ការ​បង្កើន​ការ​យល់ដឹង​របស់​អង្គការ​សង្គម​ស៊ីវិល​ស្ដីពី​គណនេយ្យ​ភាព​សង្គម​

"

ភ្នំពេញ ១៦ មិថុនា ២០១៥៖ សមាជិកក្រុមការងារវិមជ្ឈការតាមរយៈភាពជាដៃគូ (WGPD) ប្រមាណ៤០រូប ដែលអញ្ជើញមកពីរាជធានី ខេត្ត កាលពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០១៥ បានចូលរួមសិក្ខាសាលាស្ដីពីការបង្កើនការយល់ដឹងរបស់អង្គការសង្គមស៊ីវិលស្ដីពីគណនេយ្យភាពសង្គម នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច នៃក្រសួងមហាផ្ទៃ…

ភ្នំពេញ ១៦ មិថុនា ២០១៥៖ សមាជិកក្រុមការងារវិមជ្ឈការតាមរយៈភាពជាដៃគូ (WGPD) ប្រមាណ៤០រូប ដែលអញ្ជើញមកពីរាជធានី ខេត្ត កាលពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០១៥ បានចូលរួមសិក្ខាសាលាស្ដីពីការបង្កើនការយល់ដឹងរបស់អង្គការសង្គមស៊ីវិលស្ដីពីគណនេយ្យភាពសង្គម នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច នៃក្រសួងមហាផ្ទៃ។

 

សិក្ខាសាលាថ្នាក់ជាតិដែលរៀបចំដោយក្រុមការងារវិមជ្ឈការតាមរយៈភាពជាដៃគូ (WGPD) នេះ មានគោលបំណងដើម្បីបង្កើនការយល់ដឹងរបស់សមាជិក WGPD និងអង្គការសង្គមស៊ីវិលលើផែនការយុទ្ធសាស្ត្រស្ដីពីគណនេយ្យភាពសង្គម និងការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម។

 

លោក កេង ប៊ុនឈឿន ប្រធានគណៈកម្មការ WGPD បានលើកឡើងថា ដើម្បីជួយជំរុញកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា WGPD បានចូលរួមផ្តល់យោបល់ជាច្រើនដល់លេខាធិការដ្ឋានគ.ជ.អ.ប ក្នុងការដាក់បញ្ចូលក្របខណ្ឌគណនេយ្យភាពសង្គម ក្នុងផែនការអនុវត្តរយៈពេលបីឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) (២០១៥-២០១៧)។  

 

លោក កេង ប៊ុនឈឿន មានប្រសាសន៍បន្ថែមថា ដោយសារការងារគណនេយ្យភាពសង្គមគឺជាការងារថ្មី ដូច្នេះ ក្រុមការងារWGPD ត្រូវស្វែងយល់អោយកាន់ច្បាស់ពីផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម និងបន្តសហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងការអនុវត្តផែនការនេះអោយកានតែមានប្រសិទ្ធភាព។

 

ក្នុងសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញពីបទពិសោធន៍ និងបញ្ហាប្រឈមនានានៃការអនុវត្តផែនការសកម្មភាពគណនេយ្យភាពសង្គមពីតាមខេត្តគោលដៅ និងអង្គការសង្គមស៊ីវិលដែលជាដៃគូផងដែរ។ 

 

រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីខែកក្កដា ឆ្នាំ២០១៣ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងផ្ដល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈ ការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

យន្តការគណនេយ្យភាពសង្គមបានផ្ដល់ឱកាសឲ្យអ្នកផ្ដល់សេវា និងអ្នកទទួលសេវាមានឱកាសជួបជជែកពិភាក្សាគ្នាអំពីចំណុចខ្វះខាត និងចាត់អាទិភាព ចំពោះសកម្មភាពជាគន្លឹះនានា ដែលអាចជួយកែលំអការផ្ដល់សេវាសាធារណៈទាំងឡាយ។ លើសពីនេះ ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវា អាចតាមដានមើលការបំពេញការងាររបស់អ្នកផ្ដល់សេវាសាធារណៈបានច្រើនជាងមុន ដោយផ្ទៀងផ្ទាត់ទៅតាមកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ(I4C)។

 

គួរបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ លេខាធិការដ្ឋាន គ.ជ.អ.ប បានអនុវត្តផែនការយុទ្ធសាស្រ្តស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយវិភាជន៍ថវិកាមួយចំនួនដល់ស្រុកគោលដៅចំនួន២២ នៃខេត្តចំនួន១២។ ក្នុងនោះផងដែរ លេខាធិការដ្ឋាន គ.ជ.អ.ប ក៏បានសហការគាំទ្រជាមួយអង្គការដៃគូក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តការងារគណនេយ្យភាពសង្គមផងដែរដែលរួមមាន អង្គការទស្សនៈពិភពលោក អង្គការផេកកម្ពុជា អង្គការរ៉ាឆា និងអង្គការស្តាកម្ពុជា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់