ការផ្សព្វផ្សាយអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីធានាការការពារធនធានព្រៃឈើ ជលផល និងតំបន់ការពារធម្មជាតិ

ភ្នំពេញ ២៥ មេសា ២០១៤៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ រួចមក ក្រសួងមហាផ្ទៃ…

ភ្នំពេញ ២៥ មេសា ២០១៤៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ រួចមក ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ បានធ្វើការផ្សព្វផ្សាយអនុក្រឹត្យនេះដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា ដើម្បីធានានូវការអនុវត្តអនុក្រឹត្យនេះ និងវិធានការការពារធនធានព្រៃឈើ ជលផល និងតំបន់ការពារធម្មជាតិឲ្យមានប្រសិទ្ធភាព។

ដើម្បីធានាឲ្យមានការចូលរួម និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសទូទាំងប្រទេស ក្នុងនោះរួមទាំងបទល្មើស ពាក់ព័ន្ធនឹងព្រៃឈើ ជលផល និងតំបន់ការពារធម្មជាតិផង រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យថ្មីមួយ ស្តីពីគណៈបញ្ជាការឯកភាព ជំនួសអនុក្រឹត្យចាស់ ដែលបានដាក់ឲ្យអនុវត្តតាំងពីឆ្នាំ១៩៩៤។

អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានគោលបំណងពង្រឹងតួនាទី ការទទួលខុសត្រូវ និងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការពារធនធានព្រៃឈើ ជលផល តំបន់ការពារធម្មជាតិ ការបង្ការទប់ស្កាត់ និងការបង្រ្កាបបទល្មើសនានានៅទូទាំងប្រទេស។ អនុក្រឹត្យនេះ មានគោលដៅកំណត់នូវសមាសភាព តួនាទី ភារកិច្ច សិទ្ធិអំណាច និងរបៀបរបបការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ អង្គភាពខ្សែបណ្តោយរបស់ក្រសួង ស្ថាប័ននានានៅថ្នាក់ក្រោមជាតិ។

ការផ្សព្វផ្សាយអនុក្រឹត្យនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ស ខេង នាយករដ្ឋមន្ត្រីស្តីទី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានការចូលរួមពីឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីពាក់ព័ន្ធ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល ស្នងការនគរបាល មេបញ្ជាការយោធភូមិភាគ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត អធិការរដ្ឋបាលព្រៃឈើ អធិការរដ្ឋបាលជលផល ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរបរិស្ថាន ប្រធានខណ្ឌរដ្ឋបាលព្រៃឈើ ប្រធានខណ្ឌរដ្ឋបាលជលផល នាយកឧទ្យានជាតិ និងតំបន់ការពារសត្វព្រៃ និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ៣១១ រូប។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យនេះ ឯកឧត្តម ស ខេង មានប្រសាស៍ថា ដោយពិនិត្យឃើញធនធានព្រៃឈើ  ជលផល និងតំបន់ការពារធម្មជាតិកំពុងទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ ហេតុនេះរាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់ យន្តការគណៈបញ្ជាការឯកភាព ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសទាក់ទងនឹងវិស័យទាំងនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសចាប់តាំងពីការបោះឆ្នោតជាតិលើកទី៥ មកទល់បច្ចុប្បន្ន ធនធានព្រៃឈើ ជលផល និងតំបន់ការពារធម្មជាតិទូទាំងប្រទេសបាន និងកំពុងទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភបំផុត។ « ប្រសិនបើមិនមានវិធានការទាន់ពេលវេលាទេនោះ  យើងទាំងអស់គ្នា គឺជាអ្នកទទួល ខុសត្រូវចំពោះមុខប្រវត្តិសាស្រ្ត»។

ឯកឧត្តម ស ខេង ថ្លែងបន្តថា គណៈបញ្ជាការឯកភាពជាយន្តការសម្របសម្រួលដឹកនាំ មិនមែនជាស្ថាប័ននោះឡើយ។ ហេតុនេះ ការទទួលខុសត្រូវតាមវិស័យនៅតែជារបស់ស្ថាប័នដែលបង្កើតឡើងដោយច្បាប់។ ទោះបីមិនមែនជាស្ថាប័ន ប៉ុន្តែយន្តការនេះមានអាណត្តិការងារច្បាស់លាស់ដែលកំណត់ដោយអនុក្រឹត្យ។ ហេតុនេះ យន្តការនេះមានការទទួលខុសត្រូវពេញលេញខាងផ្លូវច្បាប់។

មាត្រា៦នៃអនុក្រឹត្យស្តីពីគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចែងថា៖ “គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវដឹកនាំ បញ្ជាកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច មន្ទីរ អង្គភាពពាក់ព័ន្ធនានា រួមបញ្ចូល ទាំងខណ្ឌ ផ្នែករដ្ឋបាលព្រៃឈើ ខណ្ឌ ផ្នែករដ្ឋបាលជលផល និងឧទ្យានុរក្សតំបន់ ការពារធម្មជាតិ ដើម្បីចាត់វិធានការស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន”។

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ស ខេង សង្កត់ធ្ងន់ថា គណៈបញ្ជាការឯកភាពដែលមានអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាប្រធាន មានសមត្ថកិច្ច សិទ្ធិអំណាចសម្របសម្រួល ដឹកនាំ បញ្ជា និងតាមដានត្រួតពិនិត្យ សកម្មភាពបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អង្គភាពមានសមត្ថកិច្ចនានានៅថ្នាក់ក្រោមជាតិ។  ក្នុងន័យនេះ ក្រសួង ស្ថាប័ននីមួយៗនៅតែទទួលខុសត្រូវក្នុងវិស័យ ដែលខ្លួនទទួលខុសត្រូវស្របតាមច្បាប់ លិខិតបទដ្ឋានជាធរមានដដែល។

មាត្រា៥នៃអនុក្រឹត្យស្តីពីគណៈបញ្ជាការឯកភាពក៏បានតម្រូវឲ្យមានកិច្ចសហការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានព្រំប្រទល់ជាប់គ្នាក្នុងការថែរក្សាសន្តិសុខ ការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនានា ក្នុងនោះរួមទាំងបទល្មើសពាក់ព័ន្ធព្រៃឈើ ជលផល និងតំបន់ការពារធម្មជាតិ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់