប្រធានក្រុមប្រឹក្សា និងនាយករដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (៧ខេត្ត ១រាជធានី ១០ក្រុង ស្រុក ខណ្ឌ) តំណាងអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ អនុកម្មវិធីនៃផអ៣ ក្រសួងកិច្ចការនារី ក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងពាក់ព័ន្ធ តំណាងកម្មវិធី EU-SPACE អង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិល សរុបចំនួន ១០៨ រូប។

 

ឯកឧត្តម សក់ សេដ្ឋា ថ្លែងថា ប្រទេសកម្ពុជាបានប្រកាន់យកនូវប្រព័ន្ធមួយដែលក្រុមប្រឹក្សាមានអំណាចទាំងបញ្ញត្តិ និងប្រតិបត្តិ។ នៅប្រទេសមួយចំនួនដែលក្រុមប្រឹក្សា និងអភិបាលដែលកើតចេញពីការបោះឆ្នោត គេចែកអំណាច។ ក្រុមប្រឹក្សាធ្វើអំណាចបញ្ញត្តិ រីឯអភិបាលធ្វើអំណាចប្រតិបត្តិ ។ «ប៉ុន្តែ នៅប្រទេសយើង នៅពេលដែលពិភាក្សាអំពីច្បាប់ យើងចង់លើកកម្ពស់តម្លាភាព និងគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។ ដូច្នេះ យើងឲ្យអំណាចដល់ក្រុមប្រឹក្សាទាំងអំណាចបញ្ញត្តិ និងប្រតិបត្តិ។ អំណាចបញ្ញត្តិរបស់ក្រុមប្រឹក្សាគឺតាមរយៈការចេញដីកា រីឯ អំណាចប្រតិបត្តិរបស់ក្រុមប្រឹក្សាគឺមានអភិបាល និងរដ្ឋបាលផ្សេងៗទៀតរបស់ក្រុមប្រឹក្សាជាអ្នកប្រតិបត្តិសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា។ ប៉ុន្តែ អ្នកអនុវត្តត្រូវធ្វើទៅតាមការសម្រេចរបស់ក្រុមប្រឹក្សា។ រដ្ឋបាលថ្នាក់ក្រោមជាតិអាចធ្វើជាដីកាបាន នៅពេលដែលជ្រើសរើសមុខងារជាជម្រើសយកមកប្រើ»។

ឯកឧត្តម បន្តថា នៅក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺមានភាពបត់បែនទៅតាមគោលការណ៍ច្បាប់ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួង ស្ថាប័នថ្នាក់ជាតិ។ រាល់ដីកាទាំងអស់ត្រូវសម្រេចដោយក្រុមប្រឹក្សា។ ការចុះហត្ថលេខាលើដីកា នឹងត្រូវសិក្សាស្រាវជ្រាវបន្តទៀត ហើយនឹងត្រូវដាក់ជូន គ.ជ.អ.ប និងរដ្ឋាភិបាលជាអ្នកសម្រេច។ ឯកឧត្ដម សក់ សេដ្ឋា បានលើកឡើងនូវជម្រើសពីរទាក់ទងការចុះហត្ថលេខាលើដីកា។ ដីកាមិនពាក់ព័ន្ធមនុស្សត្រូវចុះហត្ថលេខាដោយក្រុមប្រឹក្សា ហើយដីកាពាក់ព័ន្ធមនុស្សត្រូវចុះហត្ថលេខាដោយអភិបាល។ «អ្នកណាចុះហត្ថលេខាក៏ដោយ គឺត្រូវស្ថិតក្នុងអំណាចរបស់ក្រុមប្រឹក្សា ព្រោះក្រុមប្រឹក្សាមានអំណាចទាំងបញ្ញត្តិ ទាំងប្រតិបត្តិ។ អ្នកចុះហត្ថលេខាគឺក្នុងនាមក្រុមប្រឹក្សា។ នេះបើយោងតាមច្បាប់។  នរណាចុះហត្ថលេខា វាមិនសំខាន់នោះទេ សំខាន់គឺក្រុមប្រឹក្សាបានអនុម័ត»។

