រាជធានីភ្នំពេញ៖ នារសៀលថ្ងៃ១០ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិសហការជាមួយនឹងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើ ”សេចក្ដីព្រាងយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩~២០២៥” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងទីប្រឹក្សាសរុបចំនួនប្រមាណ ៦០រូប ដើម្បីពិនិត្យការធ្វើបទបង្ហាញរបស់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងផ្តល់មតិយោបល់លើសេចក្តីព្រាងនេះ។
យោងតាមបទបង្ហាញរបស់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥មានទិសដៅ៖
-
- ការប្រែក្លាយជាបណ្តើរៗនូវប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ដោយកំណត់ក្របខ័ណ្ឌពេលវេលាច្បាស់លាស់ និង ការដាក់ចេញផែនការសកម្មភាពកែទម្រង់ អភិក្រមដែលមានលក្ខណៈសាមញ្ញ, ទន់ភ្លន់, តម្លាភាព និងគណនេយ្យភាព ស្របតាមសមត្ថភាព និង តថភាពជាក់ស្តែងនៃកម្ពុជា
- ការពង្រឹង និង ពង្រីកការអនុវត្ត ថវិកាកម្មវិធី ជាបណ្តើរៗ ដើម្បីធានាឱ្យបាន ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ជាពិសេស គោលបំណងគោលនយោបាយរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតម្រឹមជាមួយនឹងគោលបំណង/អាទិភាពគោលនយោបាយជាតិ
- ការធ្វើសមាហរណកម្មនៃផែនការនីយកម្មរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺធ្វើឱ្យការគ្រោងផែនការមានលក្ខណៈប្រមូលផ្តុំ ដើម្បីតម្រង់ទិស, បែងចែកមុខងារ និង កំណត់ការទទួលខុសត្រូវឱ្យកាន់តែច្បាស់លាស់ជាងមុន សម្រាប់ជាមូលដ្ឋានក្នុងការតម្រឹមជាមួយផែនការរបស់មន្ទីរជំនាញរាជធានី និងខេត្ត៕