អភិបាល​ខេត្ត​សៀមរាប ​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​៣​ខ្សែ ក្នុង​ក្រុង​

"

សៀមរាប ១៦ មីនា ២០១៥ ៖ អាជ្ញាធរខេត្តសៀមរាប បានចុះពិនិត្យការដ្ឋានផ្លូវកែលម្អក្នុងក្រុងចំនួន ៣ខ្សែ និងផ្លូវមួយខ្សែតាមមាត់ស្ទឹង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥…

សៀមរាប ១៦ មីនា ២០១៥ ៖ អាជ្ញាធរខេត្តសៀមរាប បានចុះពិនិត្យការដ្ឋានផ្លូវកែលម្អក្នុងក្រុងចំនួន ៣ខ្សែ និងផ្លូវមួយខ្សែតាមមាត់ស្ទឹង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។

 

ការចុះពិនិត្យការដ្ឋាននេះដឹកនាំដោយឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប រួមដំណើរជាមួយមន្រ្តីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរដ្ឋបាលខេត្តសៀមរាប។

 

ក្នុងការចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ សំខាន់អាជ្ញាធរក្រុងសៀមរាប ត្រូវធ្វើការរៀបចំរាល់សំណង់ដែលសាងសង់នៅតាមមាត់ស្ទឹង ហើយដែលបានបោះចោលកាកសំណល់ផ្សេងៗចូលទៅក្នុងស្ទឹង ពិសេសកន្លែងស្តុកទំនិញអេតចាយដែលនៅនឹងមាត់ស្ទឹង ធ្វើឲ្យប៉ះពាល់សោភ័ណ្ឌភាពស្ទឹង និងធ្វើឲ្យកាកសំណល់ទាំងនោះបានហូរអណ្តែតទៅតាមខ្សែទឹកស្ទឹង ធ្វើខូចសោភ័ណ្ឌ ភាពទឹកស្ទឹងផ្នែកខាងក្រោម។ លោកអភិបាលខេត្តក៏បានស្នើឲ្យដឹកជញ្ជូនសំរាមទាំងនោះចេញឲ្យអស់ជាប្រញាប់។

 

ក្នុងនោះឯកឧត្តម លោកឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំដល់ក្រុមអ្នកម៉ៅការធ្វើផ្លូវ ត្រូវរៀបចំបន្តធ្វើប្រព័ន្ធបង្ហូរទឹកអមសង្ខាងផ្លូវរបស់អាជ្ញាធរអប្សរាដោយធ្វើការស្តារនិងរៀបចំឡើងវិញ នូវប្រព័ន្ធបង្ហូរទឹកភ្លៀងឲ្យបានល្អ ក្នុងនោះប្រព័ន្ធបង្ហូរទឹកភ្លៀងដែលចូលទៅស្ទឹង ត្រូវរៀបចំឡើងវិញឲ្យបានល្អស្អាតផងដែរ ។

 

ក្រុមប្រតិភូបានបន្តដំណើរធ្វើការត្រួតពិនិត្យការដ្ឋានពង្រីកផ្លូវ០៧មករា(ផ្លូវវិទ្យាល័យអង្គរ) ដែលមានប្រវែង ២ពាន់២៥០ ម៉ែត្រ និង ផ្លូវលោកតាណឺយ ប្រវែង ២ពាន់៦០០ម៉ែត្រ និងកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចផ្លូវ៦០ម៉ែត្រ មកដល់គល់ស្ពានថ្មព្រះរាជដំណាក់ ដែលមានប្រវែង ៣ពាន់១០០ម៉ែត្រ ។ ឆ្លងតាមការបង្ហាញរបស់ក្រុមវិស្វករ និងអ្នកបច្ចេកទេសក្នុងការស្ថាបនាដាក់លូបង្កប់ក្រោមដី ក្នុងការរំដោះទឹកភ្លៀង ទឹកកខ្វក់នៅតាមបណ្តោយផ្លូវ៧មករា និងបញ្ហាផលប៉ះពាល់បណ្ដាញប្រព័ន្ធអគ្គិសនីកប់ក្រោមដី និងលើអាកាសព្រមទាំងប្រព័ន្ធទឹកស្អាតផងដែរ ដោយបង្កើនល្បឿនធ្វើអោយរួចរាល់មុនថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិ ដើម្បី សម្រួលការស្ទះចរាចរណ៍។

 

