ពិធី​ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី២

ស្ទឹងត្រែង ៧ មិថុនា ២០១៤៖ ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ បានរៀបចំពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី២ នៅសាលាប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព…

ស្ទឹងត្រែង ៧ មិថុនា ២០១៤៖ ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ បានរៀបចំពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី២ នៅសាលាប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម លួ រ៉ាមីន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តស្ទឹងត្រែង និងគណៈប្រតិភូអមដំណើរជាច្រើនរូបទៀត។ 

 

ពិធីនេះមានការចូលរួមពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងទីប្រឹក្សាកម្មវិធីជាតិថ្នាក់ខេត្ត សរុបប្រមាណ ១១៥នាក់ (ស្រី៤០នាក់)

 

ជាមួយនឹងការថ្លែងនូវសុន្ទរកថាស្វាគមន៍ប្រកបដោយគារវកិច្ច និងមានភាពកក់ក្ដៅចំពោះ

វត្តមានរបស់ថ្នាក់ដឹកនាំ និងគណៈប្រតិភូថ្នាក់ជាតិ ឯកឧត្ដម កុល សំអុល អភិបាលនៃគណៈ

អភិបាលខេត្ត បានរាយការណ៍ដោយសង្ខេបនូវលទ្ធផលសម្រេចបានក្នុងការអនុវត្តការងារ

របស់រដ្ឋបាលខេត្តស្ទឹងត្រែងក្នុងអាណត្តិទី១ របស់ក្រុមប្រឹក្សាខេត្ត ដោយផ្ដោតលើវិស័យ

សំខាន់ៗរួមមានលទ្ធផលការងាររបស់ក្រុមប្រឹក្សា ខេត្ត និងសមិទ្ធផលតាមវិស័យ និងការ

ធានាបាននូវស្ថេរភាពសន្តិសុខ សណ្ដាប់ ធ្នាប់សង្គមទាំងក្នុងការបោះឆ្នោត ពិធីបុណ្យជាតិ

ធំៗ និងព្រឹត្តិការណ៍សំខាន់ៗ ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការអនុវត្ត

ផែនការ និងថវិកានៃផែនការអនុវត្តរយៈពេល៣ឆ្នាំដំបូង (ផអ៣) នៃកម្មវិធីជាតិ១០ឆ្នាំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឈានទៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងទាំងមូល។

 

បន្ទាប់ពីឯកឧត្តម ឈឹម កាន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃបានអានព្រះរាជក្រឹត្យ ស្តីពីការទទួលស្គាល់សមាសភាពប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី២ ឯកឧត្ដម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តអាណត្តទី២ បានមានមតិចាប់អារម្មណ៍ ប្ដេជ្ញាចិត្ត និងសំដែងនូវគារវកិច្ចយ៉់ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  ដែលទ្រង់បានត្រាស់បង្គាប់ទទួលស្គាល់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។ សូមថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែបានជួយគាំទ្រ និងដឹកនាំសម្របសម្រួលក្នុងការបំពេញមុខងារ តួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងអាណត្តិទី១ ទទួលបានលទ្ធផលល្អប្រសើរ។

 

ក្នុងនាមក្រុមប្រឹក្សាខេត្តអាណត្តិទី២ ឯកឧត្ដមបានធ្វើការប្ដេជ្ញាចិត្តថានឹងខិតខំប្រតិបត្តិដោយភកី្តភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ខិតខំពង្រឹងរដ្ឋបាលឯកភាពខេត្តដើម្បីម្ចាស់ការក្នុងការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធាននានា សំដៅលើកកម្ពស់សមត្ថភាព និងអភិវឌ្ឍស្ថាប័ន។ ពង្រឹងសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល បុគ្គលិក  និងទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សាតាមប្រភេទ ព្រមទាំងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្នុងដែនសមត្ថកិច្ច។ ទទួលយកនូវមតិផ្តាំផ្ញើ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បន្ថែមទៀតពី ឯកឧត្តមអធិបតី ដើម្បីយកទៅអនុវត្តការងារឲ្យមានប្រសិទ្ធភាព តាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ  និងក្រសួង ស្ថាប័ននានាបានប្រគល់ជូន ឱ្យសម្រេចបានជោគជ័យ។

 

ក្នុងឱកាសដ៏នក្ខត្តឫក្សនោះឯកឧត្ដម លួ រ៉ាមីន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តស្ទឹងត្រែង បានមានមតិសំណេះសំណាល ព្រមទាំងផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំខេត្ត ឲ្យបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំអនុវត្តការងារឲ្យសម្រេចបានជោគជ៍យ ជាពិសេសបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាខេត្តថ្មី អាណត្តីទី២ ដែលទើបប្រកាសចូលកាន់តំណែងត្រូវអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាននានាជាធរមាន។ ចំពោះមុខជាបន្ទាន់នេះត្រូវរៀបចំរបៀបរបបការងាររបស់ខ្លួនស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃលេខ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ត្រូវប្រជុំសាមញ្ញលើកទី១មិនឲ្យហួសពី១៥ថ្ងៃបន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សានាថ្ងៃនេះ។ 

 

ក្នុងឱកាសនេះដែរ ឯកឧត្ដមក៏បានជំរុញឲ្យរដ្ឋបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងដែនសមត្ថកិច្ច ជំរុញសកម្មភាពការងារផអ៣ លើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងធានាបាននូវស្ថេរភាពសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង៕ អត្ថបទ និងរូបភាពដោយ៖ លោក ម៉ែន គុង ប្រធានការិយាល័យរបៀប និងឯកសារ សាលាខេត្តស្ទឹងត្រែង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់