វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប អាណត្តិ​ទី​២ ឆ្នាំ​២០១៥ នៅ ស្រុក​បន្ទាយស្រី

សៀមរាប ២១ ធ្នូ ២០១៥៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្តបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្ដមនូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដមស៊ិន រុន អភិបាលរងខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា គណៈអភិបាល តំណាងមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមកពីស្រុកបន្ទាយស្រី ស្រុកអង្គរជុំ និង ស្រុកវ៉ារិន ប្រមាណជាង៦០០នាក់។

សៀមរាប ២១ ធ្នូ ២០១៥៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្តបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្ដមនូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដមស៊ិន រុន អភិបាលរងខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា គណៈអភិបាល តំណាងមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមកពីស្រុកបន្ទាយស្រី ស្រុកអង្គរជុំ និង ស្រុកវ៉ារិន ប្រមាណជាង៦០០នាក់។

 

វេទិកានេះមានគោលបំណង ដើម្បីផ្ដល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបានមកពីស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈមដែលកើតកន្លង ហើយវេទិកានេះនឹងផ្ដល់ឱកាស ក្នុងការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្ដែងក្នុងមូលដ្ឋានខ្លួន។

 

មានប្រសាសន៍បើកអង្គវេទិកានោះ ឯកឧត្ដម នូ ផល្លា ដោយបានគូសបញ្ជាក់នូវគោលបំណងសំខាន់ៗ ក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក បញ្ហាប្រឈម និង អំពីបញ្ហាអាទិភាពនៃការអភិវឌ្ឍរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់ និង ផ្ដល់ឱកាសជូនប្រជាពលរដ្ឋក្នុងការផ្ដល់យោបល់ ការពិភាក្សាលើខ្លឹមសារ និងរបាយការណ៍ ព្រមទាំងទទួលយកនូវអនុសាសន៍ សំណូមពររបស់ ប្រជាពលរដ្ឋ ដើម្បីពិនិត្យ ពិភាក្សា ដោះស្រាយ និង ជំរុញឲ្យមានការចូលរួម និង បង្កើនភាពស្និទ្ធស្នាលរវាងអ្នកផ្ដល់សេវាសាធារណៈ ឲ្យកាន់តែមានភាពល្អប្រសើរឡើង។

 

បន្ទាប់ពីសមាជិកក្រុមប្រឹក្សាខេត្តធ្វើការអាននូវបទបញ្ជាផ្ទៃក្នុង និង បង្ហាញពីតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សា និងទិដ្ឋភាពរួមនៃការអភិវឌ្ឍន៍នៅដែនសមត្ថកិច្ចឆ្នាំ២០១៥ ឯកឧត្ដម ស៊ិន រុន អភិបាលរងខេត្តសៀមរាបបានពីសមិទ្ធផល និង បញ្ហាប្រឈមក្នុងឆ្នាំ២០១៥ផងដែរ។

 

តាមរយៈវេទិកានេះ សមាជិកអង្គវេទិកាបានលើកឡើងពីទុក្ខកង្វល់របស់ពួកគាត់នៅតាមមូលដ្ឋាន ដោយផ្ដោតទៅលើបញ្ហាដីធ្លីនៅតំបន់រុនតាឯកជាមួយអាជ្ញាធរជាតិអប្សរា បញ្ហាការងារសន្តិសុខ សុវត្ថិភាព អំពីការបង់ពន្ធដារ បញ្ហាបរិស្ថាន អនាម័យមូលដ្ឋាន និង ការសុំឲ្យមានអគ្គិសនីនៅស្រុកបន្ទាយស្រី ព្រមទាំងការសុំ កាន់កាប់ដីព្រៃសល់ពីការកាត់ឆ្វៀលរបស់យុវជននិស្សិតស្ម័គ្រចិត្តទៀតផង។

 

ក្នុងនោះដែរក្រុមវាគ្មិនយើងបានធ្វើការបកស្រាយបំភ្លឺរបស់បណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ បានចំនួន ១៦សំណួរ និង សំណូមពរ និង ការលើកនូវសំណួរ និងសំណូមពរ របស់សមាជិកអង្គវេទិកាដែលបានសរសេរដាក់ប្រអប់បានមាន២៣ សំណួរ និង សំណូមពរផងដែរ។

 

មានមតិបូកសរុបនិងបិទអង្គវេទិកានេះឯកឧត្ដម នូ ផល្លា ក៏បានធ្វើការថ្លែងអំណរគុណ ដល់បងប្អូនដែលបានចំណាយពេលចូលរួមក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ដែលបានយល់ដឹងកាន់តែច្បាប់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ។

 

ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានគូសបញ្ជាក់ថា នេះជាកម្លាំងចលករជំរុញឲ្យការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខឥតឈប់ឈរ ហើយក៏ជាកាយវិការដ៏ប្រពៃសំដៅធ្វើឲ្យថ្នាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឫសយ៉ាងជ្រៅ នៅតាមសហគមន៍មូលដ្ឋានរបស់យើង។ ព្រឹត្តិការណ៍នាថ្ងៃនេះ វាក៏ជាយន្តការមួយ ក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋាន។ អង្គវេទិកាក៏សូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តសៀមរាប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់