វគ្គបណ្តុះបណ្តាលស្តីពី ការបញ្ជ្រាបភាពធន់នឹងការប្រែប្រួលអាកាសធាតុ​ទៅក្នុងការរៀបចំ​ផែនការ​និងការ​អនុវត្តគម្រោង

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃពុធ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែ​ឧសភា ឆ្នាំ២០១៨នេះ ក្រុមការងារអនុវត្តគម្រោងជំនួយ​បច្ចេក​ទេស​​​​ការបញ្ជ្រាប​ការប្រែប្រួល​​អាកាសធាតុ​ទៅក្នុង​ផែនការ​អភិវឌ្ឍ​ដល់​រដ្ឋបាល​ថ្នាក់ស្រុក និង​ឃុំ (SPCR) នៃលេខា​​​​​ធិការ​​​​​​​ដ្ឋានគណៈកម្មាធិការជាតិ​សម្រាប់​​ការអភិវឌ្ឍ​តាម​​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បាន​រៀបចំវគ្គ​បណ្តុះបណ្តាលស្តី​ពី ​​​​ការបញ្ជ្រាបភាពធន់នឹង​ការប្រែប្រួល​អាកាស​ធាតុ​ទៅក្នុងការរៀបចំផែនការ​ និងការអនុវត្តគម្រោង​​​​ហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងការប្រែប្រួល​អាកាសធាតុដល់រដ្ឋបាលថ្នាក់ក្រោមជាតិ​ក្រោមមូលនិធិគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃ នៅថ្ងៃពុធ១០រោច និងថ្ងៃ​ព្រហស្បតិ៍​១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ និង១០ ខែ​ឧសភា ឆ្នាំ២០១៨ ​ដោយ​​មានសមាសភាពរដ្ឋបាលថ្នាក់ក្រោមជាតិប្រមាណ ៣០រូបមកពី​១២​​​​​​​​ខេត្តចូលរួមក្នុងនោះ រួមមាន៖ ខេត្តព្រះវិហារ សៀមរាប កំពង់ធំ រតនៈគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កណ្តាល កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង និងខេត្តបាត់ដំបង។

​​ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពីខេត្តព្រៃវែង លោក ឡុង វិសិដ្ឋ អនុប្រធាន​អង្គភាព​គ្រប់គ្រង​ និង​គាំទ្រ​កម្មវិធី​នៃ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​ជានាយក​សម្រប​សម្រួល​​​​​គម្រោង SPCR បានមាន​ប្រសាសន៍​​ស្វាគមន៍​​រដ្ឋបាល​​ថ្នាក់ក្រោម​​ជាតិ​​ទាំងអស់​​ដែល​​បានចូលរួមស្វែង​យល់ និង​​បង្កើនការ​យល់ដឹង​​ពាក់ព័ន្ធនឹងការ​ប្រែប្រួល​អាកាស​​​​ធាតុ​​​​​​​​​​ទៅក្នុង​ការរៀបចំ និងការអនុវត្ត​គម្រោងវិនិយោគ​របស់​រដ្ឋបាល​​ថ្នាក់ក្រោមជាតិ​ក្នុងតំបន់ទីប្រជុំជន និងជនបទ។ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បាន​បន្ត​មាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ ពិភពលោកកំពុង​ផ្តោត​​​ការយកចិត្តទុកដាក់នឹងការប្រែប្រួលអាកាសធាតុ​ ដោយ​​គេ​បានរៀបចំ និងបញ្ចូល​ផែន​ការ​​​​​សកម្មភាព​​​​​​​​បញ្ជ្រាប​ភាព​ធន់​​​​​នឹងការប្រែប្រួលអាកាសធាតុទៅ​ក្នុង​គម្រោង​​អភិវឌ្ឍន៍​នានា​ ពិសេសគឺ ការប្រែប្រួល​អាកាស​​​​​​​​​ធាតុ​​​​​​​​​​​ដែល​​​​​​​​​​​​​​​​​​បង្ក​ផល​ប៉ះ​​ពាល់ដល់ស្រ្តី និងកុមារ។

អនុប្រធាន​អង្គភាព​គ្រប់គ្រង​ និង​គាំទ្រ​កម្មវិធី​នៃ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប​ សង្ឃឹម​យ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹង​ចែករំលែកប​ទ​ពិសោធន៍ការងារ​របស់ខ្លួន​ទៅវិញ​ទៅ​មក​ និងស្វែងយល់ពីវគ្គបណ្តុះបណ្តាលបន្ថែម ដើម្បីយកចំណេះជំនាញ​ទៅបណ្តុះបណ្តាលផ្សព្វ​ផ្សាយ​បន្តក្នុង​​មូលដ្ឋាន​រៀងៗខ្លួន។

