ឯកឧត្ដម ​ង៉ាន់ ចំរើន៖ ការ​ចូល​រួម​របស់​អង្គការ​សង្គម​ស៊ីវិល នឹង​ជួយ​ពង្រឹង​អភិបាល​កិច្ច​ល្អ

ភ្នំពេញ ៣១ សីហា ២០១៦៖ ការចូលរួមរបស់អង្គការសង្គមស៊ីវិល នឹងជួយពង្រឹងអភិបាលកិច្ចល្អដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។

 

ភ្នំពេញ ៣១ សីហា ២០១៦៖ ការចូលរួមរបស់អង្គការសង្គមស៊ីវិល នឹងជួយពង្រឹងអភិបាលកិច្ចល្អដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។

 

ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍នៅក្នុងពិធីសម្ពោធដំណើរការគម្រោងថ្នាក់ក្រោមជាតិដើម្បីពង្រឹងអង្គការសង្គមស៊ីវិល កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

 

ឯកឧត្ដមង៉ាន់ ចំរើន មានប្រសាសន៍ថា ដើម្បីពង្រឹងអភិបាលកិច្ចល្អទាមទារឱ្យមានការចូលរួមពីដៃគូពាក់ព័ន្ធទាំងអស់ ព្រោះថារាជរដ្ឋាភិបាលតែឯងក៏មិនអាចធ្វើការបានគ្រប់ជ្រុងជ្រោយនោះដែរ។ ក្រសួងមហាផ្ទៃ ក៏ដូចជាលេខាធិការដ្ឋាន គ.ជ.អ.ប តែងចាត់ទុកអង្គការសង្គមស៊ីវិលជាផ្នែកមួយដ៏សំខាន់នៃការចូលរួមទាំងការអនុវត្ត និងរៀបចំគោលនយោបាយផងដែរ។

 

ឯកឧត្ដមង៉ាន់ ចំរើន បានគាំទ្រ និងបានចាត់ទុកការសម្ពោធដំណើរការគម្រោងថ្នាក់ក្រោមជាតិដើម្បីពង្រឹងអង្គការសង្គមស៊ីវិល ដែលត្រូវអនុវត្តដោយអង្គការសង្គមស៊ីវិលនឹងអាចពង្រឹងបណ្ដាញអង្គការរបស់ខ្លួន ដើម្បីមានលទ្ធភាពចូលរួមជាមួយរាជរដ្ឋាភិបាលពង្រឹងគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលជាផ្នែកសំខាន់នៃអភិបាលកិច្ចល្អ។

 

គួរបញ្ជាក់ថា គម្រោងស្ដីពីការពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិលដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ត្រូវបានសម្ពោធដោយអង្គការវីអេសអូកម្ពុជា និងដៃគូគម្រោងនានា ដែលផ្ដល់ការពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិលក្នុងគោលដៅក្លាយខ្លួនជាតួអង្គសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច និងគណនេយ្យភាព និងជំរុញឱ្យមានការបង្កើតគោលនយោបាយប្រកបដោយបរិយាប័ន្ន។ គម្រោងនឹងបង្កើនសមត្ថភាពលើការគ្រប់គ្រងស្ថាប័នបណ្ដាញ ការគ្រប់គ្រងចំណេះដឹង ការកៀរគរធនធាន និងការតស៊ូមតិ ដើម្បីបង្កើតឱ្យមាននូវលទ្ធផលកាន់តែប្រសើរដល់ប្រជាពលរដ្ឋ។ គម្រោងនេះមានរយៈពេល៣០ខែ និងអនុវត្តក្រោមការគាំទ្រសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា លើខេត្តគោលដៅចំនួន៨រួមមាន៖ ខេត្តសៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់