វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែង ២៥ ធ្នូ ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង លើកទី១ អាណត្តទី២ សម្រាប់ ក្រុងស្ទឹងត្រែង បានប្រព្រឹត្តទៅ នៅព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នៅទីលានសាធារណៈ ខាងមុខ សាលាខេត្ត ស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្ដម ញ៉ែម សាម៉ន ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម កុល សំអុល អភិបាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែង។

ស្ទឹងត្រែង ២៥ ធ្នូ ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តស្ទឹងត្រែង លើកទី១ អាណត្តទី២ សម្រាប់ ក្រុងស្ទឹងត្រែង បានប្រព្រឹត្តទៅ នៅព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នៅទីលានសាធារណៈ ខាងមុខ សាលាខេត្ត ស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្ដម ញ៉ែម សាម៉ន ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម កុល សំអុល អភិបាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែង។

វេទិការបស់ក្រុមប្រឹក្សាដែលរៀបចំឡើងនាឱកាសនេះផ្ដោត ជាសំខាន់លើប្រធានបទចំនួនប្រាំពីរ រួមមាន៖ ទីមួយ៖ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គោលនយោបាយភូមិឃុំមានសុវត្ថិភាព មាន៩ចំណុច ទីពីរ៖ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទីបី៖ការងារបរិស្ថាន ការគ្រប់គ្រង  ប្រើប្រាស់ដីធ្លី អភិបាលកិច្ចព្រៃឈើ និងជលផល និងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ទីបួន៖ការងារអប់រំ-ការបង្រៀននិងរៀនរបស់គ្រូនិងសិស្ស ទីប្រាំ៖ការងារសុខភាព អនាម័យ ទឹកស្អាត និងមរណភាពមាតាទារក ទីប្រាំមួយ៖ការចុះបញ្ជីអត្រានុកូលដ្ឋាន និងធ្វើអត្តសញ្ញាណប័ណ្ណថ្មី និង ទីប្រាំពីរ៖ការងារសោភ័ណភាពទីប្រជុំជននិងទីក្រុងស្អាត។

 

ថ្លែងក្នុងពិធីបើកអង្គវេទិកា ឯកឧត្ដម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ច្បាប់តម្រូវឱ្យក្រុមប្រឹក្សារៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងគោលបំណងដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ឯកឧត្ដម បានបញ្ជាក់បន្ថែមពីបទពិសោធន៍នៃការធ្វើ វេទិកាឆ្នាំ២០១៣ កន្លងមកទៅ សំណួរ និងសំណូមពរប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធមួយចំនួនធំ ត្រូវបានបកស្រាយបំភ្លឺ ឆ្លើយតប និងបានដោះស្រាយបានប្រមាណ ៨៧% រីឯបញ្ហាដែលនៅសេសសល់ចំនួន ១៣% មិនទាន់បានបកស្រាយបំភ្លឺឱ្យបានទាន់ពេលវេលា ដោយសារមានរយៈពេលខ្លីពេក ហើយបញ្ហាមួយចំនួនទៀត ការដោះស្រាយមានលក្ខណៈជាប្រព័ន្ធ មិនអាចឆ្លើយតបបានភ្លាមៗបាន ដោយត្រូវការពេលវេលាសមស្រប។  ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត បានចាប់អារម្មណ៍និងយកចិត្តទុកដាក់ដោះស្រាយជូនជាបន្តបន្ទាប់។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានបានថ្លៃងនូវក្ដីអំណរគុណចំពោះអង្គការព្រហ្មវិហារធម៌ (PVT) អង្គការសង្គ្រោះកុមារ (Save the Children) អង្គការសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA) អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (CRDT) អង្គការភូមិខ្ញុំ (MVi) អង្គការសន្តិភាព និងអភិវឌ្ឍន៍ (PYD) និងអង្គការថែទាំ និងសង្គ្រោះកុមារ (CRY) បានចូលរួម និងគាំទ្រជាថវិកាសម្រាប់ដំណើរការវេទិកាក្រុមប្រឹក្សា លើកទី១ អាណត្តិទី២ ផងដែរ។

ឯកឧត្ដម កុល សំអុល អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍អំពីសមិទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្ត ក្នុងឆ្នាំ២០១៤ រួមមាន៖ ការគ្រប់គ្រងប្រជាពលរដ្ឋ ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សភាពការណ៍សន្តិសុខតាមព្រំដែន កម្ពុជា-ឡាវ  សមិទ្ធផលវិស័យកសិកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ វិស័យទេសចរណ៍ វិស័យអប់រំសិក្សាធិការ វិស័យសុខាភិបាល អនាម័យ បរិស្ថាន ធនធានធម្មជាតិ ការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។

ជាមួយគ្នានោះ ឯកឧត្ដមក៏បានបង្ហាញនូវបញ្ហាប្រឈមមួយចំនួន និងទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំបន្ទាប់ ដើម្បីធានាបាននូវការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងទូទាំងខេត្តជាបណ្ដើរៗ។ ដើម្បីជំរុញឲ្យដំណើរការអង្គវេទិកានោះទទួលបានជោគជ័យស្របតាមគោលបំណង លទ្ធផលរំពឹងទុក និងប្រធានបទគោលទាំង៧ ឯកឧត្ដមបានស្នើសុំឲ្យអ្នកចូលរួមទាំងអស់ចូលរួមជាមតិយោបល់ លើកឡើងជាសំណូមពរ សំណើ និងបញ្ហានានាដែលជាកង្វល់របស់ប្រជាពលរដ្ឋ ក្នុងន័យចូលរួមចំណែកការអភិវឌ្ឍខេត្ត។

សមាសភាពចូលរួមក្នុងវេទិកានោះ រួមមាន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុងស្ទឹងត្រែង គណៈអភិបាលក្រុងស្ទឹងត្រែង ប្រធាន-អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងស្នងការរង មេបញ្ជាការរងនៃកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ក្រុមប្រឹក្សាសង្កាត់ទាំង៤ មេភូមិទាំង១៧ មន្រ្តីរាជការសាលាខេត្ត សាលាក្រុង និងប្រជាពលរដ្ឋមកពីសង្កាត់ទាំងបួន សរុបមានចំនួន ២៥៦នាក់ (ស្រី១០៨នាក់)៕ ដោយៈ មន្ត្រីសាលាខេត្តស្ទឹងត្រែង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់