ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្ទឹងហាវ អាណត្ដិទី២

ស្ទឹងហាវ-ព្រះសីហនុ ៦ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ អាណត្ដិទី២ ត្រូវបានរៀបចំឡើង…

ស្ទឹងហាវ-ព្រះសីហនុ  ៦ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ អាណត្ដិទី២ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ឯកឧត្ដម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ និងឯកឧត្ដម សូរ ជុងហ៊ួ សមាជិកក្រុមប្រឹក្សាខេត្ដព្រះសីហនុ នៅសាលប្រជុំស្រុកស្ទឹងហាវ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ដ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់ ក្រុមប្រឹក្សាឃុំ ព្រមទាំងមន្រ្តីនៃសាលាស្រុកស្ទឹងហាវ សរុប ៨៨នាក់ (ស្ដ្រី ១០នាក់)។

 

បន្ទាប់ពីលោក បាន សារុំ អភិបាលនៃគណៈអភិបាលស្រុកស្ទឹងហាវមានមតិស្វាគមន៍រួចមក លោក អៀម សារិន នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ដ បានអានអនុក្រឹត្យលេខ៨០១អនក្រ.តត របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សាស្រុកស្ទឹងហាវចំនួន ០៧រូប (ស្រ្ដី ០១រូប)។ 

 

បន្ទាប់មក ឯកឧត្ដម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ បានប្រគល់អនុក្រឹត្យទទួលស្គាល់ ជូនលោក ឯម ប៊ុនសាត ជាប្រធានក្រុមប្រឹក្សាស្រុកស្ទឹងហាវ និងសមាជិកក្រុមប្រឹក្សាចំនួន០៦រូបផ្សេងទៀត។ 

 

លោកប្រធានក្រុមប្រឹក្សាស្រុកស្ទឹងហាវ បានមានប្រសាសន៍ដោយប្ដេជ្ញាអនុវត្ដនូវកិច្ចការជាអាទិភាពសម្រាប់ក្រុមប្រឹក្សាស្រុកអាណត្ដិទី២ សំដៅចូលរួមចំណែកការអនុវត្ដនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

 

ឯកឧត្ដម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាស្រុកស្ទឹងហាវ និងថ្នាក់ដឹកនាំស្រុកស្ទឹងហាវ បន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យសម្រេចបានជោគជ័យ ជាពិសេសសមាជិកក្រុមប្រឹក្សាស្រុកស្ទឹងហាវអាណត្ដិទី២ ត្រូវធ្វើការប្រជុំសាមញ្ញទី១ មិនឲ្យហួសពី ១៥ថ្ងៃបន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងនេះ៕ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់