អភិបាលខេត្ត​ស្ទឹងត្រែង​ចុះ​ពិនិត្យ​ផ្លូវ​អភិវឌ្ឍន៍​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន

ស្ទឹងត្រែង ១៨ មីនា ២០១៥៖ ផ្លូវអភិវឌ្ឍន៍តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ឡាវ នៅខេត្តស្ទឹងត្រែង ត្រូវបានកងវិស្វកម្មធ្វើការឈូសឆាយបានជាង៥០គីឡូម៉ែត្រ និងលើកតួផ្លូវចាក់ក្រាលគ្រួសក្រហមបានចំនួន២៣គីឡូម៉ែត្រ ដើម្បីការពារទឹកដីធ្វើឲ្យមានសន្តិសុខល្អសម្រាប់ប្រជាជននៃប្រទេសទាំង២។

ស្ទឹងត្រែង ១៨ មីនា ២០១៥៖ ផ្លូវអភិវឌ្ឍន៍តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ឡាវ នៅខេត្តស្ទឹងត្រែង ត្រូវបានកងវិស្វកម្មធ្វើការឈូសឆាយបានជាង៥០គីឡូម៉ែត្រ និងលើកតួផ្លូវចាក់ក្រាលគ្រួសក្រហមបានចំនួន២៣គីឡូម៉ែត្រ ដើម្បីការពារទឹកដីធ្វើឲ្យមានសន្តិសុខល្អសម្រាប់ប្រជាជននៃប្រទេសទាំង២។

 

ក្នុងឱកាសចុះពិនិត្យ ផ្លូវព្រំដែនកំពុងស្ថាបនា និងផ្ដល់ស្បៀងឧបត្ថម្ភដល់កងវិស្វកម្មនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥  ឯកឧត្ដម កុល សំអុល អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ផ្លូវនេះពេលស្ថាបនារួចរាល់និងក្លាយទៅជាផ្លូវប្រវត្តិសាស្ត្រមួយសម្រាប់កូនចៅយើងជំនាន់ក្រោយៗ ហើយយើងក៏អាចការពារបូរណភាពទឹកដីរបស់ជាតិយើងបានតទៅអនាគត។

 

ឯកឧត្ដម អភិបាលខេត្តមានប្រសាសន៍បន្តទៀតថា៖” កងវិស្វកម្មរបស់យើងត្រូវខិតខំជំរុញសកម្មភាពបន្តទៀតឲ្យសម្រេចបានតាមផែនការ អគ្គមេបញ្ជាការ និងតាមទិសដៅប្រមុខរាជរដ្ឋាភិបាល។ ហើយត្រូវខិតខំបង្កើនការយកចិត្តទុកដាក់ជំរុញលទ្ធភាពចុះជួយបងប្អូនជាបន្តទៀតសំដៅ ធ្វើឲ្យការការពារបូរណភាពរបស់យើងមានភាពរឹងមាំជាប្រវត្តិសាស្ត្រសម្រាប់អនាគតជាតិនៅពេលខាងមុខ”។

 

លោក សេង អិដ្ឋ ប្រធានការដ្ឋានកងវិស្វកម្មលេខ៧១៧ ស្ថាបនាផ្លូវនេះបានបញ្ជាក់ថា ក្រុមការងារបានធ្វើសកម្មភាពរយៈពេលជាង២ខែមកហើយទោះបីជួបការលំបាកយ៉ាងណាក៏ដោយក៏ស្ថាបនាទទួលបានលទ្ធផលច្រើនចាប់ពីបង្គោលព្រំដែនលេខ០៣៤រហូតជិតដល់បង្គោលលេខ០៣៩ដូចដែលគណៈប្រតិភូអញ្ជើញមកពិនិត្យផ្ទាល់។

 

លោកប្រធានការដ្ឋានអភិវឌ្ឍន៍ផ្លូវនេះអះអាងថា៖ ក្រុមការងារនិងខិតខំសហការគ្នាធ្វើការអភិវឌ្ឍន៍ឲ្យបានទៅតាមផែនការដែលអង្គភាពប្រគល់ឲ្យសម្រេចបាន៥០គីឡូម៉ែត្រ ឲ្យទាល់តែបាន ព្រោះមកដល់បច្ចុប្បន្ននេះ រយៈពេល២ខែសម្រេចបាន២៣គីឡូហើយ តែការចាក់គ្រួសយឺតបន្តិច ដោយសារគ្រឿងចក្របញ្ជូនមកពីឆ្ងាយ និងជួបការលំបាកឈូសព្រៃឈើ។

 

សូមបញ្ជាក់ថា ៖ ការចុះទៅពិនិត្យនិងឧបត្ថម្ភស្បៀងដល់កងវិស្វកម្មនេះជាលើកទី២ហើយបន្ទាប់ពីក្រុមវិស្វកម្មមកធ្វើការស្ថាបនាផ្លូវនៅតាមខ្សែបន្ទាត់ព្រំដែនចាប់ចេញពីចំណុចផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រទឹកដីសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ទៅតាមបង្គោលព្រំដែនដែលភាគីទាំង២បានបោះបង្គោលរួច៕

អានអត្ថបទដើមទាំងស្រុង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់