ឱកាសនេះដែរ លោក អ៊ុយ សាគុណ នាយករដ្ឋបាលសាលាខេត្តព្រៃវែងបានសម្តែងការរីករាយ និងស្វាគមន៍​ដែល​ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ជ្រើសរើសខេត្ត​ព្រៃវែងជាទីតាំងអនុវត្ត បណ្តុះបណ្តាល​ និងផ្សព្វ​ផ្សាយ​គម្រោងបន្តទៅថ្នាក់មូលដ្ឋាន។ លោកបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ​ពិតជា​មាន​សារៈ​សំខាន់ណាស់ ដោយសាររដ្ឋបាលថ្នាក់ក្រោមជាតិអាចបង្កើនការយល់ដឹង​ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ​​​​​​​​​​ទៅក្នុង​ការរៀបចំ និងការអនុវត្ត​គម្រោងវិនិយោគ​របស់ខ្លួន ដើម្បីឆ្លើយតប​នឹង​​​បញ្ហា​​ប្រឈម​​របស់​​​​​​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកនាយករដ្ឋបាលសាលាខេត្តព្រៃវែង​​ជឿជាក់យ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងក្លាយជាមេរៀន​មូលដ្ឋាន​គ្រឹះ​​ដ៏​​រឹង​មាំ​​​​​​​​ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានសមត្ថភាព​ ដើម្បី​បន្តអនុវត្តនិងផ្សព្វផ្សាយក្នុងថ្នាក់មូលដ្ឋានរបស់​​​​ខ្លួន។​

ក្នុងវគ្គបណ្តុះបណ្តាលនេះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលជាគ្រូបង្គោល​​បានស្វែងយល់មេរៀនសំខាន់ៗពីអ្នកជំនាញ​​បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងនោះ​​​​ រួមមាន៖ លក្ខណៈវិនិច្ឆ័យ​ទូទៅ​សម្រាប់​គម្រោង​​​​​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទដែលធន់នឹងអាកាសធាតុ,​ មូលនិធិបន្ស៊ាំ​នឹងការប្រែប្រួលអាកាសធាតុ, ការ​សិក្សា​​​​បច្ចេក​ទេស​ក្នុង​ការ​​​រៀបចំ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ស៊ាំ​នឹងការប្រែប្រួលអាកាសធាតុ, ដំណើរ​​​ការរៀបចំ និងការពិនិត្យបច្ចេកទេសគម្រោង, គោលការណ៍ណែនាំ​ស្តីពី​​ការ​វិភាគ​​ផល​ប៉ះពាល់បរិស្ថាន​គម្រោង​, នីតិវិធី​លទ្ធកម្ម និងការអនុវត្ត​គម្រោងឃុំ សង្កាត់ ក្រុង ស្រុក​ និង​ឧបករណ៍​ជ្រើសរើស​គម្រោង​​​ទាក់ទង​ និងហានិភ័យ​អាកាសធាតុ​។ សូម​បញ្ជាក់​​ថា​​​​ នេះជាវគ្គបណ្តុះបណ្តាលលើកទីបី​ហើយដែលក្រុមការងារ​​​​​​​​អនុវត្ត​​​គម្រោង SPCR បានរៀបចំវគ្គបណ្តុះបណ្តាល​ក្រោមមូលនិធិគាំទ្រ​ពី​ ADB។ កន្លងទៅ ក្រុម​​​​​ការងារ SPCR បានរៀបចំវគ្គបណ្តុះបណ្តាល​ស្តីពី ការបញ្ជ្រាប​ការប្រែប្រួលអាកាសធាតុ​ និងការកាត់​​បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ទៅក្នុងដំណើរការ​កសាងផែនការ​អភិវឌ្ឍន៍​៥ឆ្នាំនិង​កម្មវិធី​វិនិយោគ​​​​​៣ឆ្នាំ​​រំកិលដល់រដ្ឋបាល​ថ្នាក់ក្រោមជាតិផងដែរ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ​មាន​​​សមត្ថភាព​អនុវត្ត​គម្រោង​ដោយ​​ខ្លួន​ឯង​ផ្ទាល់៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់