ពលរដ្ឋ​ស្រុក​សៀម​ប៉ាង​ត្រេកអរ​ទទួល​បាន​ផ្លូវ​ស្រួល​ធ្វើដំណើរ

ស្ទឹងត្រែង ១៦ មីនា ២០១៥៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសេកុងនិងឃុំថ្មកែវជិត១០០០គ្រួសារបាននាំគ្នាសំដែងការត្រេកអរ ចំពោះអាជ្ញាធរស្រុកសៀមប៉ាង រួមនិងក្រុមកងវិស្វកម្មក្រសួងការពារជាតិបានចាប់ផ្ដើមកសាងផ្លូវលំប្រវែងជាង៣០គីឡូម៉ែត្រ ដើម្បីដោះស្រាយនូវភាពលំបាកដែលពួកគាត់រងនូវភាពលំបាកញ៉ាំញើ ជាយូរឆ្នាំមកហើយនោះ។

 

ស្ទឹងត្រែង ១៦ មីនា ២០១៥៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសេកុងនិងឃុំថ្មកែវជិត១០០០គ្រួសារបាននាំគ្នាសំដែងការត្រេកអរ ចំពោះអាជ្ញាធរស្រុកសៀមប៉ាង រួមនិងក្រុមកងវិស្វកម្មក្រសួងការពារជាតិបានចាប់ផ្ដើមកសាងផ្លូវលំប្រវែងជាង៣០គីឡូម៉ែត្រ ដើម្បីដោះស្រាយនូវភាពលំបាកដែលពួកគាត់រងនូវភាពលំបាកញ៉ាំញើ ជាយូរឆ្នាំមកហើយនោះ។

 

ក្នុងពិធីបើកការដ្ឋានសាងសងផ្លូវលំនៅស្រុកសៀមប៉ាង កន្លងមកថ្មីៗនេះ លោក អ៊ុន គង់អាយុ៧៣ឆ្នាំ ប្រជាពលរដ្ឋនៅឃុំថ្មកែវ ស្រុកសៀមប៉ាងបាន លើកឡើងថា៖ គាត់រស់នៅក្នុងឃុំនេះផ្លូវធ្វើដំណើរពិបាកយូរឆ្នាំមកហើយចង់ទៅណាមកណាច្រើនធ្វើដំណើរតាមទូកពីព្រោះផ្លូវគោកធ្វើដំណើរកាត់ ព្រៃលំបាកពួកគាត់ចង់បានផ្លូវបែបនេះជាយូរមកហើយ ទើបតែទទួលបាននៅក្នុងឆ្នាំនេះ។ កាលពីមុនវាពិបាកធ្វើដំណើរទៅខាងណាក៏ពិបាក ឥឡូវឃើញថាបានផ្លូវនេះសប្បាយហើយ មានចិត្តរីករាយសប្បាយដល់កូនចៅអនាគតទៅមុខ សូមឲ្យកូនចៅប្រើប្រាស់ថែរក្សា ថែទាំរក្សាផ្លូវនេះឲ្យបានស្អាតដើម្បីឲ្យបានគង់វង់យូរឆ្នាំ។

 

លោក ស៊ី សួន អភិបាលស្រុកសៀមប៉ាង មានប្រសាសន៍ថា សមិទ្ធផលថ្មីយើងត្រូវតែការពារជាសម្បត្តិរបស់យើងទាំងអស់គ្នាដែលបានខិតខំស្នើសុំជា យូរមកហើយតែការអភិវឌ្ឍរាជរដ្ឋាភិបាលផ្ដល់ឲ្យទៅតាមជំហ៊ាននីមួយៗដូចនេះពេលទទួលបានហើយប្រជាពលរដ្ឋទាំងអស់ត្រូវតែសហការគ្នារួមគ្នា ថែរក្សាប្រើប្រាស់ឲ្យបានយូរ បម្រើឲ្យផលប្រយោជន៍រួមរបស់យើង។

 

លោកឧត្ដមសេនីយ៍ទោ ប៊ូ ផាន់សាវី អនុប្រធាននាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិបានអះអាងថា ៖ ក្រុមការងារនឹងខិតខំប្រឹងប្រែងស្ថាបនាឲ្យផ្លូវនេះឲ្យហើយក្នុងជំហានដំបូងចំនួន១២ គីឡូម៉ែត្រ នៅមុនរដូវវស្សាចូលមកដល់ និងបន្តបន្ទាប់ទៀតអនុវត្តឲ្យហើយទៅតាមផែនការក្នុងទិសដៅចំនួន៣៥ គីឡូម៉ែត្រ ចេញពីទីរួមស្រុកសៀមប៉ាងឆ្លងកាត់ឃុំថ្មកែវ និងឃុំសេកុង ទៅដល់ទីវរៈបញ្ជាការកងទ័ពលេខ១០១ ។

 

លោក ដួង ពៅ អភិបាលរងខេត្តមានប្រសាសន៍ទទួលស្គាល់ថា ៖ ការអភិវឌ្ឍន៍ផ្លូវនេះពិតជាមានភាពយឺតយ៉ាវមែន តែការមកធ្វើយឺតប្រសើរជាងមិនបានមកធ្វើសោះ។ លោកអភិបាលរងមានប្រសាសន៍ទៀតថា ក្នុងដំណើរការអភិវឌ្ឍន៍ផ្លូវនេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងឃុំនីមួយៗ ត្រូវមានការអធ្យាស្រ័យ និងយោគយល់ទៅលើផលប៉ះពាល់ណាមួយ បើមានប៉ះពៀរទៅលើដីកម្មសិទ្ធរបស់បងប្អូន សូមឲ្យចូលរួមបរិច្ចាគដើម្បីយើងរួមគ្នាអភិវឌ្ឍន៍ភូមិ ឃុំរបស់យើងឲ្យមានការរីកចំរើនលើគ្រប់វិស័យ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់