ចំពោះផ្លូវលោកតាណឺយអាជ្ញាធរខេត្ត បានធ្វើការពង្រីកទៅតាមការកំណត់របស់ក្រសួងសាធារណការនិងដឹកជញ្ជូនព្រមទាំងបានធ្វើការបង្កប់ក្រោមដី លូក្រោមដីរួចរាល់ហើយផងដែរ ។លោកក៏បានសង្កត់ធ្ងន់ចំពោះរាល់ប្រព័ន្ធខ្សែកាបគ្រប់ប្រភេទ ដែលបានដាក់ឆ្លងកាត់ផ្លូវអាជ្ញាធរខេត្ត គឺមិនអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការដាក់ពង្រាយលើអាកាសឆ្លងកាត់ផ្លូវឡើយ គឺត្រូវធ្វើការបង្កប់អូសនៅក្រោមដីទាំងអស់។

 

ចំពោះបណ្ដាញខ្សែមេភ្លើងអង្គភាពអគ្គិសនីត្រូវរួមសហការជាមួយមន្ទីរ សាធារណការខេត្ត ធ្វើការជីកបង្កប់ឲ្យត្រឹមត្រូវទៅតាមបច្ចេកទេស  ដើម្បីធ្វើឲ្យសោភ័ណភាពភាពក្រុងកាន់តែមានសណ្ដាប់ធ្នាប់ និង ស្រស់ត្រកាលឡើង។

 

ម្យ៉ាងទៀតផ្លូវលោកតាណឺយមានទំហំប៉ុនគ្នានឹងផ្លូវជាតិលេខ៦នេះផងដែរ ហើយផ្លូវលោកតាណឺយនិងផ្លូវ៧មករាមានប្រវែងសរុប៤ពាន់៨៥០ម៉ែត្រដែលជាគម្រោងថវិកាសាងសង់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនហើយកំណាត់ផ្លូវជាតិលេខ៦នេះមានប្រវែង៣ពាន់១០០ម៉ែត្រដែលជាគម្រោងថវិកាសាងសង់របស់សាលាខេត្តសៀមរាប។ ផ្លូវទាំងនេះមានលក្ខណៈដូចគ្នាក្នុងការរៀបចំដាំកូនឈើពោះទ្រូងផ្លូវបំពាក់ភ្លើងបំភ្លឺពេលរាត្រីហើយភាពជោគជ័យក្នុងពង្រីកផ្លូវទាំងនេះដោយការចូលរួមសហការពីប្រជាពលរដ្ឋផងដែរ។ ក្នុងនោះដែរលោកក៏បានឲ្យដឹងផងដែរអំពីគម្រោងក្នុងការរៀបចំដងស្ទឹងប្រវត្តិសាស្ត្រឲ្យកាន់តែមានភាពស្រស់បំព្រងក្នុងការរក្សានូវកិត្យានុភាពនៃខេត្តដែលទទួលបាននូវរំដួល០៣ទងក្រោមការវាយតម្លៃរបស់ក្រសួងទេសចរណ៍ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត។

 

ក្នុងឱកាសចុះត្រួតពិនិត្យនោះដែរ ក៏មានបើកកិច្ចប្រជុំមួយដើម្បីធ្វើការកំណត់នូវការរៀបចំដាក់ភ្លើងសញ្ញាចរាចរណ៍នៅតាមបណ្តាផ្លូវធំៗបែកជាបួន និងការកំណត់បើកច្រកក្នុងការបញ្ជៀសចរន្តចរាចរណ៍កុំឲ្យកកស្ទះ។ ឆ្លងតាមការបង្ហាញរបស់ក្រុមបច្ចេកទេសនៃមន្ទីរសាធារណការដោយធ្វើការដាក់បន្ថែមនូវភ្លើងសញ្ញាចរាចរណ៍នៅតាមបង្គោលភ្លើងចរាចរណ៍លោកអភិបាលខេត្តក៏សូមឲ្យមន្ទីរជំនាញរក្សាភ្លើងស្តុបទៅតាមរូបសញ្ញាដដែល និងត្រូវបន្ថែមភ្លើងសញ្ញាចរាចរណ៍ព្រមទាំងត្រូវធ្វើការបើកច្រកសម្រួលចរន្តចរាចរណ៍កុំឲ្យកកស្ទះចំនួន២២កន្លែងចាប់ពីចំណុចផ្លូវ៦០ម៉ែត្រលើកំណាត់ផ្លូវជាតិ៦ទៅដល់វិទ្យាល័យសម្តេចឪព្រមទាំងធ្វើការរៀបចំដាំកូនឈើអមសង្ខាងផ្លូវទាំងនោះផងដែរ៕

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់