អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​គោក្របី​ជូន​ប្រជាពលរដ្ឋ​

ស្ទឹងត្រែង ៨ កក្កដា ២០១៤៖ អាជ្ញាធរខេត្តស្ទឹងត្រែងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ គោក្របី នៅក្នុងសង្កាត់ សាមគ្គីដើម្បីបង្ការទបស្កាត់កុំអោយកើតមានជំងឺឆ្លង គោ ក្របីជាកំលាំងអូសទាញរបស់កសិករក្នុងពេលដែលកសិករយើងកំពុងត្រូវការ កំលាំងអូសទាញ ជាមធ្យោបាយ…

ដោយ: ងិន លីម កម្ពុជាថ្មី ថ្ងៃអង្គារ ទី08 កក្កដា ឆ្នាំ2014 ម៉ោង15:05

http://www.kampucheathmey.com/local-news/general-news/11420-2014-07-08-08-05-05.html

ស្ទឹងត្រែង ៨ កក្កដា ២០១៤៖ អាជ្ញាធរខេត្តស្ទឹងត្រែងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺគោក្របី នៅក្នុងសង្កាត់ សាមគ្គីដើម្បីបង្ការទបស្កាត់កុំអោយកើតមានជំងឺឆ្លង គោ ក្របីជាកំលាំងអូសទាញរបស់កសិករក្នុងពេលដែលកសិករយើងកំពុងត្រូវការកំលាំងអូសទាញ ជាមធ្យោបាយក្នុងការធ្វើការងារបង្កបង្កើនផល និងជួយពន្លឿនដល់វិស័យកសិកម្ម។

ក្នុងកម្មវិធីយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺគោក្របីជាង៣០០ក្បាលជូនកសិករនៅសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ នេះលោក ទូច ធា ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា ការចាក់ថ្នាំការពារជម្ងឺ ឆ្លងគោក្របីមានចំនួនបីមុខគឺជំងឺបូសខ្យល់ សារទឹក និងអ៊ុតក្តាម កុំឲ្យកើតឆ្លងពីមួយទៅមួយ ហើយយុទ្ធនាការនេះមន្ទីរកសិកម្ម រូមនឹងអាជ្ញាធរខេត្តបានរៀបចំឡើងជារៀងរាល់ឆ្នាំទៅតាមមូលដ្ឋានណាដែលកសិករមានគោក្របីប្រើច្រើនដើម្បីការពារកុំឲ្យកើតជម្ងឺឆ្លង ក្របី គោជួយដល់កសិករជាកំលាំងអូសទាញនៅរដូវវស្សានេះ។

លោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៏ថា កំលាំងអូសទាញជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កលក្ខណៈងាយស្រូលដល់កសិករធ្វើការងារបង្កបង្កើនផល ជាទម្លាប់របស់ខ្មែរពីបុរាណកាលមកដែលបានប្រើគោក្របីជាកំលាំងជំនួសគ្រឿងយន្តទៅតាមលទ្ធភាព ។

លោក អភិបាលខេត្តបញ្ជាក់ថា ខាងលើនេះបងប្អូនកសិករត្រូវប្រឹងប្រែងធ្វើការងារដាំដុះឲ្យបានឆាប់ហើយ យើងមានមន្ទីរកសិកម្មជួយគាំទ្រសព្វបែបយ៉ាង ខ្ញុំសូមសំណូមពរដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ទាំងមូលសូមមេត្តារួសរាន់ទៅកាន់ទីស្រែទៅកាន់ចំការរបស់យើងដើម្បីសាបព្រោះដកស្ទូងឲ្យទាន់រដូវកាលតាមអ្វី ដែលជាកត្តាបច្ចេកទេស ឬក៏ជាការអ្វីប្រពលវប្បកម្មតាមការណែនាំរបស់មន្ទីរកសិកម្មខេត្ត ក៏ដូចជាសាលាកសិកររបស់យើងដែលបានបើកផ្សព្វផ្សាយនៅតាមភូមិឃុំជំរុញពង្រីកសក្តានុពលដីរបស់យើងបង្កើនទិន្នផលស្រូវ ដើម្បីបង្កើនប្រាក់ចំណូលឲ្យបានច្រើនចៀសវាងការទៅចំណាកស្រុកចៀសវាងទៅធ្វើការងារនៅខាងក្រៅចៀសវាង ការបោះបង់ចោលដីស្រែរបស់យើង ឲ្យនៅទំនេរជាការខាតបង់មួយដល់ក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ ហើយសង្ឃឹមថារដូវវស្សានេះ ការងារបង្កបង្កើនផល និងសំរេចបានគ្រប់និងលើសផែនការ។

លោក អាន ជន កសិករនៅសង្កាត់សាមគ្គី សំដែងការពេញចិត្តចំពោះសកម្មភាព ចុះចាក់ថ្នាំការពារជំងឺឆ្លងនេះពីព្រោះជាវិធីដ៏ល្អដែលត្រូវការពារល្អជាងព្យាបាលពីព្រោះគោក្របីយើងនេះមានជម្ងឺច្រើនអញ្ចឹងបញ្ហា ដែលយើង ចាក់ថ្នាំនេះគឺជាថ្នាំបង្ការដើម្បីឲ្យសុខភាព គោ ក្របីយើងឲ្យមានសុខភាពល្អ ហើយការបង្ការនេះជាងពេលដែលយើង គោ ក្របីមានជំងឺ ព្រោះកន្លងមកពិបាកណាស់នៅតាមភូមិនិមួយៗ ពេលមានជំងឺព្យាបាលអត់ជាទេ ព្យាបាលមិនទាន់គឺស្លាប់តែម្តង បើយើងប្រើកម្មវិធីដើម្បីបង្ការក្នុងមួយឆ្នាំពីរដង ហើយគោ ក្របីមិនសូវមានជំងឺ ហើយការបង្កបង្កើនផលភាគច្រើនពេលដែលយើងភ្ជួរដីដើមឆ្នាំ ភ្លៀងធ្លាក់ដំបូងម្តងពីរដង ចាប់ផ្តើមឈឺ ដូចជា អុតក្តាម ហើមពោះ ផ្សាខ្យល់ ហើយពេលដែលព្យាបាលមិនទាន់ពីបីថ្ងៃហ្នឹងស្លាប់តែម្តង។

សូមបញ្ជាក់ថា នេះជាលើកទីបីហើយផ្នែកបសុព្យាបាលសត្វរបស់មន្ទីរកសិកម្មបានចុះចាក់ថ្នាំការពារ ជំងឺគោ ក្របីនៅតាម ភូមិ ឃុំជូនកសិករ ក្នុងនោះមានជំងឺសារទឹក គោ សំរេចបានចំនួន៣៦៨៤ ក្បាល ក្របីចំនួន ៥៥៧៦ក្បាល ជំងឺមូសខ្យល់គោបានចំនួន១៣៥ក្បាល ក្របីចំនួន១០៩ក្បាល និងចាក់ថ្នាំព្យាបាលបានគោ ៤១៧ ក្បាល ក្របី៤៦៥ក្បាល និងជ្រូកបានចំនួន៦៣៨ក្បាលផងដែរ ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់