ទាក់ទងនឹងការរៀបចំដីកា ឯកឧត្ដម មានប្រសាសន៍ថា អ្នកណារៀបចំដីកាគឺមិនសំខាន់ សំខាន់គឺក្នុងនាមក្រុមប្រឹក្សា។ ការចូលជាធរមាននៃដីកា នឹងត្រូវសិក្សាបន្ថែម ប៉ុន្តែ ឯកឧត្តម ថា ជាធម្មតា អ្វីដែលចុះហត្ថលេខាហើយ គឺត្រូវចូលជាធរមាន គ្រាន់តែអនុវត្ត ហើយអនុវត្តចាប់ពីប៉ុន្មានថ្ងៃក្រោយ។ ដីកាខ្លះកំណត់អំពីពេលវេលានៃការចូលធរមាន សម្រាប់រយៈពេលខាងមុខ ឬក៏ដីកាខ្លះដាក់ចូលជាធរមាននៅថ្ងៃចុះហត្ថលេខា ប៉ុន្តែអនុវត្តនៅប៉ុន្មានខែខាងមុខ ហើយការត្រួតពិនិត្យនីត្យានុកូលភាពនៃដីកានឹងពិភាក្សាជាមួយក្រុមការងារ។ បើតាមយោបល់ទាក់ទងការត្រួតពិនិត្យនីត្យានុកូលភាព ឯកឧត្តម លើកឡើងថា រាល់ការចេញដីកា ក្នុងកំណែទម្រង់វិមជ្ឈការ គួររដ្ឋបាលថ្នាក់ក្រោមជាតិទទួលខុសត្រូវ។ ប៉ុន្តែក្នុងករណីមានភាពមិនច្បាស់លាស់នៃការចេញដីកា អាចស្នើសុំពិគ្រោះយោបល់ពីថ្នាក់ជាតិ។ បើដីកានោះមានការចូលរួមពិគ្រោះយល់ពីគ្រប់អ្នកពាក់ព័ន្ធ ឯកឧត្តម ជឿជាក់ថា វាមិនងាយនឹងខុសនោះទេ។

អំពីមុខងារជាជម្រើសវិញ មុខងារជាជម្រើសគឺពាក់ព័ន្ធនឹងអ្វីដែលមានផលប៉ះពាល់ដល់សហគមន៍ដែលក្រសួង ស្ថាប័នមិនដែលចាត់ចែង ហើយរដ្ឋបាលថ្នាក់ក្រោមជាតិអាចជ្រើសរើសយកមក ចាត់ចែង គ្រប់គ្រង ប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍ដល់សហគមន៍ ហើយនិងមុខងាររបស់ក្រសួង ស្ថាប័ន ដែលក្រសួង ស្ថាប័ននោះ មិនបានអនុវត្ត ហើយរដ្ឋបាលថ្នាក់ក្រោមជាតិអាចជ្រើសរើសយកមកអនុវត្ត ហើយក្រសួង ស្ថាប័ននោះ មិនជំទាស់។

ចំពោះការរៀបចំឯកសារស្ដីពីផែនការអនុវត្ត (ផអ៣) ដំណាក់កាលទី២ នៃកម្មវិធីជាតិ១០ឆ្នាំសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឯកឧត្តម សក់ សេដ្ឋា ថ្លែងថា កម្មវិធីជាតិរយៈពេល១០នេះ ត្រូវបានបែងចែកជាបីដំណាក់កាលនៅក្នុងការអនុវត្ត ដំណាក់កាលទី១រយៈពេល៤ឆ្នាំ ដំណាក់កាលទី២រយៈពេល៣ និងដំណាក់កាលទី៣រយៈពេល៣ឆ្នាំ។ ផអ៣ដំណាក់កាលទី១បានពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីមានមូលដ្ឋានគ្រឹះសម្រាប់អនុវត្តផអ៣ដំណាក់កាលទី២ ដែលផ្តោតលើការផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ បើសមត្ថភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិមិនមានភាពរឹងមាំទេនោះ ការអនុវត្តផអ៣ដំណាក់កាលទី២ និងកម្មវិធីជាតិនឹងជួបការលំបាក៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់