ប្រកាស​​បើក​ជា​ផ្លូវការ​​ដាក់​ឱ្យ​ដំណើរការ​គម្រោង​សាកល្បង​សង្គហ​ទាន​សង្គម ដើម្បី​សុខភាព និង​អាហារូបត្ថម្ភ​មាតា ​និង​កុមារ

សៀមរាប ១២ ឧសភា ២០១៥៖ ” ភាពប្រសើរនៃអាហារូបត្ថម្ភ គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍គ្រប់វិស័យ”  និង ” ការវិនិយោគលើអាហារូបត្ថម្ភចំពោះម្ដាយ និងកុមារគឺជាការវិនិយោគសម្រាប់សុខភាពរបស់ប្រទេសទាំងមូល”។ នេះជាប្រសាសន៍របស់ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ…

សៀមរាប ១២ ឧសភា ២០១៥៖ ” ភាពប្រសើរនៃអាហារូបត្ថម្ភ គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍គ្រប់វិស័យ”  និង ” ការវិនិយោគលើអាហារូបត្ថម្ភចំពោះម្ដាយ និងកុមារគឺជាការវិនិយោគសម្រាប់សុខភាពរបស់ប្រទេសទាំងមូល”។ នេះជាប្រសាសន៍របស់ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងពិធីប្រកាសបើកជាផ្លូវការគម្រោងសង្គហទានសង្គម ដើម្បីសុខភាព និងអាហារូបត្ថម្ភ និងកុមារ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ នៅសាលាស្រុកស្រីស្នំ ខេត្តសៀមរាប។

 

ឯកឧត្ដម ងី ច័ន្ទ្រផលមានប្រសាសន៍បន្ថែមថា កង្វះអាហារូបត្ថម្ភនៃកុមារ និងម្ដាយនឹងធ្វើឱ្យរាំងស្ទះដល់ការលូតលាស់របស់កុមារ បាត់បង់ការរៀនសូត្រ និងបាត់បង់ឱកាសមួយជីវិត។ កង្វះអាហារូបត្ថម្ភក្នុងវ័យដំបូងរបស់កុមារ ពិសេសក្នុងពេល១០០០ថ្ងៃដំបូងនៃជីវិត មិនត្រឹមតែប៉ះពាល់ដល់សុខភាព និងអត្រាមរណៈកុមារទេ ប៉ុន្តែវាប៉ះពាល់ដល់ការរីតលូតលាស់នៃកាយសម្បទា សតិបញ្ញា និងការសិក្សាអប់រំ និងផលិតភាពពេលអនាគតរបស់កុមារ ដែលនឹងជាផលវិបាកប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃប្រទេសទាំងមូល។

 

រាជរដ្ឋាភិបាលកម្ពុជាបានអោយតម្លៃខ្ពស់លើសារប្រយោជន៍នៃអាហារូបត្ថម្ភ ហើយបានចាត់ទុកការលើកកម្ពស់ការគាំពារសង្គម សន្តិសុខស្បៀង និងអាហារូបត្ថម្ភគឺជាកត្តាចាំបាច់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ហើយគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាច្រើនត្រូវបានដាក់ឱ្យអនុវត្តសំដៅលើកកម្ពស់អាហារូបត្ថម្ភសម្រាប់មាតា និងកុមារឱ្យកាន់តែប្រសើរឡើង។

 

ទោះយ៉ាងគម្រោងដូចជាគម្រោងសង្គហទានសង្គម គឺជាគម្រោងរបស់រាជរដ្ឋាភិបាលដែលមានការឧបត្ថម្ភគាំទ្រថវិកាដោយធនាគារពិភពលោក ក្នុងការជួយគាំទ្រមាតា និងទារកក្នុងការលើកកម្ពស់សុខុមាលភាព និងអាហារូបត្ថម្ភ។ ស្ត្រីមានផ្ទៃពោះ និងកុមារនៅទីជនបទអាយុក្រោម៥ឆ្នាំ ព្រមទាំងជនងាយរងគ្រោះស្ថិតក្នុងគម្រោងនេះ នឹងទទួលបានប្រាក់៥ដុល្លារប្រចាំខែ និងប្រាក់រង្វាន់លើកទឹកចិត្តចំនួន០៧ប្រភេទផ្សេងទៀត។

 

ដើម្បីអាចទទួលយកផលប្រយោជន៍ ក្រុមគោលដៅទាមទារអោយអនុវត្តតាមលក្ខខ័ណ្ឌមួយចំនួនដូចជា៖ ត្រូវទៅពិនិត្យសុខភាពផ្ទៃពោះ ទៅសម្រាលកូននៅមន្ទីរពេទ្យ ចូលរួមវគ្គណែនាំពីសុខភាព អាហារូបត្ថម្ភនិងអនាម័យ និងត្រូវទៅចុះបញ្ជីជាតិ កំណើតដល់កូនៗដែលកើតមកជាដើម។ល។

 

គួរបញ្ជាក់ថា គម្រោងសង្គហទានសង្គម ដើម្បីសុខភាព និងអាហារូបត្ថម្ភមាតា និងកុមារ ត្រូវបានសហការអនុវត្តដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប ជាស្រុកគោលដៅសម្រាប់អនុវត្តគម្រោងសាកល្បងនេះ។

 

រដ្ឋបាលស្រុកគោលដៅ ក្រោមជំនួយពីធនាគារពិភពលោក ក្នុងគោលបំណងជួយបង្កើនការប្រើប្រាស់សេវាសុខភាពរបស់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំ និងលើកកម្ពស់ភាពងាយស្រួលនៃយន្តការផ្ដល់នូវប្រព័ន្ធគាំពារសង្គម។ ក្នុងជំហានដំបូងនេះ មានប្រជាពលរដ្ឋក្រីក្រដែលជាស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ៥ឆ្នាំចំនួន១.៥៥៥នាក់រស់នៅក្នុងគ្រួសារចំនួន១.២៩៦ បានចុះបញ្ជី ដែលក្នុងនោះមានស្រ្តីមានផ្ទៃពោះចំនួន១១៩នាក់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់