សម្ដេច​ក្រឡាហោម៖ បើ​ថ្នាក់​ជា​តិ​មិន​ផ្ដល់​អំណាច​ឱ្យ​ថ្នាក់​ក្រោម​ជាតិ ការងារ​មិន​ដំណើរការ​រលូន​ទេ

សៀមរាប ២៩ ធ្នូ ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានលើកឡើងថា «នៅមានមន្រ្តីជាន់ខ្ពស់ក្រសួងមួយចំនួន នៅតែមិនព្រមផ្តល់អំណាចមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាហេតុធ្វើឱ្យការងារនៅថ្នាក់ក្រោមជាតិមួយចំនួន មិនទាន់ដំណើរការទៅរលូននៅឡើយទេ»។

សៀមរាប ២៩ ធ្នូ ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានលើកឡើងថា «នៅមានមន្រ្តីជាន់ខ្ពស់ក្រសួងមួយចំនួន នៅតែមិនព្រមផ្តល់អំណាចមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាហេតុធ្វើឱ្យការងារនៅថ្នាក់ក្រោមជាតិមួយចំនួន មិនទាន់ដំណើរការទៅរលូននៅឡើយទេ»។

 

សម្តេចបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចំា២០១៦ និងលើកទិសដៅបន្តឆ្នំា២០១៧ របស់សាលាខេត្តសៀមរាប ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តសៀមរាប។

 

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា តាមគោលនយោបាយកំណែទម្រង់របស់ រាជរដ្ឋាភិបាល គឺបានផ្តល់អំណាយមកដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្កភាពងាយ ស្រួលដល់ថ្នាក់ក្រោមជាតិ ធ្វើការងារបានលឿននិងមានប្រសិទ្ធភាព ដែលគោលនយោបាយនេះ បានធ្វើឱ្យវិស័យមួយចំនួនធំបានដំណើរការទៅរលូន និងមានភាពរីកចម្រើន។

 

សម្ដេចក្រឡាហោមបានបន្ដថា ប៉ុន្តែក៏នៅមានវិស័យមួយចំនួនមិនទាន់ដំណើរការទៅរលូនដែរ ដោយសាតែមន្រ្តីជាន់ខ្ពស់ក្រសួងមួយចំនួន នៅមិនព្រមផ្តល់អំណាច មកថ្នាក់ក្រោមជាតិរបស់ខ្លួននៅឡើយ។

 

សម្តេចក្រឡាហោមបានបន្ថែមថា កន្លងមកមានករណីមួយចំនួន បានកើតឡើងនៅតាមបណ្តាខេត្ត ដោយសារតែថ្នាក់លើមិនព្រមផ្តល់អំណាចមកថ្នាក់ក្រោមជាតិ ដូចជាក្នុងករណីការតែងតំាង ប្រធានមន្ទីរមួយ តាមគោលការណ៍គឺគណៈអភិបាលខេត្ត បានប្រជុំពិភាក្សាគ្នាក្នុងការជ្រើសរើសបេក្ខជន ដែលមានសមត្ថភាព និងការងារល្អ ហើយដាក់ជូនក្រុមប្រឹក្សាខេត្តសម្រេច រួចដាក់ជូនទៅក្រសួងសាមី ដើម្បីសម្រេចធ្វើការតែងតាំង។

 

ប៉ុន្តែជាការឆ្លើយតបឃើញថា មានក្រសួងមួយចំនួនមិនព្រមតែងតាំងមន្រ្តី ដែលគណៈអភិបាលខេត្តបាន ស្នើសុំនោះទេ បែរជាទៅតែងតាំងមន្រ្តីផ្សេងមកជំនួសវិញ ដែលបញ្ហានេះហើយបង្ហាញឱ្យឃើញថា ក្រសួងទំាងនោះនៅតែមិនព្រមផ្តល់ អំណាចមកថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យការងារនៅថ្នាក់ក្រោមជាតិទៅលើវិស័យមួយ ចំនួននៅមិនទាន់ដំណើរការរលូន។

 

សម្តេចក្រឡាហោមក៏បានជំរុញឱ្យអភិបាលខេត្តសៀមរាប ត្រូវតែខិតខំធ្វើការងារ ផ្តល់សេវាកម្មជូន ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ហើយត្រូវតែបង្កើនការបង្រ្កាប ការចរាចរគ្រឿងញៀន និងបទល្មើសព្រៃឈើឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់