ស្រុកស្ទឹងត្រង់បូកសរុបរបាយការណ៍ឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥

កំពង់ចាម ០៥ មករា ២០១៥៖ ដើម្បីធ្វើការបូកសរុបការងារសម្រាប់ឆ្នាំ២០១៤ និងលើកទិសដៅថ្មីសម្រាប់ឆ្នាំ២០១៥ សាលាស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ មានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ឆ្នាំ២០១៤ និងទិសដៅ ឆ្នាំ២០១៥…

កំពង់ចាម ០៥ មករា ២០១៥៖ ដើម្បីធ្វើការបូកសរុបការងារសម្រាប់ឆ្នាំ២០១៤ និងលើកទិសដៅថ្មីសម្រាប់ឆ្នាំ២០១៥ សាលាស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ មានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ឆ្នាំ២០១៤ និងទិសដៅ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ។

 

លោក កៅ ប៊ុនណាត អភិបាលស្រុកស្ទឹងត្រង់ បានអានរបាយការណ៍ប្រចាំឆ្នាំ២០១៤  ដោយបានបញ្ជាក់ថា ស្រុកស្ទឹងត្រង់ មានបទល្មើសព្រហ្មទណ្ឌកើតឡើង ១២លើក ធៀបទៅនឹងឆ្នាំ២០១៣ កើនឡើង ២លើក ក្នុងនោះបទឧក្រិដ្ឋ ២លើក បទល្មើសមជ្ឈិម ០៩លើក មនុស្សស្លាប់ ០៤នាក់ សមត្ថកិច្ចធ្វើការបង្ក្រាបបាន ១៤ករណី បង្ក្រាបជាក់ស្ដែង ១១ករណី បង្ក្រាបតាមដីកា ០៣ដីកា និងចាប់ខ្លួនបាន ០៣នាក់ បញ្ជូនសំណុំរឿងចំនួន ១២ករណី ។ សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់កើតឡើង ៣០លើក ប្រៀបធៀបទៅនឹងឆ្នាំ២០១៣ កើនឡើង ១១លើក ក្នុងនោះគ្រោះថ្នាក់រចរាចរ ១៥លើក អគ្គីភ័យ ០២លើក ធ្វើអត្តឃាត ០២លើក ឆក់ខ្សែភ្លើង ០១លើក លង់ទឹក ០៦លើក ពស់ចឹក ១លើក និងរលំផ្ទះ ០៣លើក ។ 

 

ករណីខាងលើនេះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១១នាក់ របួស ២៣នាក់ ខូចម៉ូតូ ១៤គ្រឿង និងរលំផ្ទះ ០៣ខ្នង ។ ដោយឡែក លទ្ធផលការងារបង្កបង្កើនផល គឺស្រូវវស្សាបានភ្ជួររាស់សរុបចំនួន ៧.៥៦០ហ.ត សន្ទូង និងពង្រោះ ៧.៥៦០ហ.ត ស្មើនឹង ១០០% នៃផែនការ ក្នុងនោះស្រូវបង្កើនរដូវបាន ៥៦០ហ.ត ស្រូវធ្ងន់ ៤.៦៦០ហ.ត ស្រូវកណ្ដាល ៤.៣៤០ហ.ត និងស្រូវធ្ងន់ ២.៦៦០ហ.ត នៃផែនការ ។ រីឯដំណាំរួមផ្សំវិញមាន ពោត ២៥០ហ.ត ដំឡូងឈើ ១៣.៥០០ហ.ត ដំឡូងជ្វា ៨០ហ.ត សណ្ដែកបាយ ១៥០ហ.ត ល្ង ៣.២០០ហ.ត អំពៅ ៦៧ហ.ត បន្លែ ៥០០ហ.ត ម្រេច ១៥ហ.ត និងថ្នាំជក់ ៧៥០ហ.ត ។ ទន្ទឹមនឹងនោះដែរ របាយការណ៍ក៏បានបង្ហាញអំពីសកម្មភាពនានា របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងលទ្ធផលនានាព្រមទាំងសេចក្ដីសន្និដ្ឋាន និងទិសដៅ សម្រាប់អនុវត្តបន្តនៅក្នុង ឆ្នាំ២០១៥ ផងដែរ ។

 

ឯកឧត្ដម ហ៊ុន ណេង បានលើកសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក្នុងការដឹកនាំចាត់ចែង អនុវត្តរាល់ទិសដៅភារកិច្ច ដែលថ្នាក់ដឹកនាំបានប្រគល់ជូន ។ ឯកឧត្ដមមានប្រសាសន៍ថា ថ្វីត្បិតតែ លទ្ធផលដែលយើងបានអនុវត្តទទួលបានជោគជ័យក៏ពិតមែន តែចំពោះមុខ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តបន្ថែមទៀត ជាពិសេស ការជ្រើសរើសយកបទពិសោធន៍ល្អៗ និងបញ្ហាប្រឈមនានា ដែលបានជួបប្រទះនៅមូលដ្ឋាន មកវិភាគឲ្យបានហ្មត់ចត់ គ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញជាទិសដៅប្រកបដោយប្រសិទ្ធភាព ។ ឯកឧត្ដម ហ៊ុន ណេង ក៏បានផ្ដាំផ្ញើចំពោះ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងស្ថិរភាពនយោបាយ សន្តិសុខសង្គម បង្កាទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសជុំវិញការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។ 

 

ក្នុងនោះដែរ ក៏ត្រូវខិតខំពង្រឹងការទទួលខុសត្រូវរបៀបរបបការងារ សមត្ថភាពដឹកនាំ ភាពស្អាតស្អំ លុបបំបាត់រាល់បាតុភាព ពុករលួយ គ្រួសារនិយម ដើម្បីបង្កើនជំនឿរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ។ រីឯក្រុម ប្រឹក្សាឃុំនីមួយៗ សមត្ថកិច្ចគ្រប់មូលដ្ឋាន ត្រូវខិតខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង ។ ទន្ទឹមនឹងនោះ ក៏ត្រូវ ជំរុញការងារបង្កបង្កើនផលទាំងរដូវវស្សា និងរដូវប្រាំង ព្រមទាំងដំណាំរួមផ្សំឲ្យបានមាំមួន ដើម្បីឈានទៅសម្រេចឲ្យបាននូវផែនការដែលបានកំណត់ ដើម្បីម្ចាស់ការទៅលើបញ្ហាស្បៀង និងការនាំចេញ ៕ ដោយ៖ សារ៉ាត

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ចាម

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់